ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ អំពាវនាវ​សុំ​ឲ្យ​សម្តេច​តេ​ជោ​អន្តរាគមន៍

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ព្រែក​តា​ពៅ​ស្ថិត​នៅ ភូមិ​ថ្នា​ញ សង្កាត់​បាទី ចំណុច​ចុង​សំរិត​និង​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ទទួល​រង​ការ​ធុំក្លិន​ស្អុយ​ជះ​ចេញពី​ក្នុង​ទឹក​ព្រែក​តា​ពៅ បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​។ មូលហេតុ​ក្រុមហ៊ុន​បង្ហូរទឹក​ស្អុយ​ចេញពី​រោងចក្រ​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ចូល​ទៅ​ក្នុង​ព្រែក​ធម្មជាតិ (​ព្រែក​តា​ពៅ​)​ធ្វើ​ឲ្យ​ខូច​ទឹក ស្អុយ​ពិបាក​ដកដង្ហើម គ្មាន​ទឹក​ប្រើប្រាស់ ស្រោច​ដំណាំ និង​សត្វ​គោក្របី​ផឹក​ជាង​៥​ឆ្នាំ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​ពិនិត្យ​ដោះស្រាយ​ឡើយ ហើយ​បាន​នាំ​គ្នា​ស្វះស្វែង​រក​បទ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​២ សីហា ២០១៦​។

បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ ប៉ែន ជួង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា រូប​គាត់​កើត​នៅ​ភូមិ​ថ្នា​ញ​ជាប់មាត់​ព្រែក​តា​ពៅ​នេះ ហើយ​រស់នៅ​រហូត​មក​ប្រកប​មុខរបរ​កសិកម្ម និង​រក​ត្រី​ក្នុង​ព្រែក​តា​ពៅ​នេះ​។ ហើយ​កូន​ៗ​បាន​បន្ត​មុខរបរ​របស់​គាត់​រហូត​ដល់​អំឡុង​ឆ្នាំ​២០១២ ចាប់តាំងពី​បង្កើត​រោងចក្រ ហើយ​រោងចក្រ​បាន​បង្ហូរ​កាក​សំណល់​ទឹក​ស្អុយ​ចេញពី​រោងចក្រ ចូល​ក្នុង​ទឹក​ព្រែក​ធម្មជាតិ​ធ្វើ​ឲ្យ​ខូច​ទឹក​ឡើង​ពណ៌​ខ្មៅ មិន​អាច​ប្រើប្រាស់​បាន ងាប់​ត្រី​ធម្មជាតិរ​កលែង​បាន និង​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ពិបាក​ដកដង្ហើម​ប៉ះពាល់​សុខភាព​កូនចៅ ជាង​បួន​ឆ្នាំ​មក​ហើយ គ្មាន​អាជ្ញាធរ​ណា​ដោះស្រាយ​ឡើយ ទើប​ស​ម្រ​ច​ចិត្តរក​អ្នក​សា​ព័ត៌មាន​ចុះ​ផ្សាយ​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ជួយ​អន្តរាគមន៍​ដោះស្រាយ​។

ទាក់ទិន​ការ​បង្ហូរទឹក​ស្អុយ​ចេញពី​រោងចក្រ​ចូល​ព្រែក​ធម្មជាតិ​ជះក្លិន​ស្អុយ​លើ​ប្រជាពលរដ្ឋ​នេះ លោក សេង សិលា អភិបាលក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​កាលពី​ខែកក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ​មក​ហើយ លោក​បាន​រាយការណ៍​ជូន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង​បា​វិត​សុំ​រក​ការ​អន្តរាគមន៍​ទៅ​នាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ឲ្យ​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អាត​មុន​បង្ហូរ​ចូល​ព្រែក​ធម្មជាតិ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​កំពុង​ជីក​ស្រះ​ស្តុក​ទឹក និង​ធ្វើ​អាង​ចម្រោះ​។ 

រីឯ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ក្រុង​បា​វិត​ក៏​បាន​រិះគន់​ទៀត​ថា​នៅ​សង្កាត់​បា​វិត គឺ​គ្មាន​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​ស្អុយ​ទេ ផ្លូវ​ជា​ច្រើន​ក្នុង​ក្រុង​មានទឹក​ស្អុយ​ស្ទះ​លិច​កាត់មុខ​ផ្ទះ​ជះក្លិន​ស្អុយគគ្រុក​មិន​សមជា​ក្រុង​ឡើយ​។ ខ្វះ​ទាំង​ប្រ​ព​ន្ធ័​ទឹក​ស្អាត​និង​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​ស្អុយ​។ ហើយ​ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោកនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២​សីហា​នេះ​៕