ម៉េច​ចឹ​ង ? បញ្ជា​ឲ្យ​បិទ​វត្ត​អង្គ​ឫស្សី

ខេត្តស្វាយរៀង ៖ ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អង្គ​ឫស្សី​ជា​ច្រើន​នាក់​ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ ​បាន​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​ជូន​លោក​អភិបាលខេត្ត​ សុំ​ឲ្យ​​ជួយ​អន្តរាគមន៍​រឿង​ព្រះ​តេជគុណ ម៉ុំ សយ ព្រះ​មេគណ​ខេត្ត​ស្តីទី បាន​បញ្ជា​ឲ្យ​បិទ​វត្ត ព្រមទាំង​ចាប់​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​សាមណេ​៦​អង្គ​ជម្លៀស​ចេញពី​វត្ត​ទៀត​ផង ។

បើ​តាម​លោក គង់ ពុ​ទ្ធី អាយុ​៦៣​ឆ្នាំ តំណាង​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អង្គ​ឫស្សី​បាន​ឲ្យ​ដឹង​ថា ពុទ្ធបរិស័ទ​បាន​មក​ដាក់​ញត្តិ​ជូន​លោក​អភិបាលខេត្ត ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​ករណី ព្រះ​តេជគុណ មុំ សយ ព្រះ​មេគណ​ខេត្ត​ស្តីទី ដែល​បាន​បញ្ជា​ឲ្យ ព្រះ​អនុគណ​ក្រុង​បា​វិត ព្រះ​នាម ជុំ ច​ន្ថា និង​ព្រះ​តេជគុណ សេក ម៉ៅ សមុហ៍​គណ​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​លោក​អភិបាលរង​ស្រុក​ស្វាយ​ជ្រំ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ទៅ​វត្ត​អង្គ​ឫស្សី កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៦ បម្រុង​ចាប់បង្ខំ​ឲ្យ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អង្គ​ឫស្សី ព្រះ​នាម ភ្លុក សា​ខឿន លាចាក​ស​ក្ខា​បទ​(​ផ្សឹក​) និង​ចាប់​សាមណេ​៦​អង្គ យក​ទៅ​ខេត្តស្វាយរៀង និង​បាន​ប្រកាស​បិទ​វត្ត​មួយ​រយៈ ក៏​ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​ប្រជា​ពុទ្ធបរិស័ទ លោកតា​អាចារ្យ គណៈកម្មការ​វត្ត បាន​មក​រារាំង ការពារ​ព្រះសង្ឃ​ទាំង​៧​អង្គ​ឲ្យ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​សីមា​វត្ត​ដើម្បី​ប្រជា​ពុទ្ធបរិស័ទ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រឿង​ដែល​នាំ​ឲ្យ​មានការ​គំរាម​បិទ​វត្ត​នេះ មូលហេតុ​ដោយសារ​ម្ចាស់​សម្ភារ​សំណង់​ចោទ​ថា ព្រះសង្ឃ​ជំពាក់​ថ្លៃ​សម្ភារ​សាងសង់​កុដិ ឧបដ្ឋានសាលា និង​ព្រះ​វិហារ​កាលពី​ជាង​៣​ឆ្នាំ​មុន ចំនួន​៤៦​លាន​រៀល ក៏​ប៉ុន្តែ​គ្មាន​វិ​ក្ក័​យ​ប័ត្រ​ទេ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក ស៊ុំ សុ​ជាតិ អភិបាលរង​ខេត្ត ទទួល​បន្ទុក​កិច្ចការ​សាសនា បាន​មាន​ប្រសាសន៍​ថា ករណី​ព្រះ​តេជគុណ ម៉ុំ សយ ព្រះ​មេគណ​ខេត្ត​ស្តីទី​បញ្ជា​ឲ្យ​បិទ​វត្ត​អង្គ​ឫស្សី ហើយ​ជម្លៀស​ព្រះសង្ឃ​ចេញពី​វត្ត​ក្នុង​ពេល​គង់​ចាំ​ព្រះ​វស្សា​ដូច្នេះ គឺ​ខុសច្បាប់ ។ ពីព្រោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ភ្លុក សុខ​ខឿន ត្រូវ​បាន​តែងតាំង​ដោយ​សម្តេច​ព្រះសង្ឃ​រាជ្យ ដូច្នេះ​មិន​អាច​ផ្សឹក ឬ​បិទ​វត្ត​ចោល​ត្រឹម​សង្ឃ​ថ្នាក់​ខេត្ត​ឡើយ ។ ម្យ៉ាងទៀត ព្រះ​គ្រូ​ចៅអធិការ​វត្ត ភ្លុក​សុខ​ខឿន គ្មាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​សង្ឃ​ទេ ហើយ​បញ្ហា​ជំពាក់​ថ្លៃ​គ្រឿងសំណង់​នេះ គឺ​ទទួល​ពី​ចៅអធិការ​វត្ត​ចាស់ ដូច្នេះ​លោក​នឹង​កោះហៅ​អ្នក​ពាក់ព័ន្ធ​មក​ដោះស្រាយ មិន​ឲ្យ​ម្ចាស់​គ្រឿងសំណង់​ចេះ​តែ​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​ទេ បើ​ពិនិត្យ​តាម​ផ្លូវច្បាប់​គឺ​គ្មាន​វិ​ក្ក័​យ​ប័ត្រ​មក​សំអាង​ឡើយ ជា​ពិសេស​អ្នកម៉ៅការ​ជា​អ្នក​ទៅ​យក​សម្ភារ ដូច្នេះ​លោក​នឹង​កោះហៅ​មក​ដោះស្រាយ​ឆាប់​ៗ​នេះ ។

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ធម្មការ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដែល​បញ្ជា​ឲ្យ​បិទ​វត្ត​អង្គ​ឫស្សី​នេះ មូលហេតុ​ព្រះ​តេជគុណ មុំ សយ ខ្ញាល់ ថា​គ្រូ​ចៅអធិការ​វត្ត​រឹង​រុះ​មិន​ស្តាប់បង្គាប់​តាម និង​សង​ប្រាក់​ជំពាក់​គ្រឿងសំណង់ បើ​ឡើង​ធ្វើ​ចៅអធិការ​វត្ត ត្រូវ​តែ​ទទួលខុសត្រូវ ៕