អ្នក​ជំនាញ​បរទេស​គ្រោង​​បន្ត​រក​ទំហំ​ទីតាំង​នៃ​កន្លែង​ស្ល​សំរឹទ្ធ​សម័យ​អង្គរ

អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា កំពុង​ចោទ​សួរ​ថា តើ​រូប​ព្រះពុទ្ធ​បដិមា​រូប​ព្រហ្មញ្ញ និង​រូប​ព្រះ​នារាយណ៍ ដែល​ធ្វើ​ពី​លោហធាតុ​សម័យ​បុរាណ ដែល​គេ​រក​​ឃើញ​នៅ​តំបន់​អង្គរ និង​នៅ​ឯ​ប្រាសាទ​មេបុណ្យ​ខាង​លិច ក្នុង​បារាយណ៍​ទឹក​ថ្លា​ជាដើម​នោះ មាន​ប្រភព​ធ្វើ​ចេញ​មកពី​កន្លែង​ណា?

ការ​ចោទ​សួរ​បែប​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា ទាំង​ខ្មែរ និង​បរទេស បាន​ធ្វើ​កំណាយ​រួម​គ្នា​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរ​ធំ ហើយ​បាន​ប្រទះ​ឃើញ​រោង​ជាង​ស្ល​លោហធាតុ​ដ៏​ធំ​មួយ​របស់​សម័យ​អង្គរ ដែល​គេ​អះអាង​ថា ជា​កន្លែង​ស្ល​សំរឹទ្ធិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី-​អាគ្នេយ៍។

​ក្រុម​អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា ឱ្យ​ដឹង​ថា គេ​នឹង​សហការ​ជាមួយ​អ្នក​ជំនាញ​បរទេស​មក​ពី​សកល​វិទ្យាល័យ​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី (Australia) និង​សាលា​បារាំង ​ចុង​បូព៌ា ដើម្បី​ពង្រីក​ការ​ស្រាវជ្រាវ​រក​ទំហំ​ទីតាំង​រោង​ជាង​ស្ល​លោហធាតុ និង​សំរឹទ្ធិ​សម័យ​បុរាណ​ឱ្យ​ច្បាស់​លាស់​ថា តើ​វា​មាន​វិសាលភាព​ប៉ុណ្ណា​ពិត​ប្រាកដ។

គម្រោង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ត​នេះ​ផ្ដួចផ្ដើម​ឡើង បន្ទាប់​ពី​កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​អ្នក​ជំនាញ​មក​ពី​សកល​វិទ្យាល័យ​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី និង​សាលា​បារាំង ចុង​បូព៌ា ជីក​កំណាយ​នៅ​ប៉ែក​ខាង​ជើង​ពី​ប្រាសាទ​ភិមាន​អាកាស​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរធំ ហើយ​រក​ឃើញ​ទីតាំង​រោង​ជាង​ស្ល​លោហធាតុ​សំរឹទ្ធិ​ដ៏​ធំ​មួយ​របស់​សម័យ​អង្គរ។

មន្ត្រី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក ខៀវ ច័ន្ទ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ សកល​វិទ្យាល័យ​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី បាន​ស្នើសុំ​ស្រាវជ្រាវ​អំពី​រោង​ជាង​លោហ​នៃ​សម័យ​អង្គរ ហើយ​បាន​ជីក​កំណាយ​នៅ​ជិត​ប្រាសាទ​ភិមាន​អាកាស ក្បែរ​រាជធានី​បុរាណ។ ក្នុង​ការ​ជីក​កំណាយ​ជម្រៅ​ជិត ២​ម៉ែត្រ ទៅ​ក្រោម គឺ​អ្នក​ជំនាញ​បាន​ប្រទះ​ឃើញ​កាកសំណល់​នៃ​លោហធាតុ​សំរឹទ្ធ និង​ឡ​ស្ល​សំរឹទ្ធិ ដោយ​ចៃដន្យ​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៥០​ម៉ែត្រ​បួន​ជ្រុង។

លោក ខៀវ ច័ន្ទ បញ្ជាក់​ទៀត​ថា មាន​ភស្តុតាង​មួយ​ចំនួន​ដែល​ឱ្យ​អ្នក​ស្រាវជ្រាវ​អាច​អះអាង​ថា ទី​នោះ គឺ​ជា​រោង​ជាងទង និង​ជា​កន្លែង​ស្ល​សំរឹទ្ធ​របស់​សម័យ​អង្គរ៖ «ដែល​យើង​រក​ឃើញ​នៅ​កន្លែង​រោង​ជាង​ហ្នឹង ទី​១ គឺ​ចង្ក្រាន​ដែល​គេ​រំលាយ​លោហ ទី​២ យើង​ឃើញ​មាន​សំណល់ អាចម៍​សំរឹទ្ធ ពេល​ដែល​ស្ល​ទៅ​វា​ពុះ វា​ផុល​ឡើង ដែល​គេ​កៀរ​ចោល ឬ​ក៏​យ៉ាងណា​ម៉េច​នោះ នៅ​រាយប៉ាយ»

​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​អះអាង​ថា តាម​ការ​យក​សំណល់​ដែល​រក​ឃើញ​ពី​កំណាយ​ទៅ​ពិសោធន៍ គឺ​គេ​អាច​ដឹង​ថា រោង​ជាង​ស្ល​សំរឹទ្ធ​សម័យ​បុរាណ​នោះ គឺ​អាច​នៅ​ក្នុង​អំឡុង​សតវត្ស​ទី​១១ ទី​១២ នៃ​គ្រិស្តសករាជ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រមទាំង​បន្ត​រហូត​ដល់​ក្រោយ​រជ្ជកាល​នៃ​ព្រះបាទ​ជ័យវរ្ម័ន​ទៀត។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អ្នក​ជំនាញ​បុរាណវិទ្យា​បាន​រក​ឃើញ​ទីតាំង​ស្ល​សំរឹទ្ធ​សម័យ​បុរាណ​ក៏ដោយ ក៏​ពេល​នេះ​អាជ្ញាធរ​អប្សរា​មិន​ទាន់​មាន​គម្រោង​នឹង​ធ្វើ​អ្វី​មួយ​នៅ​កន្លែង​នោះ​នៅ​ឡើយ​ទេ គឺ​ជា​បណ្ដោះអាសន្ន ត្រូវ​លុប​កន្លែង​នោះ​ទៅ​វិញ៖ «ជា​លក្ខណៈ​បុរាណវិទ្យា​កន្លែង​ហ្នឹង គេ​កាយ​ហើយ គេ​សិក្សា​បាន​ចប់​សព្វ​គ្រប់​អស់​ហើយ គឺ​ទីតាំង​កន្លែង​ត្រង់​នោះ​គេ​លុប​វិញ​ហើយ»

បើ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​ជំនាញ​ខ្មែរ និង​បរទេស នៅ​មិន​ទាន់​ហ៊ាន​អះអាង​ពិតប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​កន្លែង​ស្ល​សំរឹទ្ធ​ដ៏​ធំ​ជាង​គេ​បំផុត​ដែល​គេ​ទើបតែ​ជួបប្រទះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ គឺ​ជា​កន្លែង​ដែល​បាន​សិតរូប​បដិមា​ជា​ច្រើន​ធ្វើ​ពី​លង្ហិន និង​សំរឹទ្ធ​នៅ​ក្នុង​សម័យ​អង្គរ ឬ​ក៏​យ៉ាង​ណា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។