ស្រែក​ស្ទើរ​លស់​ព្រលឹង ! ស្វា​ចិញ្ចឹម​ធំ​១​ក្បាល​រត់​មក​ខាំ​ក្មេង​២​នាក់

ខេត្តកំពង់ឆ្នាំង ៖ កុមារី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រង់​ចំណុច​រង្វង់​ភ្នែក​ទាំង​សងខាង ចំណែក​កុមា​រា​ម្នាក់​ទៀត​ជា​ប្អូន​បាន​រង​របួសស្រាល ដោយសារ​សត្វ​ស្វា​ធំ​១​ក្បាល​ដែល​គេ​ចិញ្ចឹម​រួច​ពី​ចំណង​រត់​មក​ខាំ​កុមារ​ទាំង​ពីរ​នាក់​បងប្អូន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។

បុរស​ឈ្មោះ រុំ បារាំង អាយុ​២៧​ឆ្នាំ ជា​ឪពុក​កុមារ​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ដែល​រង​របួសធ្ងន់​ដោយសារ​សត្វ​ស្វា​ខាំ មានឈ្មោះ រុំ ចំរើន អាយុ​៦​ឆ្នាំ ចំណែក​កូន​ប្អូន​ឈ្មោះ រុំ មក​រា អាយុ​៣​ឆ្នាំ បាន​រង​របួសស្រាល ។

បុរស​ជា​ឪពុក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ កូន​ៗ​របស់​គាត់​បាន​លេង​ដី​ប្រឡាក់​ខ្លួន ត្រូវ​ម្តាយ​ដេញ​ឲ្យ​ទៅ​ងូតទឹក​ពាង​ក្បែរ​ផ្ទះ ខណៈ​ដែល​កូន​គាត់​ទាំង​២​នាក់​កំពុង​ងូតទឹក​ពាង ស្រាប់តែ​មាន​ស្វា​យ៉ាង​ធំ​១​ក្បាល​បាន​រួច​ពី​ចំណង​ស្ទុះ​មក​លើ​មាត់​ពាង ហើយ​បាន​ខាំ​ក្រ​ញ៉ី​កូនស្រី​គាត់ លើ​ភ្នែក​ទាំង​សងខាង និង​បាន​ខាំ​ដៃ​កូនប្រុស​គាត់​ថែម​ទៀត ស្រប​ពេល​កូន​គាត់​ស្រែក​ឮ​ដល់​គាត់ និង​អ្នក​ជិតខាង​បាន​ស្ទុះ​ទៅ​ជួយ ទម្រាំ​យក​កូនស្រី​គាត់​ចេញ​ស្វា​កំណាច​នោះ​បានកូន​ស្រី​គាត់​បាន​បួស​ធ្ងន់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ គាត់​បាន​យក​កូនស្រី​គាត់​មក​មណ្ឌល​សុខភាព​ស្រុក​កំពង់លែង​មួយ​យប់ ព្រឹក​ឡើង​ដោយសារ​តែ​មុខរបួស​ធ្ងន់ធ្ងរ និង​ណាមួយ​ចង់​ដឹង​ថា តើ​វា​ប៉ះពាល់​ដល់​កែវភ្នែក​ដែរ​អត់​ផង គាត់​ក៏​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ត​ទៀត ។ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត លោកគ្រូ​ពេទ្យ​ផ្នែក​ចក្ខុ​សាស្ត្រ ក្រោយ​ពេល​ពិនិត្យ​គ្រាប់ភ្នែក​បាន​ប្រាប់​ថា ឲ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​១​ថ្ងៃ​២​ថ្ងៃ​សិន ព្រោះ​នៅ​តាមដាន​នៅឡើយ ។

បុរស​ជា​ឪពុក​កុមារី​រង​គ្រោះ​បាន​ប្រាប់​ទៀត​ថា ម្ចាស់​សត្វ​ស្វា​មានឈ្មោះ សុ​ភ័​ណ្ឌ អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ វ័​ន្ត ចាន់​ថា អាយុ​៣៩​ឆ្នាំ បាន​ព្រមព្រាង​គ្នា​ជួយ​ចេញថ្លៃ​ព្យាបាល​កូន​គាត់​ទាំង​២​នាក់​រហូត​ដល់​ជា​សះស្បើយ ចំណែក​សត្វ​ស្វា ក្រោយ​ពេល​កើតហេតុ ត្រូវ​ម្ចាស់​ចាប់​បាន​វ៉ៃ​ងាប់​បាត់​ហើយ ៕