ធ្វើ​ម៉េច​ទេ បើ​តុលាការ​គេ​ឯករាជ្យ

ខេត្តមណ្ឌលគិរី ៖ សំណុំរឿង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់ដូរ​ដី​សម្បត្តិ​រដ្ឋ កំពុង​បង្កើត​ឲ្យ​មានការ​ដេញដោល​គ្នា​របស់​ស្ថាប័ន​នគរបាល​ខេត្ត នឹង​ស្ថាប័ន​តុលាការខេត្ត​មណ្ឌល​គិរី លើ​ការ​ដោះ​លែង​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ខណៈ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ កែវ វុ​ទ្ធី និង​បក្ខពួក​ចំនួន​៤​នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តាម​ទី​សាធារណៈ បន្ទាប់​ពី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សម្រេច​ប​ញ្ចូ​ន​ពួក​គេ​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​០១ សីហា ២០១៦ ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​លក់​ដី​ព្រៃ​ការពារ​របស់​រដ្ឋ តែ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៦​។

មហាជន​រស់នៅ​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​០២ សីហា ២០១៦ បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ក្រោយ​ប្រទះ​ឃើញ​ឈ្មោះ កែវ វុ​ទ្ធី និង​បក្ខ​ពួក​កំពុង​ចូល​បរិភោគ​អាហារ​នៅ​អាហារ​ដ្ឋា​ន​មួយ​តាម​ផ្លូវ បណ្តោយ​សួនច្បារ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ថា ពួក​គាត់​ពិតជា​នឹក​ស្មាន​មិន​ដល់ តុលាការខេត្ត​បាន​ដោះ​លែង​បុគ្គល​ខាងលើ​សោះ ព្រោះ​សមត្ថ​កិច្ច​​មាន​ទាំង​ភស្តុ​តាង និង​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ច្បាស់​យ៉ាងនេះ​ហើយ​។

លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​ផុត​ពី​ដែន​សមត្ថកិច្ច​របស់​លោក​ហើយ​។ ស្របគ្នា​នេះ​ដែរ លោក សូរ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌​ខេត្ត ក៏​បាន​ឲ្យ​ដឹង​ថា លោក​នឹង​តាម​ចាប់​ឃាត់ខ្លួន​ជន​ឈ្មោះ កែវ វុ​ទ្ធី នោះ​មក​វិញ​ឲ្យ​ខាន​តែ​បាន​។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ នៅ​ពេល​អនុវត្ត​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​លោក​ជា​អ្នកដឹកនាំ តែ​ដោយ​មាន​ភារៈកិច្ច​ច្រើន លោក​ក៏​បាន​បង្វែង​សំណុំរឿង​មួយ​នេះ ទៅ​លោក ជា សុវណ្ណ​ថេ​ត ជា​អ្នកចាត់ការ​បន្ត​។

ជុំវិញ​ការ​ដោះ​លែង​មេខ្យល់​ជួញដូរ​ដី​ព្រៃរបស់​រដ្ឋ​ខាងលើ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា ជា​ពិសេស​មន្ត្រី​មាន​សមត្ថកិច្ច​ជុំវិញ​ខេត្ត បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត ដែល​បាន​អនុញ្ញាត្ត​ឲ្យ​មានការ​ដោះ​លែង​ជនខិលខូច​សម្បូរ​ប្រាក់​ឲ្យ​មាន​សេរីភាព ខណៈ​ឯកសារ​នានា​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រមូល​គ្រប់​ជ្រុងជ្រោយ​ទៅ​ហើយ​នោះ​។ ចំណែក​មន្ត្រីរាជការ​មួយ​ចំនួន​បាន​និយាយ​រិះគន់​ថា សកម្មភាព​នេះ ហាក់ដូចជា​បាន និង​កំពុង​បំបាក់ស្មារតី នៃ​ការ​បំពេញការងារ​របស់​កម្លាំង​សមត្ថកិច្ច  ព្រោះ​ទម្រាំ​តែ​ស៊ើបអង្កេត​ករណី​មួយ​រឿង​ៗ​ចប់ ត្រូវ​ចំណាយ​ពេលវេលា​មិន​តិច​ឡើយ ប៉ុន្តែ​នៅ​ពេល​ការងារ​ស៊ើបអង្កេត​ត្រូវ​បាន​បញ្ចា​ប់ ហើយ​ប្រគល់​ការងារ​បន្ត​ទៅ​ជូន​ស្ថាប័ន​តុលា​រការ ដើម្បី​សម្រេច​ពី​ការ​ចោទប្រកាន់ ឬ​ដាក់ទោស​យ៉ាងណា​ចំពោះ​ជន​ប្រព្រឹត្ត​ខុសច្បាប់ បែរជា​ជន​ទាំងនោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​​ទៅ​វិញ​។

លោក ជា សុវណ្ណ​ថេ​ត ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត ដែល​បាន​ទទួល​ការងារ​បន្ត​ពី​លោក សូ សុវិទ្យា បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើរ​ទៅ​ប្រធាន​របស់​លោក ដើម្បី​ឲ្យ​មានការ​ឃុំខ្លួន​លើ​បុគ្គល​ឈ្មោះ កែវ វុ​ទ្ធី នឹង​បក្ខពួក ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​ដោះ​លែង​ទៅ​វិញ​។

ចំណែក​លោក​ចៅក្រម សឿ​ន កោសល្យ​មុន្នី អ្នក​កាន់​សំណុំរឿង​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​០២ សីហា ២០១៦ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​។ តែ​អ្នករាយការណ៍​ព័ត៌មាន​នឹង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​បកស្រាយ​បំភ្លឺ​របស់​លោក​ចៅក្រម ចំពោះ​ការ​អនុវត្តន៍​ច្បាប់​ក្នុង​ករណី​ខាងលើ​នេះ ត្បិត​អី​មហាជន​លោក​កំពុង​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​នៃ​ការ​ដោះ​លែង​ជន​ឈ្មោះ​កែវ វុ​ទ្ធី និង​បក្ខពួក​នេះ​។