អាល្លឺម៉ង់ ប្រាប់​អឺរ៉ុប​ថា មិនត្រូវ​ឲ្យ​តួ​ក​គី​កេងចំណេញ​លើ​ករណី​ទិដ្ឋាការ​នោះទេ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-03-2016, 7:59 am         36

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាល្លឺម៉ង់ ប្រាប់​អឺរ៉ុប​ថា មិនត្រូវ​ឲ្យ​តួ​ក​គី​កេងចំណេញ​លើ​ករណី​ទិដ្ឋាការ​នោះទេអធិការបតីរងអាល្លឺម៉ង់ លោក Sigmar Gabriel​ទំនាក់ទំនង​រវាង​អឺរ៉ុប និង​តួ​ក​គី កាន់តែ​ផុយស្រួយ​ទៅហើយ នៅក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី និង​ការ​បោសសម្អាត​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​នេះ ដែល​រង​ការរិះគន់​ខ្លាំងៗ​ពី​សំណាក់​អឺរ៉ុប​។ ឆ្លើយតប​នឹង​ការរិះគន់​របស់​អឺរ៉ុប តួ​ក​គី​បាន​គំរាម​លុបចោល​នឹង​កិច្ចព្រមព្រៀង​ជន​ភៀស​ជាមួយ​អឺរ៉ុប ប្រសិនបើ​អឺរ៉ុប មិន​ព្រម​ផ្ដល់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​តួ​ក​គី ចូល​អឺរ៉ុប​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។ 

​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់ បានបង្ហាញ​ជំហរ​ប្រឆាំងនឹង​ការទាមទារ​របស់​តួ​ក​គី​ឲ្យ​អឺរ៉ុប​ផ្ដល់​សិទ្ធិ​ដល់​ប្រជាជន​ខ្លួន ចូល​ទឹកដី​អឺរ៉ុប​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ ដែលជា​សម្បទាន​របស់​អឺរ៉ុប​សម្រាប់​តួ​ក​គី ក្រោម​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​នោះ​។ បញ្ហា​ជុំវិញ​ទិដ្ឋាការ​នេះ លេច​ជា​រូបរាង បន្ទាប់ពី​មេដឹកនាំ​អឺរ៉ុប រិះគន់​សកម្មភាព​បោសសម្អាត​របស់​ប្រធានាធិបតី​តួ​ក​គី​លើ​អ្នក​ជាប់ទាក់ទង​រដ្ឋប្រហា​រ និង​គម្រោង​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​។

​អធិការបតី​រង​អាល្លឺម៉ង់ លោក Sigmar Gabriel បាន​និយាយ​នៅ​ថ្ងៃទី​១ ខែសីហា ថា អឺរ៉ុប​មិនត្រូវ​ឲ្យ​តួ​ក​គី​គំរាម​យក​ផលប្រយោជន៍​លើ​ករណី​ទិដ្ឋាការ​ចូល​អឺរ៉ុប​ដោយ​សេរី​បានទេ ហើយ​អឺរ៉ុប​ក៏​មិនត្រូវ​ឲ្យ​គេ​គំរាម​យក​ប្រយោជន៍​បានដែរ​។ អធិការបតី​រង​រូបនេះ​បន្តថា វា​អាស្រ័យ​លើ​តួ​ក​គី ដែល​ចង់បាន​ទិដ្ឋាការ ឬក៏​អត់​នោះ​។

​នៅក្រោម​កិច្ចព្រមព្រៀង​ជនភៀសខ្លួន អឺរ៉ុប​សន្យា​ឲ្យ​ពលរដ្ឋ​តួ​ក​គី ចូល​អឺរ៉ុប​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។ ប៉ុន្តែ​ផែនការ​នេះ ត្រូវបាន​ពន្យារ ដ្បិត​ស្ថានការណ៍​នៅ​តួ​ក​គី កាន់តែ​អាក្រក់ បន្ទាប់ពី​ការ​បោសសម្អាត​របស់​ប្រធានាធិបតី​តួ​ក​គី​។

​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ដែរ​ថា អធិការបតី​រង​អាល្លឺម៉ង់​បានលើកឡើង​ពី​ការ​ឃ្លាតឆ្ងាយ​ពី​អឺរ៉ុប​របស់​តួ​ក​គី ព្រោះតែ​ការប៉ុនប៉ង​អនុវត្ត​ទោស​ប្រហារជីវិត ដែល​នេះ​គឺ​ផ្ទុយ​ពី​គោលការណ៍​របស់​អឺរ៉ុប​។ លោក Sigmar Gabriel បញ្ជាក់ថា ធម្មនុញ្ញ​អឺរ៉ុប ជា​ផ្នែក​សំខាន់បំផុត​របស់​អឺរ៉ុប និង​ត្រូវតែ​អនុវត្ត ប្រសិនបើ​តួ​ក​គី​ចង់​ចូល​អឺរ៉ុប​។    

​សូម​រម្លឹកថា កាលពី​ចុង​សប្ដាហ៍ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu ព្រមាន​ថា តួ​ក​គី​អាច​នឹង​រំលាយចោល​កិច្ចព្រមព្រៀង​ជនភៀសខ្លួន​ជាមួយ​អឺរ៉ុប ដែលមាន​គោលដៅ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន ក្នុងករណី​អឺរ៉ុប​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​តួ​ក​គី​ចូល​អឺរ៉ុប ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​ទេនោះ​។ ចំណែក​ប្រធានាធិបតី​តួ​ក​គី Erdogan ក៏បាន​ឲ្យ​អឺរ៉ុប​បង់លុយ ដែល​សន្យា​ឲ្យ​ខ្លួន​ដើម្បី​ដោះស្រាយ​ជនភៀសខ្លួន​ផងដែរ​។

​បន្ទាប់ពី​ការ​បោសសម្អាត​អ្នកពាក់ព័ន្ធ​រដ្ឋប្រហារ​ថ្ងៃទី​១៥ ខែកក្កដា តួ​ក​គី​រង​ការរិះគន់​យ៉ាងខ្លាំង ទាំងពី​អឺរ៉ុប និង​អាមេរិក​។ ប៉ុន្តែ​រដ្ឋាភិបាល​តួ​ក​គី ប្រតិកម្ម​តប​វិញ​ដោយ​និយាយថា អ្នក​ដែល​យកចិត្ត​ទុក​ជនល្មើស មិន​សម​ធ្វើជា​មិត្ត​របស់​តួ​ក​គី​ទេ ហើយ​មេដឹកនាំ​តួ​ក​គី ក៏​រិះគន់​ខ្លាំង​លើ​អឺរ៉ុប នៅក្រោយពេល​អឺរ៉ុប​អធិប្បាយ​លើ​ការប៉ុនប៉ង​អនុវត្ត​ទោស​ប្រហារជីវិត ហើយក៏​រាលដាល​ដល់​កិច្ចព្រមព្រៀង​ជន​ភៀស​ទាំង​ម្ដង​៕