តោះ​ទៅ​ស្ដាប់​បទ​ពិសោធន៍ ផ្ដើម​ស្នេហា​ដំបូង​​របស់​យុវជន​ ៣​នាក់

​ស្នេហា​​​​​​រវាង​មនុស្ស​ពីរ​នាក់​ អាច​កើត​ឡើង​​តាម​រូបភាព​ជា​ច្រើន ដូច​ជា​ការ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត ពី​មិត្តភ័ក្ដិ​ក្លាយ​ជា​ស្នេហា ពី​សត្រូវ​​ទៅ​ជា​​គូ​​សង្សារ​​ ​និង​ការ​​ស្រលាញ់​ចិត្ត​និង​ចិត្ត​ជា​ដើម​​​…​រហូត​ក្លាយ​ជា​​​​គូ​ស្នេហ៍​។ ភាគ​ច្រើន​​ការ​សុំ​សេចក្ដី​ស្នេហា គឺ​​ភាគី​ខាង​ប្រុស​ជា​អ្នក​ចាប់​ផ្ដើម​មុន​ ដោយ​​បង្ហាញ​ជា​កាយ​វិការ​ឬ​សកម្មភាព​អ្វី​មួយ​ជា​សញ្ញា​​ប្រាប់​ទៅ​ដល់​នារី​ម្នាក់​ដែល​គេ​ស្រលាញ់​។ ​បើ​ដូច​នេះ​ ប្រុស​ៗ​​​និយាយ​​ប្រាប់​នាង​យ៉ាង​ម៉េច​ខ្លះ​ទៅ​​? តោះ​! ទៅ​ស្ដាប់​​បទ​ពិសោធន៍​ពួក​គេ​មើល៍!

 

ពី​មិត្តភ័ក្ដិ​ក្លាយ​ជា​ស្នេហា៖ យុវជន គុណ​វឌ្ឍន៍ ​​រៀន​នៅ​សកលវិទ្យាល័យ​ន័រតុន​បាន​រៀប​រាប់​ថា រូប​គេ​​និង​​មិត្ត​ស្រី​បាន​ស្គាល់​គ្នា​​​​​នៅ​ឆ្នាំ​​២០១៣ ពេល​រៀន​ថ្នាក់​អង់គ្លេស​ជា​​មួយ​គ្នា។ អ្វី​ដែល​ធ្វើ​​ឲ្យ​ទំនាក់​ទំនង​​របស់​និស្សិត​​​​​រៀន​ផ្នែក​វិស្វកម្ម​​សំណង់​ស៊ីវិល​​រូប​​នេះ​ចេញ​ពី​មិត្ត​ធម្មតា​​រហូត​ក្លាយ​ជា​សង្សារ​​ គឺ​​ការ​យល់​ចិត្ត​គ្នា​ដោយ​ស្គាល់​គ្នា​យូរ​ ហើយ​​មិត្ត​ស្រី​​របស់​គេ​​ជឿ​ទុក​​ចិត្ត​ថា​រូប​គេ​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​​ឲ្យ​នាង​បាន។

 

គុណវឌ្ឍន៍​និយាយ​ថា៖ ” ឧស្សាហ៍​មើល​មុខ​គេ​ចំៗ គេ​បបួល​ទៅ​ណា ទៅ​តាម​គេ​…ស្គាល់​​​គ្នា​​យូរ​ទៅ​ គេ​​​សួរ​ថា​ស្រលាញ់​គេ​មែន​ ហើយ​ក៏​ឆ្លើយ​ប្រាប់​​គេ​​តាម​ត្រង់​ទៅ​”។

 

តោះ​ទៅ​ស្ដាប់​បទ​ពិសោធន៍ ផ្ដើម​ស្នេហា​ដំបូង​​របស់​យុវជន​ ៣​នាក់

(រូបតំណាង)

 

ស្នេហា​កើត​ឡើង​ដោយ​​​​​ភាព​ចៃដន្យ​៖ ​ជា​​ការ​​​បង្ហាញ​ពី​បទ​ពិសោធន៍​ស្នេហា​របស់​ខ្លួន​និង​​​​​គូ​ដណ្ដឹង​ លោក​ វុទ្ធា​​ បុគ្គលិក​​​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​ឲ្យ​ដឹង​ថា លោក​បាន​ជួប​​អនាគត​ភរិយា​​ នៅ​​​​​ពេល​សាលា​ដែល​លោក​រៀន​​​​មាន​ដំណើរ​កម្សាន្ត​​ទៅ​​ក្រុង​ព្រះ​សីហនុ (លោក​ និង​គូ​ដណ្តឹង​រៀន​សាលា​ជា​មួយ​គ្នា)។

 

បុគ្គលិក​ក្រុមហ៊ុន​វ័យ​២៥​ឆ្នាំ​រូប​នេះ​​​ប្រាប់​ថា ​​ពេល​ធ្វើ​ដំណើរ​​លើ​ឡាន​ជា​មួយ​គ្នា​​ មាន​បង​ប្រុស​ម្នាក់​មាន​គំនិត​បង្កើត​កម្មវិធី​មួយ ​គឺ​ឲ្យ​មិត្តភ័ក្ដិ​ម្នាក់​ៗ​ដែល​នៅ​ក្នុង​ឡាន​និយាយ​​ណែ​នាំ​ខ្លួន។ ពេល​នោះ​ហើយ​ដែល​ លោក និង​គូ​ដណ្ដឹង​ចាប់​ផ្ដើម​ស្គាល់​គ្នា​ ដោយ​ការ​​និយាយ​លេង​រាប់​អាន​គ្នា​​​​។

 

លោក​ វុទ្ធា​និយាយ​ថា៖ “ឡាន​ចុះ​សម្រាក​ទិញ​អី​ហូប​នៅ​ពេជ្រ​និល ពេល​នោះ​ខ្ញុំ​ទិញ​ទឹក​ក្រូច​​ឲ្យ​​នាង​ និង​មិត្តភ័ក្ដិ​ម្នាក់​ដែល​អង្គុយ​ជិត​នាង ម្នាក់​មួយ​កំប៉ុង​។ ​ពេល​ដល់​​​​មាត់​សមុទ្រ​រៀប​ចំ​ហូបបាយ នាង​ក៏​បាន​យក​បាយ​ឲ្យ​ខ្ញុំ​មួយ​ប្រអប់​។ ពេល​នោះ​​មាន​អារម្មណ៍​ថា នាង​ចាប់​ផ្ដើម​​ចាប់​​​អារម្មណ៍​​លើ​ខ្ញុំ​​​ដែរ… ពេល​នោះ​​ហើយ​ពួក​យើង​​ចាប់​ផ្ដើម​ជិត​ស្និទ្ធ​ ចូល​ថត​រូប​ជុំ​គ្នា ទៅ​ដើរ​​លេង​​ជា​មួយ​គ្នា រហូត​ពេល​ទៅ​ភ្នំពេញ​វិញ​​ខ្ញុំ​​ក៏​​សុំ​​លេខ​នាង​​​ទុក​សម្រាប់​តេ​ទៅ​​លេង។ ចាប់​ពី​ពេល​នោះ​ខ្ញុំ​តេ​ទៅ​នាង​ រាប់​​អាន​ស្គាល់​គ្នា រហូត​ដល់​ថ្ងៃ​មួយ​​ខ្ញុំ​ណាត់​នាង​ទៅ​កោះ​ពេជ្រ​​ទៅ​ដើរ​លេង ពេល​​នោះ​ហើយ​ខ្ញុំ​សារភាព​ប្រាប់​នាង​ ថា​ខ្ញុំ​​ស្រលាញ់​នាង ហើយ​នាង​ក៏​ដូច​ខ្ញុំ​ដែរ។

 

តោះ​ទៅ​ស្ដាប់​បទ​ពិសោធន៍ ផ្ដើម​ស្នេហា​ដំបូង​​របស់​យុវជន​ ៣​នាក់

(រូបតំណាង)

 

ស្នេហា​​កើត​ឡើង​ពី​ការ​ប្រឹង​ប្រែង​របស់​ភាគី​ម្ខាង៖ ងាក​ទៅ​ស្ដាប់​លោក​ សុមនា និស្សិត​​​​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ម្នាក់​បាន​រៀប​រាប់​ពី​​ចំណង​ស្នេហា​​របស់​​រូប​​គេ​ និង​មិត្ត​ស្រី​ថា ពួក​គេ​បាន​ស្គាល់​គ្នា​តាម​ Facebook នៅ​ឆ្នាំ​២០១៣។

 

យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​និយាយ​ថា ៖ “ពេល​នោះ​ខ្ញុំ​ឡើង​មក​រៀន​នៅ​ភ្នំពេញ ស្គាល់​គ្នា​តាម​ Facebook ។ ស្គាល់​គ្នា​និង​យល់​ពី​គ្នា​ខ្លះ​ រយៈ​ពេល​មួយ​ខែ ក៏​ណាត់​ជួប​គ្នា។ បន្ទាប់​ពី​​បាន​ជួប​គេ​រួច​ ពេល​នោះ​ក៏​បាន​ SMS ប្រាប់​គេ​ថា​ស្រលាញ់​គេ”។ និស្សិត​ដដែល​បាន​បន្ត​ទៀត​ថា៖ “គេ​មិន​ទាន់​ឆ្លើយ​ប្រាប់​ថា​ស្រលាញ់​ខ្ញុំ​ភ្លាម​នោះ​ទេ គឺ​ថា​ធ្វើ​សង្សារ​លេង​ៗ​ដើម្បី​យល់​ចិត្ត​ ហើយ​យូរ​ទៅ​​យើង​ក៏​​ស្រលាញ់​គ្នា​មែនទែន​”។

 

តើ​ចំណុច​ណា​មួយ​​ខាង​លើ​​ត្រូវ​នឹង​ប្រិយ​មិត្ត​? ចុះ​មាន​ចំណុច​ណា​ទៀត​ដែល​បង្កើត​​​ជា​ស្នេហា​របស់​អ្នក? កុំ​ភ្លេច​ចែក​រំលែក​ប្រាប់​ Sabay ផង​ណា!

 

ចុចអាន៖  ៧​យ៉ាងអាច​កើត​ជា​ស្នេហា​​ តើ​អ្នក​ចូល​ចំណុច​មួយ​ណា?

 

អត្ថបទ៖ មាន រតនា​​​​​​​​​​​​​​​​

​​​​​​​​​​

​​​​​​​​​​​​​​