ភ្លើង​លែង​ឆេះ​ហើយ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បន់ស្រន់​រួច

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​​ថា អគ្គិភ័យ​បាន​លែង​កើត​មាន​ទៀត​ហើយ​ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា ២០១៦​នេះ បន្ទាប់​ពី​ម្ចាស់ផ្ទះ​បាន​និយាយ​បន់ស្រន់​ទៅ​កាន់​អ្នក​បញ្ជាន់រូប​ក្នុង​លក្ខខណ្ឌ​បើ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​នៅ​ក្នុងផ្ទះ​ទៀត​នោះ​នឹង​មិន​សង់​ខ្ទម​អ្នកតា​ឲ្យ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ចាប់តាំងពី​ព្រឹក​រហូត​មក​ដល់​រសៀល​ថ្ងៃ​អង្គារ​ ទី​០២សីហា ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ចម្ងាយនៅ​តែ​បន្ត​នាំ​គ្នា​ចូល​ទៅ​មើល​ហេតុការណ៍​ផ្ទះ​ដែល​ចេះ​តែ​កើត​មាន​អគ្គិភ័យ​មិនដឹង​មូលហេតុ​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ បឿន សា​លឿន អាយុ​៣៧​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ កោប យី អាយុ​៣៨​ឆ្នាំ មានកូន​៣​នាក់​គិត​ទាំង​កូន​ក្នុង​ផ្ទៃ​៨​ខែ រស់នៅ​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

បើ​តាម​ម្ចាស់ផ្ទះ មុន​ពេល​កើត​មាន​អគ្គិភ័យ​នេះ គាត់​បាន​រើស​បាន​លោក​ហៈ​ធាតុ​កញ្ចាំង​(​ស្រ​ដៀង​ម្កុដ​) មាន​ទំហំ​៧​ហ៊ុន​មក​ទុក​លើ​ផ្ទះ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ក៍កើត​មាន​ភ្លើង​ឆេះ​ក្នុងផ្ទះ​រហូត​ម្តង​ឆេះ នេះ​ម្តង​ឆេះ​នោះ ហើយ​អ្វី​ដែល​ជា​ច​ម្ង​ល់​នោះ​ទៀត នៅ​ពេល​ម្ចាស់​បាន​យក​កញ្ចាំង​ពីលើ​ផ្ទះ​ចុះ​ក្រោម​និង​ប្រគេន​ព្រះសង្ឃ​ទុក ក្នុង​វត្ត​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ក្តី ក៍​អគ្គិភ័យ​នៅ​តែ​កើត​មាន​ទោះជា​អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​ភូមិ​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​នោះ​ក្តី ប៉ុន្តែ​ចាប់តាំងពី​ព្រឹក​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា​នេះ អគ្គិភ័យ​មិន​បាន​កើត​មាន​ទៀត​ទេ ក្រោយ​ពេល​ម្ចាស់ផ្ទះ​និយាយ​បន់ស្រន់​ដាក់​លក្ខខណ្ឌ​អ្នក​ចូល​រូប​ថាបើ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​អីវ៉ាន់​ក្នុងផ្ទះ នឹង​មិន​សង់​ខ្ទម​អ្នកតា​ឲ្យ​នោះ​ទេ​៕