ឯកអគ្គរដ្ឋ​ទូត​ចិន​សរសើរ​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា​ចំពោះ​សាលដីកា​សមុទ្រ​ចិន​ខាង​ត្បូង

ការសម្តែងការកោតសរសើររបស់លោកស្រី BU Jianguo ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកម្ពុជាបង្ហាញជំហរអព្យាក្រឹតចំពោះសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិអំពីជម្លោះសមុទ្រចិនខាងត្បូង។

ភ្នំពេញ — នាព្រឹកថ្ងៃអង្គារនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការកោតសរសើរដល់រដ្ឋាភិបាលកម្ពុជាចំពោះជំហរអព្យាក្រឹតទៅលើសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលកាត់សេចក្តីឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស។

ការសម្តែងការកោតសរសើររបស់លោកស្រី BU Jianguo ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកម្ពុជាបង្ហាញជំហរអព្យាក្រឹតចំពោះសាលដីកាតុលាការអាជ្ញាកណ្តាលអន្តរជាតិអំពីជម្លោះសមុទ្រចិនខាងត្បូង។

ប្រទេសកម្ពុជាបានទទួលយកជំនួយផ្សេងៗ ដែលមានតម្លៃរាប់រយលានដុល្លារពីប្រទេសចិន។ សហគមន៍អន្តរជាតិបានបង្ហាញការព្រួយបារម្ភចំពោះឥទ្ធិពលរបស់ប្រទេសចិនមកលើប្រទេសកម្ពុជា។

លោកស្រីឯកអគ្គរាជទូតចិនរូបនេះ បាននិយាយថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិមួយខ្សែនៅខេត្តកំពង់ស្ពឺដែលគាំទ្រហិរញ្ញវត្ថុដោយរដ្ឋាភិបាលចិន នាព្រឹកថ្ងៃអង្គារថា ជំនួយដែលចិនសម្រេចផ្តល់ឲ្យកម្ពុជាកន្លងមក មិនពាក់ព័ន្ធនឹងរឿងនយោបាយ ឬលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។

លោកស្រី BU Jianguo ឯកអគ្គរដ្ឋទូតចិនថ្លែងយ៉ាងដូច្នេះ៖

«គួរឲ្យកត់សម្គាល់ផងដែរថា រាល់ជំនួយ និងការបណ្តាក់ទុនវិនិយោគ របស់ប្រទេសចិនចំពោះបរទេស គឺមិនដែលមានលក្ខខណ្ឌនយោបាយ ឬក៏ជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសដែលទទួលជំនួយនោះទេ។ ប្រទេសចិនមានគោលបំណង និងទឹកចិត្តស្មោះចំពោះការជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

លោកស្រីលើកឡើងថា ជំហររបស់កម្ពុជាដែលប្រទេសចិនអះអាងថា យុត្តិធម៌ និងអព្យាក្រឹតនេះ មិនត្រឹមតែធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចិនកោតសរសើរនោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋចិនជាច្រើននាក់សម្តែងការសាទរ ហើយប្រកាសថា ពួកគេនឹងនាំគ្នាមកទស្សនានៅកម្ពុជា និងទិញផលិតផលកសិកម្មរបស់កម្ពុជាផងដែរ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ថ្លែងប្រាប់ VOA ថា កម្ពុជាគួរតែបន្តប្រកាន់យកជំហរអនុប្បវាទដដែល ដោយសារតែកម្ពុជាជាប្រទេសតូចដែលមានភាពរកាំរកូសផ្ទៃក្នុងនៅឡើយ។ លោកបន្ថែមថា ប្រទេសនេះមិនទាន់មានលទ្ធភាពរួមចំណែកដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសនោះទេ។

លោកថ្លែងថា៖

«ភាពជិតស្និទ្ធរវាងកម្ពុជានិងចិន ជារឿងមួយល្អ ប៉ុន្តែបើយើងឈរលើគោលជំហរមួយលម្អៀងទៅរកចិន រយៈពេលខ្លី មិនប៉ះពាល់អីទេ ប៉ុន្តែរយៈពេលវែង អាចមានការខាតខ្លះដែរ ត្រង់ថា វាឯកោជាមួយប្រទេសដទៃ ហើយយើងនឹងចូលស៊ងម្តងបន្តិចៗក្នុងការពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន»។

លោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រយល់ថា គេគួរតែមានការបែងចែកឲ្យដាច់ពីគ្នារវាង ជំហររបស់កម្ពុជាចំពោះបញ្ហាសមុទ្រចិនខាងត្បូង និងការយល់ឃើញរបស់ចិនមកលើជំហរកម្ពុជា។

អ្នកវិភាគរូបនេះពន្យល់ប្រាប់ VOA ថា៖

«អ្វីដែលមាននៅក្នុងការសម្រេចចិត្ត ឬបង្ហាញពីជំហរកម្ពុជា ហើយដែលបណ្តាប្រទេសផ្សេងទៀតបង្ហាញគោលជំហរគាំទ្រ អាហ្នឹងជារឿងផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ រួមបញ្ចូលទាំងចិនផងដែរ។ បើសិនជាគាត់មើលឃើញថា ការសម្រេចចិត្តរបស់កម្ពុជា ដែលគាត់គិតប្រហាក់ប្រហែលគ្នា ហើយគាត់យល់ថា ត្រឹមត្រូវគាត់អាចប្រកាសគាំទ្រ»។

កាលពីសប្តាហ៍មុន ប្រទេសចិន បានកោតសរសើរដល់ជំហររបស់កម្ពុជាម្តងរួចហើយនៅក្នុងជំនួបទ្វេភាគីក្រៅផ្លូវការរវាងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ខណៈដែលពួកលោកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបញ្ចាក់ប្រាប់ VOA ថា ការសម្រេចចិត្តរបស់កម្ពុជា គឺកំណត់តាមគោលការណ៍គ្រឹះអាស៊ាន ដែលចុះហត្ថលេខាតាំងពីឆ្នាំ២០០២ ស្តីពីការដោះស្រាយវិវាទអធិបតេយ្យភាពនៃឈូងសមុទ្រចិនខាងត្បូង។ លោកថា ជំហររបស់កម្ពុជា គឺដើម្បីផលប្រយោជន៍ និងសន្តិភាពក្នុងតំបន់អាស៊ានទាំងមូល។

លោក ផៃ ស៊ីផានថ្លែងប្រាប់ VOA ថា៖

«ដោយសារគោលការណ៍កម្ពុជា និងអាស៊ានយល់ឃើញថា យើងអត់យកចិនជាសត្រូវ ហើយយើងក៏មិនយកអាមេរិកធ្វើជាសត្រូវអាស៊ានដែរ ព្រោះអាស៊ានត្រូវការដៃគូក្នុងការអភិវឌ្ឍ និងរក្សាសន្តិភាពនៅលើតំបន់ឈូងសមុទ្រចិនខាងត្បូងនេះឯង។ ដូច្នេះ យើងត្រូវតែយកការជជែកគ្នា បញ្ចៀសសង្គ្រាមដែលជាគោលការណ៍អាស៊ានជាធំ។ ដូច្នេះ នេះជាជោគជ័យអាស៊ាន នៃសហប្រតិបត្តិការ និងមិត្តភាពរវាងអាស៊ាន ជាមួយនឹងចិន»។

លោក ផៃ ស៊ីផាន បន្ថែមថា កម្ពុជាស្វាគមន៍នូវរាល់កិច្ចពិភាក្សា និងដៃគូអភិវឌ្ឍ ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក មិនចំពោះតែប្រទេសចិនមួយនោះទេ៕

ប្រភព៖ VOA


Related Posts