ថៃ​៖ គ្មាន​ការបង្ខិតបង្ខំ​ឲ្យ​ទាហាន​ត្រូវតែ​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​របប​សឹក​ឡើយ និពន្ធដោយ : ទេព អ៊ីវិសាល       August-02-2016, 9:39 pm         142

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ​៖ គ្មាន​ការបង្ខិតបង្ខំ​ឲ្យ​ទាហាន​ត្រូវតែ​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​របប​សឹក​ឡើយលោកឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon​ខណៈ ពេល​កំណត់​នៃ​ការធ្វើប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី កាន់តែ​ជិត​ខិត​មកដល់ មានរឿង​អាស្រូវ​មួយចំនួន​បាន​លេចឡើង​ថា រដ្ឋាភិបាល​របប​សឹក បាន​ណែនាំ​ឲ្យ​យោធា​ត្រូវ​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីព្រាង​នោះ​ដើម្បី​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។ តែ​របប​សឹក បាន​ច្រានចោល​មិនមាន​ករណី​នោះឡើយ ដោយ​អះអាងថា​ទាហាន​មាន​សេរីភាព​ពេញលេញ​ក្នុងការ​សម្រេចចិត្ត​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon នៅ​ថ្ងៃទី​០១ ខែសីហា​ម្សិលមិញ បាន​ថ្លែង​បញ្ជាក់ថា ទាហាន​ទូទាំងប្រទេស​ក៏ត្រូវ​បានអនុញ្ញាត​ដោយ​សេរី​ក្នុងការ​សម្រេចចិត្ត​លើ​ការបោះឆ្នោត​ប្រជាមតិ​លើ​សេចក្តីព្រាងច្បាប់​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះហើយ​។ ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ដែលថា​«​ទាហាន​ត្រូវបាន​ណែនាំ​ឲ្យ​គាំទ្រ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ដោយ​រដ្ឋាភិបាលយោធា​ថៃ​»​។

​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ លោក Prawit ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​ផងដែរ​នោះ បាន​សង្កត់ធ្ងន់ថា «​មិនមាន​ការណែនាំ​អ្វី​ឡើយ យោធា ត្រូវ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ដោយ​សេរី ដោយ​ផ្អែកលើ​ទស្សនៈ​ផ្ទាល់ខ្លួន​»​។ លោក បន្ថែមថា មិនមាន​កិច្ចការ​ចាំបាច់​ណាមួយ​ដែល​នាយករដ្ឋមន្ត្រី ត្រូវ​ចុះ​ចេញពី​តំណែង ប្រសិនបើ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ត្រូវបាន​បោះឆ្នោត​ជំទាស់​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃអាទិត្យ​ទី ០៧ ខែសីហា​ខាងមុខ​ដ៏​ខ្លី​នេះ ថៃ នឹង​រៀបចំ​ប្រជាមតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​របប​សឹក​ថៃ​។ ប្រជាជន មាន​ជម្រើស​ពីរ​ក្នុងការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​នេះ​ដែល​ក្នុងនោះ រួមមាន Yes ឬ No​។ ប្រសិនបើ​លទ្ធផល​នៃ​ប្រជាមតិ​នោះ ទទួលបាន​ការគាំទ្រ​ច្រើន​នោះ​(Yes) សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ នឹង​ក្លាយ​រដ្ឋធម្មនុញ្ញ​ថ្មី​ទី​២០​របស់​ថៃ​ហើយ​។ ផ្ទុយទៅវិញ បើ​ប្រជាជន​បោះឆ្នោត​ជំទាស់​ច្រើនជាង នោះ​វា អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ទៅរក​ការបោះឆ្នោត​ឆ្នាំក្រោយ ពោលគឺ ការបោះឆ្នោត​អាច​នឹងត្រូវ​ពន្យា​ពេល​ជាថ្មី​។

​ជុំវិញ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះដែរ មាន​អ្នកនយោបាយ​ថៃ​ជាច្រើន​មកហើយ បាន​ចេញមុខ​ជំទាស់​ជា​សាធារណៈ​។ ហើយ​នោះ ក៏​ព្រោះតែ ពួកគេ បាន​យល់ឃើញថា សេចក្តីព្រាងច្បាប់​ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ដែល​តែងតាំង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ អូ​ចា តាក់តែងឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​យោធា​ប៉ុណ្ណោះ​។

​សូម​រម្លឹក​ផងដែរ​ថា ក្រោយ​ការឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ប្តេជ្ញា​នាំមក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ដែល​ក្នុងនោះ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​ក៏​ជា​យន្តការ​មួយ​នៃ​ដំណើរការ​នេះដែរ​។ ហើយ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​គ្រោង​ធ្វើ​ប្រជាមតិ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ ក៏​មិនមែនជា​សេចក្តីព្រាង​លើក​ទី​១​ដែល​ធ្វើ​ដោយ​របប​សឹក​ដែរ ពោលគឺ សេចក្តីព្រាងច្បាប់​ថ្មី​នោះ​គឺជា​សេចក្តីព្រាង​លើក​ទី​២​ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​ប្រទេស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ សេចក្តីព្រាង​លើក​ទី​១ ត្រូវបាន​បរាជ័យ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ដ្បិត​សភា​ជំទាស់​។ បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​៕