ក្រសួង នឹងផ្តល់ប្រាក់រង្វាន់ឲ្យម្ចាស់មេដាយនៅថ្ងៃនេះ បន្ទាប់ពីក្រុមបាល់ទាត់ក្រើនរំឭក

លោក ហង់ ជួនណារ៉ន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងនាំយកថវិការបស់រាជរដ្ឋាភិបាល មកប្រគល់ជូនដល់អត្តពលិក និងគ្រូបង្វឹក ដែលទទួលមេដាយពីការប្រកួតជើងឯកអាស៊ី និងការប្រកួត Mekong Games 2016 នៅទីស្នាក់ការក្រសួងអប់រំ យុវជន និងកីឡា នារសៀលម៉ោង ៤:៣០ ថ្ងៃនេះ។

khmer-ft16

បើតាមសេចក្តីជូនដំណឹង ដែលបានបង្ហោះនៅលើផេសហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថាគ្រូបង្វឹក កីឡាករ កីឡាការិនី ម្ចាស់ជ័យលាភីការប្រកួតមេគង្គហេ្គម និងជ័យលាភីជើងឯកអាស៊ី លើប្រភេទកីឡាសីជីនឡូន ត្រូវមកចូលរួមទទួលយកប្រាក់រង្វាន់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៤:៣០នាទីរសៀល ដោយសម្លៀកបំពាក់ឯកសណ្ឋានកីឡា សៀវែតឺម៉ង់។

ការសម្រេចផ្តល់ប្រាក់រង្វាន់ ព្រមទាំងមានការចេញសេចក្តីប្រកាស ដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានគេមើលឃើញថា អាចមកពីក្រសួង មិនចង់ទទួលរងការរិះគន់ពីមហាជន ពិសេសអ្នកនិយមលេងហ្វេសប៊ុក កាន់តែខ្លាំង បន្ទាប់ពីក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ ដែលដណ្តើមបានមេដាយមាស ក្នុងការប្រកួតកីឡា Mekong Games 2016 បានបង្ហោះវីដេអូមួយ កាលពីពេលថ្មីៗនេះ ដើម្បីក្រើនរំឭកទៅដល់ថ្នាក់ដឹកកីឡារបស់ក្រសួង ដែលបានសន្យាជាមួយពួកគេមុនពេលទៅប្រកួតថា នឹងផ្តល់ថវិកាដល់ពួកគេក្នុងម្នាក់៣លានរៀល បើដណ្តើមបានមេដាយមាសនោះ។

ក្រុមបាល់ទាត់U19កម្ពុជា បានលើកឡើងនៅក្នុងខ្សែវីដេអូ ដែលមានខ្លឹមសារជារួមថា៖«ក្រសួងអប់រំ យុវជន និងកីឡា បានសន្យាមុនពេលពួកខ្ញុំចេញទៅប្រកួតថា នឹងឲ្យពួកខ្ញុំ៣លានរៀលម្នាក់ បើសិនជាពួកខ្ញុំដណ្តើមបានមេដាយមាស ប៉ុន្តែពេលនេះពួកខ្ញុំបានរងចាំអស់រយៈពេល៥ខែហើយ គឺគាត់អត់ដែលផ្តល់ដំណឹងដល់ពួកខ្ញុំនោះទេ ហេតុនេះហើយទើបខ្ញុំសម្រេចផុសវីដេអូនេះ ដើម្បីចង់ដឹងថាគាត់ឲ្យប្រាក់រង្វាន់ដល់ពួកខ្ញុំពេលនេះ តែបើគាត់មិនឲ្យក៏ពួកខ្ញុំមិនថាអីនោះដែរ គ្រាន់តែគាត់ជាអ្នកសន្យាជាមួយពួកខ្ញុំ»៕

The post ក្រសួង នឹងផ្តល់ប្រាក់រង្វាន់ឲ្យម្ចាស់មេដាយនៅថ្ងៃនេះ បន្ទាប់ពីក្រុមបាល់ទាត់ក្រើនរំឭក appeared first on CamboSport.