Everton ចុះហត្ថលេខាជាមួយ Gueye ពីក្លិប Aston Villa ក្នុងតម្លៃខ្លួន៧,១លានផោន

លោក Ronald Koeman បានចុះហត្ថលេខាជាមួយនឹងកីឡាករទីមួយរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Everton ក្រោយពី Idrissa Gueye បានផ្ទេរចេញពីក្លិប Aston Villa។ ក្លិប Everton បានចំណាយប្រាក់ទិញរំលាយកិច្ចសន្យារបស់ខ្សែបម្រើអន្តរជាតិសេណេហ្គាល់រូបនេះក្នុងតម្លៃខ្លួន៧,១លានផោន (ស្មើនឹង៩,៥លានដុល្លារអាមេរិក) កាលពីសប្តាហ៍មុន ហើយខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ បានយល់ព្រមចុះហត្ថលេខាលើកុងត្រារយៈពេល៤ឆ្នាំ។

Ronald-Koeman-ft16

Gueye គឺជាកីឡាករចំណូលថ្មីទី២របស់លោក Koeman បើគិតចាប់តាំងពីលោកបានចូលកាន់តំណែងជំនួសលោក Roberto Martinez កាលពីពាក់កណ្តាលខែមិថុនា ក្រោយពីអ្នកចាំទី Maarten Stekelenburg បានចូលរួមពីក្លិប Fulham។ លោក Koeman បានឲ្យដឹងថា៖ «Idrissa នឹងផ្តល់នូវគុណភាពក្នុងក្រុមរបស់យើងនៅតំបន់បម្រើ ហើយយើងចង់ចង្កើនគុណភាពក្នុងក្រុមនេះ។

រូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករកាលពីរដូវកាលមុនដែលមានកំណត់ត្រាដ៏ល្អបំផុតទៅលើការបញ្ជូនបាល់ និងរារាំងគូប្រកួតនៅតំបន់កណ្តាល។ យើងត្រូវការនូវគុណភាពបែបនេះ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការមានរូបគេចូលរួមជាមួយនឹងក្លិបនេះ »។ ខ្សែបម្រើរូបនេះបានផ្ទេរទៅកាន់ក្លិប Aston Villa ពីក្លិប Lille កាលពីរដូវកាលមុន និងបានធ្វើការបង្ហាញខ្លួន៣៨លើកក្នុងរាល់ការប្រកួតទាំងអស់ ខណៈដែល Aston Villa បានធ្លាក់ចេញពីក្របខ័ណ្ឌ Premier League៕

ប្រភពព័ត៌មាន៖ The Guardian

The post Everton ចុះហត្ថលេខាជាមួយ Gueye ពីក្លិប Aston Villa ក្នុងតម្លៃខ្លួន៧,១លានផោន appeared first on CamboSport.