ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

ជនជាតិវៀតណាមម្នាក់ បានអះអាងថា ខ្លួនជាឪពុករបស់ស្ត្រីម្នាក់ ដែលត្រូវបានរកឃើញ នៅឆ្នាំ២០០៧ ថា​បាន​រស់នៅ​កណ្ដោច​កណ្ដែង​​ក្នុង​ព្រៃ​ភ្នំ នៃខេត្តរតនគិរី។ បុរសជាតិវៀតណាម បានបញ្ជាក់ទៀតថា ខ្លួនបាន​មើល​ដឹង និង​ស្គាល់​នាង ថា​ជា​កូន​ខ្លួន ដោយសារព័ត៌មាន និងរូបថត បង្ហោះ​​នៅលើបណ្ដាញសង្គម។
ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

ស្ត្រីមនុស្សព្រៃ នាង រចំ ភ្ញៀង នៅក្នុងទឹកមុខក្រៀមក្រំ។ (រូបថតសហការី)

រឿងរ៉ាវបានកើតឡើង នៅឆ្នាំ២០០៧ នៅពេលដែលស្ត្រី វ័យជាង២០ឆ្នាំម្នាក់ ត្រូវបានពលរដ្ឋខ្មែររកឃើញ មាន​ខ្លួនប្រាណប្រឡាក់ប្រឡូក គ្មានសម្លៀកបំពាក់ និងបានដើរចេញពីតំបន់ព្រៃភ្នំមួយ ចូលមកលួចចំណីអាហារ របស់​អ្នក​ស្រុក​ក្នុងខេត្តរតនគិរី ភាគខាងជើងនៃប្រទេសកម្ពុជា។

ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានបណ្ដាជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហៅនាងថា ជា«ស្ត្រីមនុស្សព្រៃ»។ គ្រួសារ​លោក សល់ លូ នៅក្នុងតំបន់ បានអះអាងនៅពេលនោះ ថាស្ត្រីមនុស្សព្រៃរូបនេះ ជាកូនស្រី​របស់​ខ្លួន​ឈ្មោះ «រចំ ភ្ញៀង» ដែលបានបាត់ខ្លួនទៅ តាំងពី១៨ឆ្នាំមុន ខណៈនាងបានចេញ ទៅឃ្វាលក្របី។ នាង «រចំ ភ្ញៀង» នៅ​តែ​បន្ត​រស់នៅ​ជាមួយគ្រួសារនោះ រហូតមកដល់សព្វថ្ងៃ។

តែកាលពីសប្ដាហ៍មុន ក្រុមគ្រួសារវៀតណាមមួយ មានសមាជិកប្រមាណជា១០នាក់ បានមកដល់ផ្ទះ​របស់​លោក សល់ លូ (ស្លាប់តាំងពីប៉ុន្មានឆ្នាំមុន) និងបានអះអាងថា នាង «រចំ ភ្ញៀង» ជាកូនស្រីរបស់ពួកគេ ហើយ​ពួក​គេកំពុងរៀបចំសំនុំបែបបទ ដើម្បីយកនាងទៅប្រទេសវៀតណាមវិញ។ លោក រចំ ខាំភី កូនប្រុសលោក សល់ លូ បានថ្លែងប្រាប់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ថា សមាជិកគ្រួសារទាំងនោះ បានចំណាំពីភិន​ភាគ​ស្លាក​ស្នាម នៅ​លើ​ខ្លួន​របស់​នាង រចំ ភ្ញៀង ហើយពួកគេបានដឹងដំណឹងពីនាង តាមរយៈការបង្ហោះរូបថត តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក រចំ ខាំភី បានថ្លែងឡើងថា៖ «គាត់​ចំណាំ​ស្លាកស្នាម​លើ​ខ្លួន។ គាត់​​ចំណាំ​​ប្រជ្រុយ​កន្លែង​បបូរ​មាត់ ​សន្លាក​​​នៅ​​កដៃ​​ឆ្វេង និង​មាន​ហៀរ​អាចម៍​ត្រចៀក​ មាន​ខ្ទុះ។ គាត់​ថា ​កូន​គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ​ហើយ​បាន​​​បាត់​​ក្រោយ​​​​ពេល​​ទុក​នាង​ នៅ​ផ្ទះ​ម្នាក់​ឯង»។

លោក ពេវ អាយុ៧០ឆ្នាំ របស់គ្រួសារជាតិវៀតណាម បាននិយាយដែរថា នាង រចំ ភ្ញៀង ដែលមានជំងឺផ្នែក​ស្មារតី​នេះ ទើបតែបានបាត់ខ្លួនទៅ នៅឆ្នាំ២០០៦នោះប៉ុណ្ណោះ។ លោក ពេវ បានសរសេរនៅក្នុងលិខិតមួយ ទៅ​កាន់​គ្រួសារលោក សល់ លូ ថា៖ «កាលពីពេលថ្មីៗនេះ ក្មេងៗនៅក្នុងភូមិបានរកឃើញព័ត៌មាន និង​រូប​ថត​របស់​កូនស្រី (នាង រចំ ភ្ញៀង) នៅលើបណ្ដាញអ៊ិនធើណែត។ ពួកគេបានបង្ហាញព័ត៌មាននោះ មកខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ពី​ពេល​នោះ​មក​ថា កូនស្រីខ្ញុំនៅពេលនេះ កំពុងស្ថិតក្នុងប្រទេសកម្ពុជា ក្រោមការចិញ្ចឹមបីបាច់ របស់​គ្រួសារ​ខ្មែរមួយ។»។

លោក​ រចំ ខាំភី ដែលជាមន្ត្រីនគរបាលប៉ុស្ដិ៍លំជ័រផង បានបញ្ជាក់ទៀតថា ​ក្រៅពី​ការ​ចំណាំ​ លើ​រាងកាយ​គ្រួសារ​​វៀតណាម​ ក៏​មាន​លិខិត​ចេញ​ពី​អាជ្ញាធរ​វៀតណាម​ ថា​ពួកគេ​ពិត​​ជា​បាន​បាត់ ​កូនស្រី​ម្នាក់​មែន។លោក ខាំភី បាន​និយាយ​ថា៖ ​«បើ​គេ​គ្មាន​សំអាង ​ខ្ញុំ​នៅ​តែ​ថា​ជា​បងស្រី​ខ្ញុំ។ តែ​គេ​មាន​សំអាង​ហើយ ​និយាយ​ទៅ​ត្រូវ​ចឹង​​មែន​។ ចឹង​មិន​អី​ទេ។ មាន​តែ​ជូន​គេ​វិញ​។ បើ​មិន​មែន​កូន​សាច់ញាតិ​គេ​ សាច់​ឈាម​គេ គេ​មិន​យក​ទេ។ យក​ទៅ​​ធ្វើ​​ស្អី​ បើ​ពិបាក​ចិញ្ចឹម​ជាង​កូន​ក្មេង​ទៅ​ទៀត​។»​។

ទោះយ៉ាងណា គ្រួសារលោក សល់ លូ បានសុំប្រាក់សគុណចំនួន ៣០០០ដុល្លា ជាថ្នូរទៅនឹងការមើលថែនាង រចំ ភ្ញៀង អស់រយៈពេលជិត១០ឆ្នាំមកនេះ។ ប៉ុន្តែបើតាមព័ត៌មានចុងក្រោយ ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ទទួល​បាន បានឲ្យដឹងថា លោក ពេវ បានយល់ព្រមការផ្ដល់សគុណ ត្រឹមតែ១៣០០ដុល្លារប៉ុណ្ណោះ។ លោក ពេវ ដែល​បាន​មកកម្ពុជា ចំនួនពីរដងមកហើយនោះ បានសង្ឃឹមថា ការមកកម្ពុជាលើកក្រោយ លោកនឹង​ត្រឡប់​ទៅ​វៀតណាម​វិញ ជាមួយកូនស្រីរបស់លោកម្នាក់នេះ៕