ឃាត់​ម្ចាស់​រថយន្តក្រុង ចត​លើ​ដងផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់

ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ ១​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់​យក​តៃកុង ទៅ​អប់រំ​ណែនាំ នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០១៦ ដោយ​ចោទប្រកាន់​ពី​បទ ចត​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ទីប្រជុំជន​ប៉ោយ​ប៉ែ​ត ដាក់​ភ្ញៀវ រញ៉េរញ៉ៃ អនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់ ។ លោក​អនុសេនីយ៍ឯក សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ពី​លោក​វរសេនីយ៍ទោ ធិ​ន ស៊ី​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​កម្លាំង​ជំនាញ​ក្រោម​ឱវាទ ខិតខំ​យកចិត្តទុកដាក់ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ឲ្យ​មាន​ភាព​ងាយស្រួល ចៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ផ្សេង​ៗ​ជាយថាហេតុ​។

លោកនាយ​ផ្នែក​បន្ត​ថា រថយន្តក្រុង​ធុន​ធំ​១​គ្រឿង​ជា​របស់​ក្រុមហ៊ុន អូ​ឡាំ​ពិ​ក ត្រូវ​បាន​មន្ត្រី​របស់​លោក​ចុះ​ទៅ​ឃាត់​ទាំង​រថយន្ត រួម​ទាំង​តៃកុង យក​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​តៃកុង​រថយន្ត​រូប​នោះ ចត​ដាក់​ភ្ញៀវ​រញ៉េរញ៉ៃ មិន​ស្តាប់​តាម​ការ​ណែនាំ របស់​សមត្ថកិច្ច​ជំនាញ ។ លោកនាយ​ផ្នែក​បាន​បញ្ជាក់​ថា រថយន្តក្រុង​១​គ្រឿង​នោះ ដោយ​មាន​អ្នកដំណើរ​ជិះ​នៅ​លើ​នោះ​ច្រើន​ពេក ។ ដោយឡែក​ចំពោះ​តៃកុង​មានឈ្មោះ តឹ​ម ឈី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ម្នាក់​ដែល​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ឲ្យ​ធ្វើ​កិច្ចសន្យា​ព្រមាន​លើក​ទី​១ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ។

លោកនាយ​ផ្នែក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តៃកុង​រថយន្តក្រុង​រូប​នោះ ថ្ងៃក្រោយ​បើ​នៅ​តែ​បំពាន​មិន​ស្តាប់​តាម​តារ​ណែនាំ​របស់​សមត្ថកិច្ច​ទៀត នឹង​ចាត់ការ​ពិន័យ​ឲ្យ​រៀងចាល​តែ​ម្តង។ ជា​ចុង​ក្រោយ​លោកនាយ​ផ្នែក សៅ សា​រឿ​ន បាន​អំពាវនាវដល់​ពលរដ្ឋ​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ឲ្យ​ធ្វើ​ដំណើរ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ​កើតឡើង​ដល់​អាយុជីវិត ៕