ឪពុក​ម្តាយ​ខ្មែរ​គួរ​បណ្តុះ​កូន​ខាង​គំនិត​រកស៊ី​ជា​ជាង​ការ​ធ្វើការ​អោយ​គេ

តាំងពី​យូរលង់​ណាស់​មក​ហើយ ប្រជាជន​កម្ពុជា​ច្រើន​ចង់អោយ​កូន​រៀនសូត្រ​បាន​ជ្រៅជ្រះ ដើម្បី​បាន​ទទួល​ការងារ​ធ្វើ​ល្អ​មាន​ប្រាក់ខែ​ច្រើន និង​មានមុខមាត់​នៅ​ក្នុង​សង្គម​។

វា​ជា​ការ​គិត​ទូទៅ​មួយ​នៅ​ក្នុង​ចំណោម​ឪពុក​ម្តាយ​កម្ពុជា ភាគច្រើន​បំផុត​ដែល​ចង់អោយ​កូន​ធ្វើ​ការងារ​ពិ​​សេសការ​ងារ​រដ្ឋ​។ មនុស្ស​ជា​ច្រើន ពិសេស​យុវជន​មាន​បំណង និង​បាន​ក្លាយជា​មន្ត្រីរាជការ​ក្នុង​ស្ថាប័ន​ក្រសួង​រដ្ឋ​។ ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រីរាជការ ប៉ូលិស ទាហាន យុវជន​ត្រូវ​ប្រលងប្រជែង​តាម​រយៈ​ការ​ជ្រើសរើស​ប្រចាំឆ្នាំ​របស់​ក្រសួង​ស្ថាប័នរដ្ឋ​នីមួយ​ៗ​។

ក្រៅពី​នោះ ក៏​នៅ​មាន​អ្នក​រត់ការ ដោយ​ត្រូវ​ចំណាយ​លុយ​សូកប៉ាន់​ដល់​ទៅ​រាប់​ពាន់ និង​ឈាន​ដល់​រាប់​ម៉ឺន​ដុល្លារ ទៅ​តាម​ស្ថាប័ន​ក្រសួង​នីមួយ​ៗ ឬ​ក៏​ទិញ​ឈ្មោះ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​ថែម​ទៀត​។ ការ​គិតគូ​សូកប៉ាន់ ដើម្បី​ក្លាយជា​មន្ត្រីរាជការ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​បើកចំហ​ទេ តែ​គេ​ដឹង​ជា​ទូទៅ​គ្រប់​ៗ​គ្នា​នៅ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​។

មូលហេតុ​៣​យ៉ាង ដែល​នាំ​អោយ​គេ​ចង់បាន​សម្រេចចិត្ត​បន្តការងារ​ជា​មន្ត្រី​រាជ គឺ​មូលហេតុ​ទី​១ ធ្វើការ​មន្ត្រីរាជការ​ពេល​ឡើង​ឋានៈ​បុណ្យស័ក្តិ មាន​កិត្តិយស​ដល់​ខ្លួនឯង​ផង និង​ដល់​ក្រុម​គ្រួសារ​ផង​។ មូលហេតុ​ទី​២ ធ្វើ​ជា​មន្ត្រីរាជការ អាច​បញ្ចេញ​សមត្ថភាព​ចំណេះ​ជំនាញ ដើម្បី​បម្រើ​ប្រទេស​ជាតិ​។ មូលហេតុ​ទី​៣ នៅ​ពេល​ចាស់ ដល់​អាយុ​ចូល​និវត្តន៍ គឺ​មាន​ប្រាក់​ចូល​និវត្តន៍​ដែល​ស្មើនឹង ៨០% នៃ​ប្រាក់ខែ​បច្ចុប្បន្ន​។

ប៉ុ​ន្ត​ទោះបីជា​យ៉ាង​ក៏​ដោយ​ចុះ ការ​ធ្វើ​ការងារ​មាន​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ​។ តាម​ពិត​ចំណូល​អ្នកធ្វើការ​ត្រឹមត្រូវ​តាម​ស្ថាប័នរដ្ឋ​មិន​បាន​ស្មើនឹង​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ផង​។ ពួក​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​អាច​រក​ចំណូល​រហូត​ដល់​ទៅ​៨០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ការ​មានមុខ​របរ​ផ្ទាល់ខ្លួន​មិន​ត្រឹមតែ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ការ​ធ្វើ​ការងារ​អោយ​គេ​ទេ​។ ប៉ុន្តែ​វា​ថែម​ទាំង​អាច​បន្សល់​ទុក​ដល់​កូន​ជំនាន់​ក្រោយ​ទៀត​ផង​។

នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ការ​រកស៊ី​មានមុខ​របរ​ផ្ទាល់ខ្លួន​នឹង​មាន​ប្រៀប​ជាង​ការ​ធ្វើការ​អោយ​គេ បើ​ទោះបីជា​ការ​រកស៊ី​ទាមទារ​កិច្ច​ប្រឹងប្រែង អត់ធ្មត់ និង​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ក៏​ដោយ​៕