កម្មការិនី​២​នាក់ ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​គ្រឿងអលង្ការ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ពួក​នាង​ទាំង​ពីរ​នាក់​នោះ ស្ថិត​នៅ​ក្នុង​ដី​វាល​មួយ​កន្លែង មាន​អាកា​រៈ​ស្លេកស្លាំង​ទន់​ដៃជើង និង​វង្វេងវង្វាន់​មិនដឹង​ទិស​តំបន់ ហើយ​ក្រោយមក​ទើប​នាង​ប្រាប់​ថា ត្រូវ​មនុស្ស​១​ក្រុម​ដាក់​ថ្នាំ​សណ្ដំ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​គោក​បញ្ជាន់ ដី​វាល​ជិត​ស្រះ​ព្រះ​ទន្លេ ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ខាងលើ កំពុង​ដាក់​សេរ៉ូម​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អង្គរ ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ហើយ​បាន​លាក់​មិន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នោះ​ឡើយ​។ ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពួក​នាង គឺជា​កម្មការិនី​រោងចក្រ​រេ​ដ​សាន់​ក្លូ​ស៊ី​ង ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តព្រៃវែង​។​ពួក​នាង​បាន​អះអាង​ថា ត្រូវ​ថ្នាំ​សណ្ដំ​អស់​ខ្សែ​ក​ប្លា​ទី​ន​២​ខ្សែ​ទម្ងន់​ជាង​៤​ជី និង​ចិញ្ចៀន​២​វង់​ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង កាឡាក់ស៊ី ចំនួន​២​គ្រឿង​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ ពួក​នាង​បាន​នាំ​គ្នា​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច រោងចក្រ​កាត់ដេរ សាន់​ក្លូ​ស៊ី​ង ស្ថិត​ក្ន្ង​ភូមិ​ចោម​ចៅ មាន​ស្ត្រី​២​នាក់​ដើរទៅ​ជិត រួច​បាន​អម​សងខាង​ពួក​នាង រួច​ទះ​ស្មា​ពួក​នាង និង​បាន​នាំ​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​កាន់​ចំណុច​ដី​វាល​ក្បែរ​ព្រះ​ទន្លេ​មុខ​វត្ត​គោក​បញ្ជាន់​ស្ថិត ក្នុងភូមិ​ថ្មគោល​ហើយ​បាន​ធ្វើ​សកម្មភាព ដោះ​យក​គ្រឿងអលង្ការ​ទាំង​២​នាក់​បន្ទាប់​មក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ដោយឡែក​ពួក​នាង មាន​អាកា​រៈ​ទន់​ដៃជើង​វង្វេងវង្វាន់ និង​បាន​ដួល​ដើរ​លែង​រួច​។ នគរបាល​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ខាងលើ​នោះ​នគរបាល​នៅ​ទាន់​មានការ​ជឿជាក់​ថា​ជា​ការ​រដាក់​ថ្នាំ​សណ្ដំ​នៅឡើយ​ទេ ព្រោះថ្នាំ​សណ្ដំ​តែ​ត្រូវ​ហើយ​មិន​ងាយ​នឹង​ដឹងខ្លួន​ត្រឹមតែ​រយៈពេល​១​ម៉ោង​ឬ​២​ម៉ោង​នោះ​ឡើយ ទាល់តែ​២​ឬ​៣​ថ្ងៃ​ទើប​ដឹងខ្លួន ហើយ​បើ​ធ្ងន់ធ្ងរ​អាច​លើស​ពី​នេះ​ទៀត​ផង​។ ម្យ៉ាងទៀត​មិន​អាច​ត្រឹមតែ​ទះ​ស្មា​សន្លប់​នោះ​ឡើយ ករណី​នេះ​សង្ស័យ​ពួក​នាង​កម្មការិនី​ខាងលើ ចាញ់ល្បិច​ចោរ​ទម្លាក់យោង ដែល​យក​កាឡៃ​ដូរ​មាស​។ លុះ​ពេល​ដោះ​មាស និង​ប្លា​ទី​ន​ឲ្យ​ចោរ​អស់​ខ្លួន​បាន​កាឡៃ មាន​អារ​ម្ម​ណ៏​តក់ស្លុត និង​ស្ដាយ​របស់​ខ្លួន​ទើប​ទន់​ដៃជើង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​ថា​ត្រូវ​ថ្នាំ​សណ្ដំ ៕