តោះស្វែងយល់​ទាំងអស់គ្នា ការពិត ឬយ៉ាងណា?

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​​នៅ​ប៉ុស្តិ៍​ចោម​ចៅ ​កាលពី​វេលា​ម៉ោង​រសៀល​ថ្ងៃ​ទី​០២ កក្កដា ២០១៦ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​​មក​ដាក់​ពាក្យ​បណ្តឹងថា ​មាន​ក្រុម​ជនសង្ស័យ​ដាក់​សណ្តំ​​លើខ្លួន​ឡើង​វង្វេងវង្វាន់​ ដោយបាន​​ប្រមូល​​​យក​ប្រាក់​កាស់ និង​គ្រឿងអលង្ការ​​​ជា​ច្រើនទៅឱ្យគេ​អស់ពីខ្លួន​ ​​។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​អះអាង​​មាន​គេ​ដាក់​ថ្នាំ​សណ្តំ​នោះ ​​ឈ្មោះ​សម គឹ​ម អាយុ​៤៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​​ក្បែរ​រោងចក្រ QME ក្នុងភូមិ​ព្រៃ​សំរោង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ចថា កាលពី​ម៉ោង​បាយ​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក ខណៈ​ដែល​គាត់​​​ចេញពី​ធ្វើ​ការ​រោង​ចក្រ ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​ផ្ទះ​ជួល​នោះ ក៏​មាន​ក្រុម​ចោរ តែគាត់​​មិន​ចាំ​ថា មាន​ប៉ុន្មាន​នាក់​​នោះ ​បាន​​ដាក់​ថ្នាំ​សណ្តំ​គាត់​ ហើយ​​នាំ​ពួក​ចោរ​​ទាំងនោះ​ទៅ​ដល់​ផ្ទះ​ជួល ។ ពេលទៅដល់ ​​គាត់​​បាន​ប្រមូល​មាន​លុយ​ដុល្លារ​ចំនួន​៣០០​ដុល្លារ​, ប្រាក់​ខ្មែរ​២០​ម៉ឺន​រៀល​, គ្រឿងអលង្ការ​ខ្សែ​.​ក ខ្សែដៃ សរុប​៥​ជី​កន្លះ​ប្រគល់​ទៅ​ឱ្យ​ក្រុម​ចោរ​ទាំងនោះ ។

ស្ត្រី​នោះ​បន្ត​ថា លុះ​ក្រុម​​ចោរ​ទៅ​អស់ គាត់​ចុះពីលើផ្ទះវិញ ​ក៏​ធ្លាក់​ពីលើកាំ​ជណ្តើរ​២-៣​​កាំ បណ្តាល​ឱ្យ​គាត់​ភ្ញាក់​ដឹងខ្លួន​​វិញ តែ​គាត់​ដឹង​ថា មាន​គេ​យក​ទ្រព្យសម្បត្តិ​គាត់​អស់ហើយ ហើយ​ក៏​​ដើរទៅ​រោងចក្រ​វិញ ក៏​សន្លប់​នៅ​ទីនោះ​ រហូត​ដល់​ថ្ងៃ​ទី​០២ សីហា នេះ ទើប​មាន​អាកា​រៈ​ស្រួលខ្លួន​ ​មក​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ស្តាប់​ការ​រៀបរាប់​របស់​ស្ត្រី​ខាងលើ​​នោះ តែ​មិន​ទាន់ជឿ និង​​​កំណត់​បាន​​ថា ជា​ករណី​អ្វី​ពិត​ប្រាកដ​​នោះ​ទេ ព្រោះ​​មាន​កន្លែងខ្លះដូចជាសូវសមទំនង ដែល​ពេល​នេះ ​សមត្ថកិច្ច​កំពុង​សួរនាំ​ស្ត្រី​រូប​នោះ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​​​បន្ត ។