ជប៉ុន ព្រួយបារម្ភ​ខ្លាំង​ពី​«​ការគំរាមកំហែង​រប​ស់​ចិន​»​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋ​ដទៃ និពន្ធដោយ : ទេព អ៊ីវិសាល       August-02-2016, 8:19 pm         308

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន ព្រួយបារម្ភ​ខ្លាំង​ពី​«​ការគំរាមកំហែង​រប​ស់​ចិន​»​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋ​ដទៃ​រដ្ឋាភិបាល​ក្រុង តូ​ក្យូ បានបង្ហាញ​គោលជំហរ​មិន​ពេញចិត្ត​ជាថ្មី​ជាមួយនឹង​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​ចោទថា ចិន បាននិងកំពុង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​វាតទី និង​ការគំរាមកំហែង​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​រដ្ឋ​ដទៃ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល​ស្ថានភាព​ការទូត​រវាង​ភាគី​ទាំងពីរ ក៏​កំពុងតែ​តានតឹង​ស្រាប់​នោះ​។

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​០២ ខែសីហា​នេះ បានចេញ​ផ្សាយ​របាយការណ៍​ការពារជាតិ​មួយ​ដែលមាន​ឈ្មោះថា​«​សៀវភៅ​ស​ការពារជាតិ​» ដោយបាន​សម្តែង​ពី​ការព្រួយបារម្ភ​ពី​សកម្មភាព​កាន់តែខ្លាំង​របស់​ក្រុង​ប៉េកាំង​ដោយបាន​បំពាន​នឹង​ច្បាប់​អន្តរជាតិ​ក្នុងការ​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយនឹង​ប្រទេសជិតខាង​។

​បើតាម​សារព័ត៌មាន Japan Times របាយការណ៍​ការពារ​ជាតិ​ដែល​បានអនុម័ត​ដោយ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) ជប៉ុន ក៏បាន​ព្រមាន​ដែលថា «​ព្យសនកម្ម​ដែល​មិនអាច​រំពឹងទុក​ជាមុន​បាន​»  អាច​កើតចេញពី​សកម្មភាពរ​បស់​ក្រុង​ប៉េកាំង ដែល​បាន​ច្រានចោល​ការអនុវត្ត​បទ​ដ្ឋា​ន​អន្តរជាតិ​នោះ​។ ព្យសនកម្ម​នេះ សំដៅលើ​សកម្មភាព​ដែល​កើតមាន​នៅក្នុង​សមុទ្រ​ខាងកើត​ដែលជា​តំបន់​ជម្លោះ​អធិបតេយ្យ​រវាង​ជប៉ុន និង​ចិន​។

​សូម​ជម្រាប​ផងដែរ​ថា សៀវភៅ​ស​របស់​ជប៉ុន ត្រូវបាន​ចុះផ្សាយ​ជា​រៀងរាល់​រដូវក្តៅ​(​របស់​ជប៉ុន​) ក្នុង​គោលបំណង​ដើម្បី​បង្ហាញ និង​លើកកម្ពស់​ការយល់ដឹង​ពី​គោលនយោបាយ​ការពារជាតិ​របស់​ជប៉ុន​។ របាយការណ៍​ឆ្នាំ​នេះដែរ ក៏បាន​ផ្តោត​សំខាន់​មិន​ត្រឹមតែ​បញ្ហា​សមុទ្រ​ខាងកើត​ប៉ុណ្ណោះ​នោះទេ តែ មាន​បញ្ចូល​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​រដ្ឋ​អាស៊ាន​ផងដែរ​។

​ក្នុង​របាយការណ៍​ដែលមាន​កម្រាស់​ជាង​៤០០​ទំព័រ​នោះដែរ ជប៉ុន បាន​ចោទ​សកម្មភាព​របស់​ចិន ប្រៀបប្រដូច​ទៅនឹង​សកម្មភាព «​នៅ​ខាងក្រៅ​បង្ហាញ​ពី​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព តែ​ការពិត​នោះ បាន​ទាត់ចោល​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​។ បន្ថែម​ពីនេះ ជប៉ុន ថែមទាំង​បាន​ព្រី​ន​ចេញ​នូវ​រូបភាព​ដែលមាន​ប្រភពពី​ផ្កាយរណប ដោយបាន​បង្ហាញ​ពី​ការ​វាទទី​យ៉ាង​ធំធេង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀតផង​។

​យ៉ាងណាក៏ដោយ​របាយការណ៍​នោះ មិនបាន​បញ្ជាក់​ពី​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការអន្តរជាតិ និង​សកម្មភាព​យោធា​របស់​ចិន ចុងក្រោយ​បំផុត​នោះទេ​។ នោះ​ក៏​ព្រោះតែ តាម​ការអះអាង​របស់​ក្រសួងការពារជាតិ​ជប៉ុន របាយការណ៍​នេះ បាន​យក​ពេល​ចុងក្រោយ​ត្រឹមតែ​ថ្ងៃទី​៣០ ខែមិថុនា​។

​សូម​ជម្រាប​ផងដែរ​ថា ជប៉ុន​មិន​ដូច​សម្ព័ន្ធមិត្ត​របស់ខ្លួន​អាមេរិក ដែល​តែងតែ​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ប្រជែង​ចិន​នោះទេ​។ ក៏ប៉ុន្តែ ជប៉ុន បានផ្តល់​ជា​ជំនួយ​ដល់​ភាគី​ជម្លោះ​ជាមួយនឹង​ចិន​ដូចជា​ហ្វីលីពីន និង​វៀតណាម​ដើម្បី​ពង្រឹងសមត្ថភាព​ដែនសមុទ្រ​។

​រយៈពេល​ចុងក្រោយ​នេះ ភាគី​ទាំងពីរ ក៏មាន​ការប្រឈមមុខ​ការទូត​ជាមួយនឹង​គ្នា​ខ្លាំង​ពាក់ព័ន្ធ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​កាត់​ឲ្យ​ចិន​ចាញ់​ហ្វីលីពីន​ផងដែរ​។ ជាក់ស្តែង​នោះ ក្នុង​វេទិកា​ក្នុង​តំបន់​ពីរ​ជាប់ៗ​គ្នា ចិន បាន​ឆ្លៀត​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយនឹង​ជប៉ុន​ដោយបាន​ព្រមាន​ជប៉ុន កុំ​ឲ្យ​លូកលាន់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៕