លោក អះម៉ាត់ យ៉ះយ៉ា ស្នើ​​លោក អូស្មាន ហាស្សាន់ ឈប់​ប្ដឹង​លោក​ដើម្បី​កុំ​ឲ្យ​ខាត​សន្លឹក​ឆ្នោត

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​​មួយ​រួប ដែល​កំពុង​ស្ថិត​ក្រោម​បណ្ដឹង​​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ដូចគ្នា ជុំវិញ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ លើ​គម្រោង​ធ្វើ​ផ្លូវ​កាត់​បរិវេណ​វិហារ​បឹងកក់​នោះ ស្នើ​ដើម​បណ្ដឹង​របស់​ខ្លួន​ឲ្យ​ឈប់​ប្ដឹង ដើម្បី​​កុំ​ឲ្យ​ខាត​សន្លឹក​ឆ្នោត​​បក្ស​របស់​ខ្លួន។

រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ដែល​ជាប់​បណ្ដឹង​របស់​​លោក​ឧកញ៉ា អូស្មាន ហាស្សាន់ និង​ជា​​រដ្ឋលេខាធិការ​ក្រសួង​ការងារ ថ្លែង​ក្នុង​សវនាការ មុខ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២ សីហា ថា លោក​សុំ​ទោស​បើ​សិន​សំដី​របស់​លោក​កន្លង​មក ប៉ះពាល់​ដល់​កិត្តិយស​លោក អូស្មាន ហាស្សាន់។

លោក អះម៉ាត់ យ៉ះយ៉ា បន្ត​ដោយ​ស្នើ​ដល់​លោក អូស្មាន ហាស្សាន់ ឈប់​ប្ដឹង​លោក​ត្រឹម​ហ្នឹង​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ ត្បិត​លោក​ជា​ពូ​និង​ក្មួយ​ផង។ មួយ​វិញ​ទៀត លោក​បន្ត​ថា លោក​និង​លោក អូស្មាន ហាស្សាន់ គឺ​ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​តែ​មួយ បើ​ប្ដឹង​ផ្ដល់​គ្នា នាំ​ឲ្យ​ខាត​សំឡេង​ឆ្នោត​ទៅ​ថ្ងៃ​មុខ។

លោក អូស្មាន ហាស្សាន់ បាន​ប្ដឹង​លោក អះម៉ាត់ យ៉ះយ៉ា ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ក្រោយ​ពី​លោក​​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ ស្ដីពី​ការ​ពុះ​ដី​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់​ថា អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ចង់​ធ្វើ​ផ្លូវ​នេះ គឺ​ដែល​ជា​អ្នក​គូរ​ប្លង់​ឲ្យ​ទៅ​សាលា​ក្រុង ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ណា​មួយ។

ក្រោយ​ពី​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​នេះ ដោយ​មាន​តែ​វត្តមាន​មេធាវី​ជំនួស​លោក អូស្មាន ហាស្សាន់ នោះ តុលាការ​នឹង​សម្រេច​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ នៅ​ថ្ងៃ​ទី​១៥ សីហា។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។