អ្នកគួរតែសួរខ្លួនឯង ៤សំណួរនេះសិន មុននឹងសម្រេចចិត្ត ថាជួយយកអាសារអ្នកដទៃ!

រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលមនុស្សយើងម្នាក់ៗតែងតែធ្វើជាប់ជានិច្ច នោះគឺ ការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែការជួយអ្នកដទៃខ្លាំងជ្រុលហួសហេតុពេក ក៏ជារឿងមិនល្អដែរ។ អ្នកខ្លះឱ្យតែមានគេពឹងពាក់សុំឱ្យជួយធ្វើកិច្ចការណាមួយនោះគឺ ឆ្លើយអូខេរហូត តែនៅក្នុងចិត្តវិញពិបាកណាស់ ព្រោះមានរឿងខ្លះគឺខ្លួនធ្វើមិនបានល្អទេ ហើយមិនពេញចិត្តធ្វើផង តែដោយសារតែការបង្ខំ ឬខ្លាចអ្នកដទៃខឹងស្អប់ខ្លួន ក៏ចេះតែជួយទៅ។

ចំណែកឯលទ្ធផលវិញគឺមិនល្អឡើយសម្រាប់ខ្លួនឯង ព្រោះត្រូវធ្វើ ឱ្យខ្លួនឯងពិបាកចិត្ត ពិបាកគិត និងពិបាកដោះស្រាយ។ ដូច្នេះប្រសិនមានបញ្ហានេះ កើតឡើង យើងគួររៀនសួរខ្លួនឯងជាមុនសិន ជាមួយនឹងសំណួរទាំង៤ខាងក្រោម មុននឹង ឆ្លើយតបថាយល់ព្រមជួយអ្នកដទៃ។

នេះគឺដើម្បីឱ្យប្រាកដថា រឿងដែលគេបានស្នើមកអ្នកឱ្យជួយដោះស្រាយ  មិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកទៅថ្ងៃក្រោយ។ តាម Amy Morin បានសរសេរ Guideline ទុកនៅក្នុងសៀវភៅ 13 Things Mentally Strong People Don’t Do គឺមានដូចជា៖

១.នេះគឺជាអ្វីដែលអ្នកពិតជាអាចធ្វើវាបានមែនឬទេ? ប្រសិនបើសង្កេតមើលទៅឱ្យ បានច្បាស់បន្តិច អ្នកអាចនឹងឃើញថាមានរឿងខ្លះ ដែលអ្នកដទៃបានពឹងឱ្យអ្នកជួយវា មិនមែនជាអ្វីដែលអ្នកមានជំនាញធ្វើនោះទេ  ប៉ុន្តែដើម្បីរក្សាទំនាក់ទំនង  ឬកិត្តិយស ខ្លួនអ្នកក៏បានសម្រេចចិត្តថាធ្វើវា។  ដូច្នេះលទ្ធផលចេញមកគឺមិនល្អដូចអ្វីដែលអ្នក បានគិតឡើយ។ សួរខ្លួនឯងឱ្យបានច្រើនដងជាមុនសិនថា យើងពិតជាអាចជួយគេ ធ្វើរឿងនេះបានមែនឬយ៉ាងណា? បើធ្វើមិនបានទេគួរបដិសេធ ឬផ្តល់សំណើរ ឬគំនិតយោបល់ឱ្យគេ ទៅរកជំនួយណាផ្សេងទៀត។

២. តើអ្វីនឹងបាត់បង់ទៅបើអ្នកសម្រេចថាជួយគេធ្វើរឿងនេះ? កុំសន្យាបើធ្វើមិនបាន! ពេលអ្នកសម្រេចចិត្តថាជួយអ្នកដទៃ អ្នកប្រាកដជាបាត់បង់របស់អ្វីម្យ៉ាងជាមិនខាន មិនថាតែពេលវេលា  លុយកាក់ ​ ឬទ្រព្យរបស់នានា។ ដូច្នេះគួរគិតឱ្យបានម៉ត់ចត់មុន សម្រេចថាជួយយកអាសារគេ។

៣. អ្នកនឹងទទួលបានអ្វីបន្ទាប់ពីធ្វើកិច្ចការនេះចប់? ជារឿងធម្មតាទេ មានផលចំណេញទើបមនុស្សយើងដាក់ចិត្តធ្វើ។ ដូច្នេះសូមពិចារណារកហេតុផល ឬផលចំណេញខ្លះផង មុននឹងយល់ព្រមទទួលសំណើរជួយនរណាម្នាក់។ ដូច្នេះធ្វើជាមនុស្សអាត្មានិយមបន្តិចក៏បាន ដើម្បីកុំឱ្យមានការខាតបង់ធំធេងពេក សម្រាប់ខ្លួនឯង។

៤.តើអ្នកមានអារម្មណ៍ល្អទេប្រសិនបើបានធ្វើរឿងនេះ? មិនមែនអ្វីគ្រប់យ៉ាងដែល យើងបានធ្វើ គឺសុទ្ធតែល្អ និងអាក្រក់ទាំងអស់នោះទេ។ មានរឿងខ្លះបើធ្វើឱ្យយើងមិន សប្បាយចិត្ត  សូមកុំឆ្លើយតបយល់ព្រមជួយជាមួយគេអី ព្រោះវានឹងប៉ះពាល់ដល់ អារម្មណ៍អ្នក  ហើយក៏ត្រូវចំណាយពេលវេលាច្រើនទៀតផង។ បើអ្នកស្ទាក់ស្ទើរ ចូរកុំធ្វើវា សូមស្នើឱ្យគេរកជំនួយថ្មី ​ព្រោះបើអ្នកនៅតែរឹងធ្វើវាឱ្យបាន នោះអ្នកនឹងមានអារម្មណ៍ថាកាន់តែអាក្រក់ទៅៗមិនខាន។

ក្នុងការនិយាយនេះមិនមែនមានន័យថា មិនឱ្យយើងព្រមជួយនរណាម្នាក់ផ្សេងទៀតទេ ប៉ុន្តែមុននឹងជួយគេ​ត្រូវប្រាកដខ្លួនឯងផង។ ការឆ្លើយតបរឿងជួយគេ គឺវាងាយទេ តែការអនុវត្តទើបវាពិបាក។  ហើយការជួយអ្នកដទៃ ក៏មិនមែនជារឿងអាក្រក់ដែរ តែត្រូវជួយដោយមានហេតុផល  មានទំនុកចិត្តច្បាស់លាស់  មានគោលដៅពិតប្រាកដ ទើបមិនមកអង្គុយស្តាយនៅពេលក្រោយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកគួរតែសួរខ្លួនឯង ៤សំណួរនេះសិន  មុននឹងសម្រេចចិត្ត ថាជួយយកអាសារអ្នកដទៃ!