អាមេរិក​ចាប់បើក​ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​ទីតាំង​ជីហាត​នៅ​លីប៊ី

កាលពីថ្ងៃចន្ទម្សិលមិញនេះ យន្តហោះចម្បាំងរបស់អាមេរិកបានចាប់ផ្តើមបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីរបស់លីប៊ី ដោយឆ្លើយតបទៅតាមការស្នើសុំរបស់រដ្ឋាភិបាលរួបរួមជាតិលីប៊ី។ រដ្ឋាភិបាលដែលទទួលស្គាល់ដោយអ.ស.ប និងប្រទេសលោកខាងលិច។ មន្រ្តីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសនៅលីប៊ីនេះ គឺជាប្រតិបត្តិការដែលនឹងត្រូវធ្វើជាលក្ខណៈយូរអង្វែង ដើម្បីជាជំនួយដល់កងទ័ពលីប៊ី ក្នុងការវាយលុកយកទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។

អស់រយៈពេលជាច្រើនខែមកហើយ ពោលគឺ ចាប់តាំងពីខែឧសភាមក ដែលកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិលីប៊ី បានបើកប្រតិបត្តិការវាយលុក ព្យាយាមដណ្តើមកាន់កាប់ទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅក្នុងទីក្រុងសៀត។

ទីក្រុងសៀតនេះ ដែលជាក្រុងកំណើតរបស់អតីតមេដឹកនាំផ្តាច់ការកាដាហ្វី ត្រូវបានក្រុមជីហាតរដ្ឋអ៊ីស្លាមវាយដណ្តើមកាន់កាប់ កាលពីឆ្នាំទៅមិញ ហើយបានបង្កើតជាមូលដ្ឋានដ៏ធំទី៣ បន្ទាប់ពីអ៊ីរ៉ាក់ និងស៊ីរី។

ថ្លែងតាមទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីលីប៊ីបានឲ្យដឹងថា លីប៊ីបានសម្រេចចូលរួមក្នុងបក្សសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម ហើយបានស្នើសុំជាផ្លូវការឲ្យអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមជីហាតនៅលីប៊ី។

មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកវិញ បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃចន្ទនេះ គឺសំដៅកម្ទេចរថក្រោះ និងរថយន្តរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម ហើយថា ការវាយប្រហារបែបនេះនឹងត្រូវបន្តធ្វើតទៅមុខទៀតជាប្រចាំ ដោយមិនទាន់មានកំណត់ពេលថានឹងត្រូវបញ្ចប់នៅពេលណានៅឡើយទេ។

ទោះជាយ៉ាងណា បើយោងតាមនាយករដ្ឋមន្រ្តីលីប៊ី ប្រតិបត្តិការទ័ពអាកាសរបស់អាមេរិកនៅលីប៊ី នឹងត្រូវធ្វើតែនៅក្នុងរង្វង់ទីក្រុងសៀតតែប៉ុណ្ណោះ ហើយសេតវិមានក៏បានបញ្ជាក់ឲ្យដឹងផងដែរថា អន្តរាគមន៍របស់អាមេរិកនៅលីប៊ី គឺមានត្រឹមតែប្រតិបត្តិការទ័ពអាកាស និងប្រតិបត្តិការណ៍ចារកិច្ចតែប៉ុណ្ណោះ ដោយគ្មានវត្តមានកងទ័ពថ្មើរជើងអាមេរិក នៅក្នុងសមរភូមិនោះទេ។

ប្រតិបត្តិការទ័ពអាកាសអាមេរិកនៅលីប៊ី នឹងក្លាយជាសមរភូមិទី៣ បន្ទាប់ពីអ៊ីរ៉ាក់ និងស៊ីរី នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម បើកធ្វើដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕

ប្រភព៖ RFI


Related Posts