បណ្ដាសា​រាត្រី​រនោច​ (ភាគទី​១)

ភាគ​ទី​១

​តើ​អ្នក​ជឿ​លើ​រឿង​អប្បិយ​ជំនឿ មន្ត​អាគម ខ្មោច​ព្រាយ​បិសាច​ដែរ​ឬ​ទេ? ​បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ​? រឿងរ៉ាវ​របស់​ឡា​នី​ដែល​បាន​រៀបការ​ចេញ​ទៅ​តាម​ប្ដី​នៅ​បរទេស​ពិតជា​ពិបាក​នឹង​ជឿ​មែនដែរ​ទេ​? ចុះ​បើ​ពេល​នេះ មាស វុ​ធ មាន​រឿង​មួយ​ពី​បទពិសោធន៍​និស្ស័យ​ខ្មោច​លង​របស់​គេ​មក​ចែករំលែក?

 

​ខ្ញុំ​ឈ្មោះ​វុធ ជា​គ្រូបង្ហាត់​ផ្នែក​ថតរូប​និង​ការ​រចនា​រូបភាព​នៅ​សាលា​ឯកជន​មួយ​។ តាំងពី​អាយុ​១០​ឆ្នាំ ខ្ញុំ​តែងតែ​ឃើញ​របស់​ដែល​មនុស្សម្នា​មិន​ចង់​ឃើញ​។ ​នៅ​សុខៗ​នៅ​លើ​ដំបូល​ផ្ទះ​ម្ដាយ​ខ្ញុំ ​ខ្ញុំ​ឃើញ​មនុស្ស​មាន​ស្លាប​ហោះ​ចុះ​ឡើង ហើយ​ជួនកាល​នៅ​កណ្ដាល​យប់ ខ្ញុំ​ឮ​គេ​ច្រៀង​នៅ​មុខ​ថ្នាក់រៀន​ដែល​គ្មាន​អ្នក​ណា​មក​សោះ​ ខ្ញុំ​ឃើញ​ម្ដាយ​ពរ​កូន ហើយ​បំពេ​វា។​ល​។

 

​អ្នក​ផង​ក្នុង​ភូមិ​ថា​ ខ្ញុំ​នេះ​ជា​ក្មេង​មាន​ក្រយៅ​ខ្មោច​លង​ ព្រោះ​ជា​រឿយៗ ខ្ញុំ​អាច​ច្រឡំ​ងាយ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​រវាង​មនុស្ស​ពិតប្រាកដ ​និង​អ្នក​ដែល​ឃើញ​បាន​បន្តិច​ក៏​រលាយ​បាត់​ទៅ​វិញ​។​
​ពួកគេ​តែងតែ​សើច​ខ្ញុំ​ ព្រោះ​អ្វី​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ឃើញ​ ភាគ​ច្រើន​និយាយ​ទៅ​គ្មាន​អ្នក​ណា​មាន​យោបល់​ទេ ព្រោះ​គេ​មិន​ត្រឹមតែ​មិន​ធ្លាប់​បាន​ឃើញ​ ថែមទាំង​មិន​ជឿ​ខ្ញុំ​ទៀត។

 

​ប្រការ​នេះ ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​ក្មេង​ដែល​នៅ​ឃ្លាត​ឆ្ងាយ​ពី​គេ​ម្ដង​បន្តិចៗ​។​
​ម៉ែ​ខ្ញុំ​និង​លោកតា​បាន​នាំ​ខ្ញុំ​ទៅ​រក​ព្រះសង្ឃ​នៅ​ចុង​កាត់​មាត់​ញក​មួយ​ឆ្ងាយ​ពី​ភូមិ។
«​ញោម​នៅ​រៀន​សូត្រ​ធម៌​ជាមួយ​អាត្មា​ឱ្យ​បាន​មួយ​វស្សា​ទៅ!»
​ដោយសារ​ខ្ញុំ​ជាប់​រៀន ខ្ញុំ​នៅ​នឹង​លោក​បាន​តែ​ពីរ​អាទិត្យ ម៉ែ​ក៏​មក​យក​ទៅ​ផ្ទះ​វិញ។

 

​ទោះបី​យ៉ាង​ណា​ ខ្ញុំ​បាន​ទន្ទេញ​ចេះ​ធម៌​មួយ​ចំនួន ដូចជា ពុទ្ធំ សរ​ណំ គ​ច្ឆា​មិ​ ធម្មំ សរ​ណំ គ​ច្ឆា​មិ​ សង្ឃំ សរ​ណំ គ​ច្ឆា​មិ​ ​ទុតិយ​ម្បិ ពុ​ទ្ធំ សរ​ណំ​ ទុតិយ​ម្បិ ធម្មំ សរ​ណំ គិ​ច្ឆា​មិ​ ទុតិយ​ម្បិ សង្ឃំ សរ​ណំ គ​ច្ឆា​មិ​ ​តតិយ​ម្បិ ពុ​ទ្ធំ សរ​ណំ គិ​ច្ឆា​មិ​​ តតិយ​ម្បិ ធម្មំ សរ​ណំ គិ​ច្ឆា​មិ​ តតិយ​ម្បិ សង្ឃំ សរ​ណំ គិ​ច្ឆា​មិ​ ហើយ​ខ្ញុំ​ចេះ​តែ​គិត​ថា មានធម៌​នេះ​ជាប់​អណ្ដាត ឬ​សូម្បីតែ​គិត​ទន្ទេញ​ក្នុង​ក្បាល ក៏​អាច​នឹងន​ចិត្ត​កក់ក្ដៅ​ច្រើន​ជាង​មុន​ពេល​ខ្លួន​ទទេ ​ទើប​ក្រោយមក​អ្វីៗ​គ្រាន់បើ​ឡើង​វិញ។ ខ្ញុំ​ដេក​លក់​ស្កប់​ជាង​មុន ហើយ​មិន​សូវ​ឃើញ​នូវ​អ្វី​ដែល​អ្នក​ផង​មិន​ធ្លាប់​ឃើញ​នោះ​ទៀត​ទេ។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

បណ្ដាសា​រាត្រី​រនោច​ (ភាគទី​១)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ