វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​ជាង​១៩​លាន​ដុល្លារ ​ និពន្ធដោយ : ថ្មីៗ       August-02-2016, 8:57 pm         8

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​ជាង​១៩​លាន​ដុល្លារ ​វិនិយោគ​ផ្ទាល់​បរទេស​ត្រូវបាន​ប៉ាន់ស្មាន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៩,២៣ លាន​ដុល្លារ​អាមេរិក នៅ​ចុងឆ្នាំ​២០១៤ ។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៃ​ការធ្វើអង្កេត​វិនិយោគ​ផ្ទាល់​បរទេស​ឆ្នាំ​២០១៤ ។ ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ធ្វើការ​អង្កេត​នេះ ហើយ​បាន​ផ្សព្វផ្សាយ​លទ្ធផល កាលពី​ថ្ងៃទី​២៨ ខែកក្កដា​កន្លងទៅ​។​

​បើតាម​លទ្ធផល​នៃ​ការអង្កេត តំបន់​អាស៊ី ជា​ប្រភព​ធំជាងគេ ដែលមាន​ទំហំ​វិនិយោគ​ជិត ៩០ ភាគរយ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​សរុប ដែល​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​កម្មន្តសាល អចលនទ្រព្យ កសិកម្ម វិស័យ​ហិរញ្ញវត្ថុ ថាមពល   សេវាកម្ម​ស្នាក់នៅ និង​ម្ហូបអាហារ ជាដើម​។​

លទ្ធផល​អង្កេត​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ចិន ដែល​រួមមាន​ចិនដីគោក តែ​វ៉ាន់  ហុងកុង និង​ម៉ា​កាវ ជា​ប្រទេស​មានការ​វិនិយោគ​ធំជាងគេ ដែលមាន​សមាមាត្រ​ប្រមាណ ៤៤​ភាគរយ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​សរុប​នៅ​ចុងឆ្នាំ​២០១៤ ខណៈ​ប្រទេស​ប្រទេស​ជា​សមាជិក​អាស៊ាន ឈរ​នៅ​លំដាប់​ទី​២  ដែលមាន​សមាមាត្រ​ប្រមាណ ២២​ភាគរយ​។
​ប្រទេស​វិនិយោគ​សំខាន់ៗ ក្នុង​សមាគមន៍​អាស៊ាន​រួមមាន ប្រទេស​វៀតណាម ម៉ាឡេស៊ី ថៃ និង​សិង្ហ​បុរី លើកលែងតែ​តែ​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​គ្មាន​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ទន្ទឹមនឹង​ការ​ការវិនិយោគ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ព្រុយ​ណេ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។

ដោយឡែក ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ជា​ប្រទេស​វិនិយោគ​ច្រើនជាងគេ ក្នុងចំណោម​ប្រទេស​អាស៊ី​ផ្សេងៗ​ទៀត​។ ចំណែកឯ​ប្រទេស​នៅ​អឺរ៉ុប​វិញ មាន​ទំហំ​វិនិយោគ​ប្រមាណ ៧​ភាគរយ នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​សរុប ក្នុងនោះ​មាន សហភាព​អឺរ៉ុប មាន​សមាមាត្រ ៨៦​ភាគរយ នៃ​ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​ប្រទេស​អឺរ៉ុប​ទាំងមូល​។​

លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា លទ្ធផល​អង្កេត​នេះ ត្រូវបាន​ប៉ាន់ស្មាន​បំពេញបន្ថែម ជាមួយ​ទិន្នន័យ​រដ្ឋបាល​ពី​ក្រសួង​ស្ថាប័ន​នានា ទិន្នន័យ​ពី​ប្រព័ន្ធ​របាយការណ៍​ប្រតិបត្តិការ​អន្តរជាតិ របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​មួយចំនួន ទិន្នន័យ​របស់​ប្រទេស​ដែ​គូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ប៉ាន់ស្មាន​ពី​កម្រិត​នៃ​វិនិយោគ​ផ្ទាល់​បរទេស​ឆ្នាំ​២០១៤ និង​ធ្វើការ​កែតម្រូវ​ត្រឡប់ក្រោយ នូវ​ទិន្នន័យ​ចេញផ្សាយ​នា​ឆ្នាំ​២០១០ ៕

ប្រភព​៖ AKP