People’s Daily បង្កើត​សម្ព័ន្ធភាព​រវាង​សារព័ត៌មាន​នៃ​ប្រទេស​នៅតាម​វិថី​សូត្រ​ និពន្ធដោយ : លាង ដឺ​លុច       August-02-2016, 4:21 pm         226

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132People’s Daily បង្កើត​សម្ព័ន្ធភាព​រវាង​សារព័ត៌មាន​នៃ​ប្រទេស​នៅតាម​វិថី​សូត្រ​រូបភាពពី៖​ people’s daily​ប៉េកាំង​-​ចិន​៖ អ្នកកាសែត និង​ម្ចាស់​ក្រុមហ៊ុន​សារព័ត៌មាន​ជាង​២០០​នាក់ មកពី​ប្រទេស​ជាង​១០០ បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​ប៉េកាំង​កាលពីពេល​ថ្មីៗ​នេះ ដើម្បី​ចូលរួម​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​ឆ្នាំ​២០១៦ ស្តីពី​វិថី​សូត្រ​។ វេទិកា​នេះ​ត្រូវបាន​រៀបចំ​ដោយសារ​ព័ត៌មាន People’s Daily​។​

​គោលដៅ​នៃ​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​ដែល​ត្រូវបាន​រៀបចំ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៤​នោះ គឺ​ការ​ឈានទៅ​បង្កើត​សម្ព័ន្ធ​សារព័ត៌មាន និង​លេខាធិការដ្ឋាន​នៃ​វេទិកា​ស្តីពី «​ខ្សៃ​ក្រវ៉ាត់​មួយ និង​វិថី​មួយ​» ( One Belt and One Road Initiative)​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក យ៉ាង ហ្សិ​ន​អ៊ូ (Yang Zhenwu) ប្រធាន​សារព័ត៌មាន People’s Daily នៅ​ថ្ងៃ​បើក​វេទិកា​សារព័ត៌មាន​អន្តរជាតិ​កាលពី​សប្តាហ៍​មុននេះ ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។​

​លោក Yang  Zhenwu បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​វេទិកា​មានបំណង​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុងចំណោម​សារព័ត៌មាន​ដែល​មកពី​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ One Belt and One Road»​។​

​ខ្សែក្រវ៉ាត់​មួយ (One Belt) សំដៅទៅ​លើផ្លូវ​មួយ​ដែល​សណ្តូក​ត​ភ្ជាប់​គ្នា​ពី​ប្រទេស​ចិន​ទៅ​អឺរ៉ុប ដោយ​ឆ្លងកាត់​តាម​អាស៊ី​កណ្តាល​។ ចំណែកឯ វិថី​មួយ (One Road)​វិញ ពាក្យ​នេះ​សំដៅទៅ​លើផ្លូវ​ពាណិជ្ជកម្ម​តាម​ដែនសមុទ្រ​ដែល​សណ្តូក​ពី​ប្រទេស​ចិន​ទៅដល់​ទ្វីបអាហ្វ្រិក ដោយ​កាត់​តាម​ព្រែកជីក​ស៊ុយ​អេ និង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​។​

​គំនិត​ផ្តួចផ្តើម One Belt and One Road ដែល​ត្រូវបាន​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​នៅ​ចុងឆ្នាំ​២០១៣​នោះ គ្របដណ្តប់​លើ​ប្រទេស​ជាង​៦០ ស្មើ​ចំនួន​ប្រជាជន​ជាង​៤,៤​ពាន់​លាន​នាក់​។ គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ មាន​ផែនការ​នយោបាយ​ធំ​ពីរ​គឺ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត (Silk Road Economic Belt) និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ (The 21st Century maritime Silk Road)៕