ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​ជិត​១០​គីឡូក្រាម

រាជធានី​ភ្នំពេញ  ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ជនសង្ស័យ ជួល​ស្នាក់​នៅ គឺ​ផ្ទះ​លេខ​៣ ផ្លូវ​NW០៦ ក្នុង​បុរី​ពិភព​ថ្មី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក ដកហូត​វត្ថុ​តាង​បានជា​មួយ​រួម​មាន ទី​១.​ម្សៅ​ដែល​សង្ស័យ​ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​២​ដុំ ប្រហែល ៦៦០​ក្រាម ទី​២.​ម្សៅ​ក្រាម​សង្ស័យ មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​៩​ដុំ ប្រហែល ៦​គីឡូក្រាម ទី​៣.​ថ្នាំ​គ្រាប់​(wy)៩​ដុំ ប្រហែល​៥២០០០ គ្រាប់ និង​ទី​៤.​រថយន្ដ​២​គ្រឿង ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១ សីហា ២០១៦ នៅ​ចំណុច​ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់ ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​ម្ដុំ​ស្ពាន​អាកាស​៧​មក​រា​) កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ច​ប្រតិបត្តិការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ។ លទ្ធផល ឃាត់​ជនល្មើស​ម្នាក់​ឈ្មោះ ឆៃ យ៉ា​ភុង​ភិ​សៃ​ផា​ន់ ជនជាតិ​ថៃ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ រួម​នឹង​វត្ថុ​តាង ចាប់​យក ថ្នាំ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ម៉ា​ទឹក​ក​ទម្ងន់​៣ គីឡូក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕