ម៉ាឡេស៊ី​៖ ច្បាប់​សន្តិសុខ​ថ្មី បង្ក​ការព្រួយបារម្ភ​ចំពោះ​សេរីភាព​និង​ប្រជាធិបតេយ្យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-02-2016, 10:59 pm         262

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម៉ាឡេស៊ី​៖ ច្បាប់​សន្តិសុខ​ថ្មី បង្ក​ការព្រួយបារម្ភ​ចំពោះ​សេរីភាព​និង​ប្រជាធិបតេយ្យ​​ច្បាប់​សន្តិសុខ​ថ្មី​របស់​ម៉ាឡេស៊ី ទើប​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែសីហា បន្ទាប់ពី​សភា​អនុម័ត​កាលពី​ខែធ្នូ​កន្លងទៅ​។ ច្បាប់​សន្តិសុខ​ថ្មី ត្រូវគេ​មើលឃើញថា ជាការ​គំរាម​ដល់​ប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព​ប្រជាជន ដ្បិត​ច្បាប់​ថ្មី​នេះ​ផ្ដល់​អំណាច​យ៉ាង​ទូលាយ​ដល់​នាយករដ្ឋមន្ត្រី Najib Razak ដែល​អាច​ប្រើ​អំណាច​រឹតត្បិត​សំឡេង​រិះគន់ និង​បិទមាត់​បក្សប្រឆាំង មិន​ឲ្យ​រិះគន់​រដ្ឋាភិបាល​ផងដែរ​។

​យោងតាម​ច្បាប់​សន្តិសុខ​ថ្មី​នេះ រដ្ឋាភិបាល​មាន​សិទ្ធិ​ប្រកាស​ស្ថានភាព​អាសន្ន​តំបន់​ណាមួយ​ដែលមាន​ការគំរាមកំហែង​ដល់​សន្តិសុខ ហើយ​ថែមទាំង​ផ្ដល់​អំណាច​យ៉ាង​ធំធេង​ដល់​មន្ត្រីប៉ូលិស​។ លើសពីនោះ ច្បាប់​ថ្មី​នេះ ក៏​អនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី Najib ផ្ទាល់ មាន​សិទ្ធិ​ព្យួរ​សេរីភាព​ស៊ីវិល ក្នុង​តំបន់​ណាមួយ ហើយ​ក្រុម​សន្តិសុខ​អាច​ឃាត់ខ្លួន រឹបអូស​វត្ថុ និង​ឆែកឆេរ​បាន​។​

​យ៉ាងណាក្ដី ច្បាប់​សន្តិសុខ​ដ៏​តឹងរ៉ឹង​នេះ រង​ការរិះគន់​យ៉ាងខ្លាំង ដោយ​ក្រុម​អ្នកប្រឆាំង​បាន​ចោទ​នាយករដ្ឋមន្ត្រី Najib និង​រដ្ឋាភិបាល​របស់​លោក ដែល​ធ្វើ​ច្បាប់​សន្តិសុខ​នេះ និង​ច្បាប់​ដទៃទៀត ដើម្បី​គាបសង្កត់​អ្នកនយោបាយ​ប្រឆាំង ខណៈ​លោក Najib កំពុង​រង​សម្ពាធ​លើ​ករណី​អំពើពុករលួយ​។ មិន​ត្រឹមតែ​រង​ការរិះគន់​ក្នុងស្រុក​ទេ ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​មួយចំនួនទៀត ក៏​ប្រតិកម្ម​ខ្លាំង​នឹង​ច្បាប់​ថ្មី​នេះដែរ​។​

​បើតាម​សារព័ត៌មាន BBC កាលពី​សប្ដាហ៍​មុន អង្គការសហប្រជាជាតិ បានបង្ហាញ​ពី​ការព្រួយបារម្ភ ចំពោះ​ច្បាប់​ថ្មី​នេះ ដោយ​អះអាងថា វា​នឹង​លើកទឹកចិត្ត​ឲ្យ​ការរំលោភបំពាន​សិទ្ធិមនុស្ស​។ នេះ​ក៏​ដោយសារតែ​ច្បាប់​ថ្មី​នេះ ផ្ដល់​អំណាច​យ៉ាងច្រើន​ដល់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib ដែល​ត្រូវ​បានទាមទារ​ឲ្យ​ចុះ​ពី​តំណែង​នោះ​។

​ជាមួយនឹង​ពាក្យរិះគន់​ខ្លាំង នាយករដ្ឋមន្ត្រី លោក Najib ក៏បាន​និយាយ​ការពារ​ច្បាប់​ថ្មី​នេះ ដោយ​លើកឡើងថា គោលបំណង​របស់​វា​គឺ​ដើម្បី​ការពារ​សន្តិសុខ​ប្រជាជន​ម៉ាឡេស៊ី ស្រប​ពេលដែល​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ភេរវ​ករ​ជ្រុលនិយម មានការ​កើនឡើង​ខ្លាំង​។ លោក Najib សង្កត់ធ្ងន់ថា លោក​មិន​ចុះ​ញ៉ម​ទេ ចំពោះ​ការផ្ដល់​អាទិភាព​ដល់​សុខ​សុវត្ថិភាព និង​សន្តិសុខ​ប្រជាជន​ម៉ាឡេស៊ី​មុន​អ្វី​ទាំងអស់នោះ​។

​ជាការ​កត់សម្គាល់​នោះ ការចូល​ជា​ធរមាន​របស់​ច្បាប់​សន្តិសុខ​ថ្មី គឺ​ចំ​ពេលដែល​នាយករដ្ឋមន្ត្រី Najib ប្រឈមមុខ​នឹង​សំណុំរឿង​ពុករលួយ​នៅ​មូលនិធិ 1MDB ក្នុង​ទំហំ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​។ ប៉ុន្តែ លោក​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនេះ ហើយ​អង្គភាព​ស៊ើបអង្កេត​ក្នុងស្រុក ក៏បាន​បដិសេធ​ការពាក់ព័ន្ធ​របស់​នាយ​ក​រដ្ឋមន្ត្រី ក្នុង​សំណុំរឿង​នេះដែរ​។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី Najib ក៏បាន​ដាក់​វិធានការ​តឹងរ៉ឹង​លើ​បុគ្គល ឬ​ស្ថាប័ន​ណា​ដែល​ចោទប្រកាន់​លោក​ផងដែរ ជាពិសេស​សារព័ត៌មាន​ដែល​ចោទ​លោក លើ​រឿងអាស្រូវ​នេះ​៕