ស្រ្តីម្នាក់​ត្រូវបាញ់​ចំក្បាល​និងស្មា​​​បន្ទាប់​​​ពីការ​​​ប្លន់​នៅក្រុង​​ភ្នំពេញ

នគរបាននិយាយកាលពីថ្ងៃច័ន្ទថា ស្រ្តីម្នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរកាលពីយប់មិញ ក្រោយពីត្រូវបាញ់ចំក្បាលនិងស្មាដោយក្រុមចោរប្រដាប់អាវុធដែលសំដៅមកលើនាង ក្នុងពេលដែលនាងចាកចេញពីពិធីជប់លៀងក្នុងក្រុងភ្នំពេញកាលពីល្ងាចកន្លងមក។ នាយបុស្តិ៍នគរបាល លោក ទន់ រ៉ាវី បាននិយាយថា អ្នកស្រី ធៀម រិទ្ធិដិកា អាយុ៣២ឆ្នាំកំពុងតែដើរទៅឡានរបស់នាងជាមួយកូនស្រី អាយុ៣ឆ្នាំ ក្រោយចេញពីពិធីខួបកំណើតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្នុងពេលនោះមានបុរសពីរនាក់បើកម៉ូតូហុងដាស្កុបពីមួយគ្រឿងសំដៅមករកនាង ហើយក៏ដកកាំភ្លើងម៉ាក K៥៤មួយដើម ហើយបង្ខំឱ្យនាងប្រគល់កាបូបរបស់នាង។ លោក រ៉ាវី បាននិយាយថា អ្នកស្រី រិទ្ធិដីកាព្រមឱ្យកាបូបមានលុយ ៣.២០០ដុល្លារនិងទូរស័ព្ទអាយហ្វូន២គ្រឿង ហើយនាងក៏បានរត់ចេញ ប៉ុន្តែចោរម្នាក់បានបាញ់ត្រូវនាងពីរគ្រាប់មួយគ្រាប់ចំស្មា ហើយមួយគ្រាប់ទៀតចំក្បាលខាងក្រោយត្រចៀកខាងឆ្វេង។ កូនស្រីរបស់ជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ចំណែកឯអ្នកស្រី រិទ្ធដិកា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ លោក រ៉ាវី បាននិយាយថា នគរបាលនៅមិនទាន់ស្គាល់អត្តសញ្ញាណចោរនៅឡើយទេ ប៉ុន្តែកំពុងតែស៊ើបអង្កេតករណីនេះ។ លោក ពេង រឿន សនិ្តសុខដែលកំពុងតែយាមនៅម្ខាងផ្លូវ ចំពេលដែលបទល្មើសកើតឡើងបានឃើញការបាញ់ប្រហារនោះ បាននិយាយថា ទោះបីជាមានការឆក់កាបូបកើតឡើងជាធម្មតាក្នុងតំបន់នេះក៏ដោយ ក៏ចោរមិនគួរបាញ់ជនរងគ្រោះទេ ក្រោយពីបានទទួលនូវអ្វីដែលពួកគេចង់បានហើយនោះ។ សន្តិសុខនេះបាននិយាយថា “នាងត្រូវគេភ្ជង់នឹងកាំភ្លើង ហើយនាងក៏ឱ្យកាបូបទៅ ប៉ុន្តែក្រោយមក នាងបានស្រែក អ៊ីចឹងចោរក៏បាញ់នាងតែម្តង”។សន្តិសុខនេះបាននិយាយបន្ថែមថា ចោរទាំងពីរនាក់ពាក់មួកសុវត្ថិភាព។ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែតដែលបាននិយាយមិនបញ្ចេញឈ្មោះ ព្រោះលោកមិនមានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មានបាននិយាយថា អ្នកស្រី រិទ្ធិដិកា កំពុងគ្រាន់បើប៉ុន្តែរបួសនាងធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិតនៅពេលអនាគត។ វេជ្ជបណ្ឌិតនេះបាននិយាយថា ទោះបីជាគ្រាប់កំាភ្លើងដែលបាញ់ចំក្បាលនាងមិនធ្លុះដល់ខួរក្បាលក៏ដោយ ក៏វាធ្វើឲ្យប្រេះលលាដ៍ក្បាលរបស់នាងដែរ។ វេជ្ជបណ្ឌិតនេះបាននិយាយថា “ព្រោះនាងប្រេះលលាដ៍ក្បាលនិងមានឈាមកកក្នុងខួរក្បាល នាងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យយ៉ាងតិចប្រាំថ្ងៃដែរ”។ វេជ្ជបណ្ឌិតបាននិយាយបន្ថែមថា “នាងនៅមានជីវិត នាងមិនស្លាប់ទេ ប៉ុន្តែនាងនឹងមានបញ្ហានៅពេលអនាគត។នាងនឹងមានបញ្ហាក្នុងការចងចាំនិងដំណើរការខួរក្បាល”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ស្រ្តីម្នាក់​ត្រូវបាញ់​ចំក្បាល​និងស្មា​​​បន្ទាប់​​​ពីការ​​​ប្លន់​នៅក្រុង​​ភ្នំពេញ appeared first on The Cambodia Daily.