ភ្លេច​បិទ​បា​រ៉ែត​ភ្លើង ប៊ិះ​នឹង​ឆេះ​ផ្ទះ​ខ្ទេច

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មួយ​ដែល​នៅ​ក្នុងផ្ទះ​ល្វែង​ក្នុង​បូ​រី​ពិភព​ថ្មី​ដោយសារ​តែ​ភ្លេច​បិទ​បា​រ៉ែត​ភ្លើង​ទើប​បណ្ដាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សម្ភារ​ក្រុមហ៊ុន និង​ខូចខាត​រាន​ទេវតា​ដែល​នៅ​ក្នុងផ្ទះ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៧​និង​២៣​នាទី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​លេខ​១៥EoE១ ផ្លូវ​១០ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​ក្នុង​បូ​រី​ពិភព​ថ្មី​) គឺជា​ក្រុមហ៊ុន អេស ជេ ស៊ី​ប​ភីង ខូ​អិ​ល​ធី​ឌី ដែល​មាន​ម្ចាស់​ឈ្មោះ កុន សុ​ជាតិ អាយុ​៣៩​ឆ្នាំ មុខរបរ​ម្ចាស់​ក្រុមហ៊ុន​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ដំបូង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្សែង​ខ្មៅ​ចេញពី​ចំណុច​ផ្ទះ​ខាងលើ​ជាន់​ទី​មួយ ហើយ​ក្រោយមក​គាត់​ក៏​បាន​រាយការណ៍​ទៅ​អ្នក​ដែល​កាន់​សោ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ អោយ​យក​មក​ចំណុច​កើតហេតុ ក្រោយ​ពី​អ្នក​កាន់​សោ​ក្រុមហ៊ុន​ខាងលើ​មក​ដល់​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញ​មក​ពី​ក្នុង​ក្រុមហ៊ុន​នៅ​បន្ទប់ធ្វើការ​ជាន់​ទី​មួយ​។ ក្រោយមក​គាត់​ក៏​បាន​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ដែល​ប្រចាំការ​នៅ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​។ រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​ពីរ​គ្រឿង​តែ​ប្រើប្រាស់​អស់​តែ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ។

បើ​តាម​សម្ដី​របស់​អ្នកធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឆ្លង​ចរន្ត​នេះ​ឡើង​មកនេះ បណ្ដាល​មក​ពី​ពេល​ដែល​បុគ្គលិក​ចេញពី​ធ្វើការ​មិន​បាន​ពិនិត្យ​មើល​ចរន្តអគ្គិសនី​ឲ្យ​គ្រប់​ជ្រុងជ្រោយ (​ភ្លេច​បិទ​បា​រ៉ែត​ភ្លើង​) ទើប​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត នៅ​ក្នុង​បន្ទប់​ការិយាល័យ​ធ្វើការ​ជាន់​ទី​មួយ ទើប​បណ្ដាល​ឲ្យ​ខូចខាត​ឯកសារ​មួយ​ចំនួន មាន​កុំព្យូទ័រ មួយ​គ្រឿង និង រាន​ទេវតា​ដែល​នៅ​ក្នុង​បន្ទប់​នោះ​ផង​ដែរ​។ តែ​មិន​មាន​អ្នក​រង​របួស​អ្វី​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ខាងលើ​នោះ​គឺ​ក្រោយ​ពី​ចប់​ម៉ោង​ធ្វើការ​គឺ​ចាក់សោ​ចោល​មិន​មាន​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​ល្វែង​ដែល​ជា​ក្រុមហ៊ុន​នោះ​ឡើយ​។

  ខណៈ​ពេល​កើតហេតុ​នោះ​ដែរ​គេ​ឃើញ​មាន​វត្តមាន​លោក អភិបាល​ខណ្ឌ​សែន​សុខ លោក ប៉ិល កុសល បាន​ចុះ​មក ដល់​កន្លែង​កើតហេតុ​ផ្ទាល់ ដើម្បី​ពិនិត្យ​មើល និង​បាន​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដទៃ​ទៀត ចូរ​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ចរន្តអគ្គិសនី ត្រូវ​ពិនិត្យ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ចាក​ចេញពីផ្ទះ ដើម្បី​ការពារ​ខ្លាចក្រែង​ជួប​ហេតុការណ៍​ណាមួយ​ដែល​មើល​មិនឃើញ ៕