ចិន និង​ហ្វីលីពីន កំពុងតែ​អនុវត្ត​ច្បាប់​អន្តរជាតិ​តាម​«​ស្តង់ដារ​ពីរ​ជាន់​»? និពន្ធដោយ : ទេព អ៊ីវិសាល       August-02-2016, 10:19 pm         438

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន និង​ហ្វីលីពីន កំពុងតែ​អនុវត្ត​ច្បាប់​អន្តរជាតិ​តាម​«​ស្តង់ដារ​ពីរ​ជាន់​»?​ខណៈ​ចិន កំពុង​តែមាន​បញ្ហា​ចម្រូងចម្រាស​ដែន​អធិបតេយ្យ​សមុទ្រ​ជាមួយ​ប្រទេសជិតខាង តុលាការ​កំពូល​ប្រជាជន​ចិន បានចេញ​ច្បាប់ មួយ​ស្តីពី​សមត្ថកិច្ច​ផ្នែក​ច្បាប់​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​យុត្តាធិការ​ក្នុងការ​បកស្រាយ​លើ​ដែន​អធិបតេយ្យ​សមុទ្រ​របស់​ចិន​។ ការបកស្រាយ​នេះ មិន​ផ្តោត​សំខាន់​លើ​ចំណុច​ណាមួយ​ជាក់លាក់​នោះទេ តែ​ផ្តោត​សំខាន់​លើ​តំបន់​ដែនសមុទ្រ​ទាំងអស់​ដែល​រដ្ឋាភិបាល​ចិន បាន​ចាត់ទុកថា​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ដែល​អាច​រាប់បញ្ចូល​ទាំង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

​ច្បាប់​ដែល​ចេញ​ដោយ​តុលាការ​កំពូល​ប្រជាជន​ចិន នៅ​ថ្ងៃទី​០២ ខែសីហា​នោះ ហើយ ក៏បាន​ចូល​ជា​ធរមាន​នៅថ្ងៃនេះ​ផងដែរ​នោះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ផ្នែក​ច្បាប់​មួយ​ឲ្យ​ច្បាស់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​ការពារ​សណ្តាប់​ធ្នាប់​ដែនសមុទ្រ ផលប្រយោជន៍ និង​សុវត្ថិភាព​ដែនសមុទ្រ និង​ដើម្បី​អនុវត្ត​សមត្ថកិច្ច​របស់​តុលាការ​លើ​ដែន​អធិបតេយ្យ​សមុទ្រ​របស់​ខ្លួន​។ នេះ​បើ​យោង​សេចក្តីថ្លែងការណ៍រ​បស់​តុលាការ​កំពូល​ចិន​ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។​

​បើតាម​សេចក្តីថ្លែងការណ៍​នោះ​ដដែល ច្បាប់​ឬ​បទបញ្ជា​ថ្មី ដែល​តុលាការ អះអាងថា​បាន​បកស្រាយ​ដោយ​ផ្អែក​តាមច្បាប់​ចិន និង​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​(UNCLOS) បាន​ចែងថា «​ទាំង​ពលរដ្ឋ​ចិន និង​បរទេស នឹងត្រូវ​ទទួលខុសត្រូវ​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ ប្រសិនបើ ពួកគេ បាន​ប្រមាញ់ ឬ​នេសាទ​ខុសច្បាប់ ឬ​សម្លាប់សត្វ​ផ្សេង​នៅក្នុង​ដែនសមុទ្រ​របស់​ចិន​»​។

​លើសពីនេះទៅទៀត តុលាការ ក៏បាន​សង្កត់ធ្ងន់ថា «​អំណាចតុលាការ គឺជា​សមាសធាតុ​មួយ​ដ៏​សំខាន់​នៃ​អធិបតេយ្យ​ជាតិ​។ ហើយ តុលាការ​ប្រជាជន​ចិន នឹងចូលរួម អនុវត្ត​អំណាច​របស់ខ្លួន​យ៉ាងសកម្ម​លើ​ដែនទឹក​អធិបតេយ្យ​របស់​ចិន​, គាំទ្រ​ស្ថាប័ន​រដ្ឋបាល​ក្នុង​ការបំពេញ​កាតព្វកិច្ច​ក្នុងការ​គ្រប់គ្រង​ដែនសមុទ្រ​របស់ខ្លួន​ប្រកបដោយ​ភាពស្របច្បាប់ និង​ការពារ​សិទ្ធិ​ផ្នែក​ច្បាប់ និង​សុវត្ថិភាព​នៃ​អធិបតេយ្យ និង​ផលប្រយោជន៍​ដែនសមុទ្រ​របស់​ចិន​ផងដែរ​...»​។

​យ៉ាងណាក៏ដោយ ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការប្រកាស​ពី​យុត្តាធិការ​របស់​តុលាការ​កំពូល​ប្រជាជន​ចិន នឹង​បង្កើត​ភាពស្មុគស្មាញ​ថ្មី​មួយទៀត​។ នោះ ក៏​ព្រោះតែ​តុលាការ​បាន​អះអាងថា ខ្លួន​មាន​យុត្តាធិការ​មិន​ត្រឹមតែ​នៅក្នុង​ដែនទឹក​ខាងក្នុង និង​សមុទ្រ​អធិបតេយ្យ​នោះទេ តែ ក៏​រាប់បញ្ចូល​ទាំង​តំបន់​ជាច្រើន​ផ្សេងទៀត​ដូចជា តំបន់​ជាប់​សមុទ្រ​ឆ្នេរ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ទៀតផង​។ នេះ នឹង​ផ្តល់​ផល​លំបាក​ចំពោះ​ភាគី​ផ្សេងទៀត​ដែល​កំពុង​តែមាន​ជម្លោះ​អធិបតេយ្យ​ដែនសមុទ្រ​ជាមួយ​ចិន ជាពិសេស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​តែម្តង​។​

​អ្វី​គួរកត់សម្គាល់​នោះ ការចេញ​បទបញ្ជា​របស់​តុលាការ​កំពូល​ចិន ត្រូវបាន​ធ្វើឡើង​ក្រោយ​មិន​ដល់​មួយខែ​ផង​នៃ​ការប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដោយ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​។ នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ដែល​បានប្រកាសថា​ខ្លួន​មាន​សមត្ថកិច្ច​ឬ​យុត្តាធិការ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ដោយ​បកស្រាយ​ថា សកម្មភាព និង​ការទាមទារ​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែន​មូលដ្ឋាន​ផ្នែក​ច្បាប់​នោះទេ​។ ចិន បាន​បដិសេធ​មិន​អនុវត្ត និង​មោឃភាព​ទៀតផង​។

​សាលក្រម​របស់​តុលាការ ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្នកនេសាទ​ហ្វីលីពីន ក៏បាន​សិទ្ធិ​ដើម្បី​ចូល​នេសាទ​តាមបែប​ប្រពៃណី​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scaborough Shoal ដែល​ចិន កំពុងតែ​គ្រប់គ្រង ហើយ​ជា​តំបន់​ដែល​អ្នកនេសាទ​ហ្វីលីពីន បាន​ចូល​នេសាទ តែ​ត្រូវបាន​អាជ្ញាធរ​ចិន រ​រាំង និង​បណ្តេញចេញ​ជាដើម​។

​និយាយ​ឲ្យ​ខ្លី​ទៅ ការប្រកាស​សមត្ថកិច្ច​របស់​តុលាការ​កំពូល​ចិន កំពុងតែ​បង្កើត​ភាព​ប្រទាញប្រទង់​មួយ​ថ្មី​លើ​បញ្ហា​ចាស់ និង​តំបន់​ជម្លោះ​ដែល​មិនទាន់​ដោះស្រាយ​ចប់ ឬ​អាច​និយាយបានថា ជាការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ និង​បកស្រាយ​ច្បាប់​និង​សកម្មភាព «​ស្តង់ដារ​ពីរ​ជាន់​»៕