ចាប់​បុរស​សាហាវ​ឃុំខ្លួន​ក្នុង​ទ្រុង​លួស​បន្លា

ចាប់​បុរស​សាហាវ​ឃុំខ្លួន​ក្នុង​ទ្រុង​លួស​បន្លា



ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​ទាហាន​ម្នាក់​ឈ្មោះ អ៊ិ​ន វឌ្ឍនៈ ហៅ​ទី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុកត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ដោយ​ជាប់ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បង្ក​របួស​ដល់​មន្ត្រី​ទាហាន​ម្នាក់​ផ្សេង​ទៀត​ដែល​កំពុង​តែ​ហូប​បាយ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ទ្រុង​ដែក​បន្លា​លួស ជា​ការ​ព្រមាន​ដែល​ធ្វើ​ខុស​វិន័យ​កងទ័ព ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​ខាងលើ មន្ត្រី​ទាហាន​ឈ្មោះ វឌ្ឍនៈ បាន​អុកឡុក​ទារ​លុយ​ពី​ឪពុក​ម្តាយ​ចំនួន​២០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចាយ​ពេល​ដើរ​លេង តែ​មិន​ត្រូវ​បាន​ម្តាយ​ឲ្យ​នោះ​ទេ ក៏​កើត​ទៅ​ជា​ការ​ក្តៅក្រហាយ បាន​យក​របស់ទ្រព្យ​ក្នុងផ្ទះ​វាយ​បោក​កម្ទេច​ចោល​បណ្តាល​ឲ្យ​ខូចខាត​អស់​ជា​ច្រើន គឺ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ទៀត​ថា មន្ត្រី​ទាហាន​ម្នាក់​ឈ្មោះ ស្វាយ សំខាន់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ដែល​មានផ្ទះ​នៅ​ក្បែរ និង​កំពុង​តែ​ហូប​បាយ​លើ​គ្រែ​ក៏​ត្រូវ​មន្ត្រី​យោធា​នោះ បាន​ស្ទុះ​ទៅ​ចាប់​ក្រៀក​ជាប់​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ​មក​ដី ឈឺ​ពេញ​ខ្លួនប្រាណ ទើបបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មេបញ្ជាការ​ក្នុង​អង្គភាព​ដែល​ឈរជើង​នៅ​ក្នុងភូមិ បាន​បញ្ជា​ឲ្យ​ទាហាន​ផ្សេង​ទៀត​ចាប់​ឈ្មោះ វឌ្ឍនៈ ដាក់​ក្នុង​ទ្រុង​ដែល​រុំ​ទៅ​ដោយ​សំណាញ់​បន្លា​លួស ដែល​ជា​ទ្រុង​សម្រាប់​ដាក់ទោស​ទណ្ឌ​ទាហាន​ណា ដែល​ប្រាសចាក​នឹង​វិន័យ​កងទ័ព ដើម្បី​ជា​ការ​ព្រមាន​ឲ្យ​រាងចាល ។

ដោយសារ​តែ​ទ​ង្វើ​របស់​កូនប្រុស​មិន​អាច​អត់ឱន​ឲ្យ​បាន​នោះ ត្រូវ​បាន​ឪពុក​ម្តាយ​ប្តឹង​មក​សមត្ថកិច្ច​ប៉ូលិស ឲ្យ​មក​យក​ទៅ​កាន់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា កន្លង​មក​មន្ត្រី​ទាហាន​ដែល​បាន​បង្ក​ហិង្សា​ខាងលើ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​ឱ្យធ្វើ​កិច្ចសន្យា​ម្តង​មក​ហើយ ។ លុះ​លើក​ទី​២​នេះ​ទៀត ក៏​មិន​អាច​អត់ឱន​ឲ្យ​បាន គឺ​ត្រូវ​ឪពុក​ម្តាយ​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត ព្រោះតែ​ប្រដៅ​លែង​ស្តាប់ ៕