ប្រេង​ធ្លាក់​ថ្លៃ ប្រទេស​ស្តេច​ប្រេង​គ្មាន​​​ប្រាក់​ឈ្នួលបើក​ឱ្យ​​កម្មករ​សំណង់​

នៅក្នុងប្រទេសប្រេងកាតនៃតំបន់ឈូងសមុទ្ទពែក្សដូចយ៉ាងអារ៉ាប៊ីសាអ៊ូឌីត ឬកូវ៉ែត តម្លៃប្រេងកាតធ្លាក់ថ្លៃបានធ្វើឱ្យវិស័យសំណង់ធ្លាក់ចុះទៅតាមជាមួយដែរ។ ក្រុមហ៊ុនសំណង់គ្រាក់ៗ បានបន្ថយសកម្មភាពការងារ កម្មករបរទេសរាប់សិបពាន់នាក់ត្រូវបណ្តេញចេញពីការងារ និងមិនបានទទួលប្រាក់ឈ្នួលតាំងពីជាច្រើនខែ។ កម្មករបរទេសដែលភាគច្រើនជាឥណ្ឌា បង់ក្លាដែស នេប៉ាល់ ឬប៉ាគីស្ថាន កំពុងរស់ក្នុងស្ថានភាពដុនដាបបំផុត ខ្លះត្រូវជួបគ្រោះទុរ្ភិក្ស។ ក្រោយបានជួយចែកចាយអាហារឱ្យកម្មករ រដ្ឋាភិបាលឥណ្ឌាបានផ្តើមចរចាធ្វើមាតុភូមិនិវត្តពលរដ្ឋខ្លួនមកវិញ។

រឿងអាស្រូវកម្មករអត់ប្រាក់ខែ បានផ្ទុះឡើងតាំងពីខែកញ្ញាឆ្នាំ២០១៥មកម្ល៉េះ ដោយក្រុមហ៊ុនសំណង់ដ៏ធំ ខ្នាតអន្តរជាតិរបស់លីបង់មួយ ដែលមានបុគ្គលិកបំរើការប្រមាណជាង៥ម៉ឺននាក់ បានបណ្តេញកម្មករអស់ជាងពាក់កណ្តាល ឬមិនបើកប្រាក់ឈ្នួលឱ្យ។ បុគ្គលិកទាំងនោះមានគ្រប់ជាតិសាសន៍ ឥណ្ឌា នេប៉ាល់ … និង២០០នាក់ជាបារាំង។ ពេលវិបត្តិផ្ទុះឡើងភ្លាម គ្រប់គ្នាយល់ថា មានលក្ខណៈនយោបាយច្រើនជាងហិរញ្ញវត្ថុ ដោយលីបង់ចង់ដាក់ទោសលើអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពតឹងខ្លាំងជាមួយអ៊ីរ៉ង់ បើទោះបីជាអ្នករងទុក្ខ ជាកម្មករបរទេសក៏ដោយ។

រដ្ឋាភិបាលបារាំងបានចូលធ្វើអន្តរាគមន៍ដើម្បីជួយពលរដ្ឋខ្លួនឱ្យបានត្រលប់មកស្រុកកំណើតវិញ នាឱកាសស្តេចអារ៉ាប៊ីសាអ៊ូឌីត យាងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែមិថុនា ដោយបានអះអាងមិនបានដឹងរឿងអាស្រូវនោះទេ។
ប៉ុន្តែមិនបានប៉ុន្មានផង ក្រុមហ៊ុនសំណង់ដ៏ធំមួយទៀត ដែលជាគូប្រជែងនឹងក្រុមហ៊ុនលីបង់ ក៏បានបណ្តេញកម្មករបរទេស អស់ប្រមាណ៥ម៉ឺននាក់ ក្នុងរយៈពេលតែប៉ុន្មានខែចុងក្រោយនេះសោះ។

មូលហេតុចំបង គឺមកពីក្រុមហ៊ុនទាំងនេះ ជួបវិបត្តិហិរញ្ញវត្ថុ ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ទៅនឹងការចុះថ្លៃនៃប្រេងកាត។ ប្រេងកាតថោក ចំណូលតិច ទីផ្សារនិងសកម្មភាពសាងសង់ ត្រូវបន្ថយល្បឿន ក្រុមហ៊ុនគ្មានលុយបង់ថ្លៃឈ្នួលកម្មករ។

រដ្ឋាភិបាលឥណ្ឌាចរចាជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីសង្គ្រោះកម្មករ

តាំងពីថ្ងៃអាទិត្យមក អាជ្ញាធរឥណ្ឌា បានរៀបចំជំនួយស្បៀងអាហារ ចំនួន១៥តោន សម្រាប់ចែកចាយឱ្យកម្មករឥណ្ឌាប្រមាណជាង១ម៉ឺននាក់ ដែលរស់ក្នុងភាពអត់ឃ្លាន តាំងពីបីបួនថ្ងៃមកហើយ នៅក្នុងជំរំរខេករខាក ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ស្ថានភាពកម្មករនៅក្នុងប្រទេសកូវ៉ែត រឹងតែយ៉ាប់យឺនខ្លាំងជាងនៅអារ៉ាប៊ីសាអូឌីតទៅទៀត។

ពួកគេស្ថិតក្នុងស្ថានភាពលំបាកលំបិនក្រៃ ហើយគ្មានលទ្ធភាពត្រលប់ទៅផ្ទះវិញ បានឡើយ បើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាល ព្រោះលិខិតឆ្លងដែន និងសំបុត្រយន្តហោះសម្រាប់ត្រលប់មកវិញ ស្ថិតក្នុងដៃអាជ្ញាធរទាំងអស់។ នេះជាសេចក្តីពន្យល់របស់ប្រមុខការទូតឥណ្ឌា ទៅកាន់សភា។

ឥណ្ឌាបានបញ្ជូនរដ្ឋមន្ត្រីពីររូបឱ្យធ្វើដំណើរទៅ ប្រទេសអារ៉ាប៊ី និងប្រទេសកូវ៉ែត ដើម្បីជួយដោះស្រាយបញ្ហាជាមួយអាជ្ញាធរក្នុងស្រុក និងកំពុងតែសិក្សារកមធ្យោបាយដឹកនាំកម្មករទាំងអស់នោះឱ្យត្រលប់ចូលមាតុប្រទេសវិញ ដោយបានប្រកាសរួចហើយថានឹងទៅចរចាជាមួយក្រុងរីយ៉ាត ដើម្បីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត ចេញលិខិតអនុញ្ញតឱ្យកម្មករអាចដើរចេញពីរាជាណាចក្រនេះបាន។

អារ៉ាប៊ីសាអូឌីតផ្តល់ប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសក្រីក្រនៅអាស៊ី

កាលពីខែវិច្ឆិកា ២០១៤ រដ្ឋមន្ត្រីក្រសួងការងារនៃក្រុមប្រទេសនៅតំបន់ឈូងសមុទ្ទពែក្ស បានព្រមព្រៀងជាមួយប្រទេសអាស៊ី លើគំនិតផ្តួចផ្តើមចាត់វិធានការមួយខ្សែ ដើម្បីការពារនិងធ្វើលក្ខខណ្ឌការងាររបស់ជនបរទេសបានប្រសើរឡើង។

ប៉ុន្តែ ច្បាប់នៅក្នុងប្រទេសទាំងនេះមានលក្ខណៈតឹងតែងខ្លាំងណាស់ ! បុគ្គលិកកម្មករបរទេសទាំងអស់ បើដាច់កិច្ចសន្យាការងារនឹងត្រូវដាច់សិទ្ធិកាន់កាតស្នាក់នៅភ្លាម ដោយគណនីធនាគារ ក៏ត្រូវបិទខ្ទប់ភ្លាមដែរ។ ម្យ៉ាងវិញទៀត គ្រប់ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវសុំការអនុញ្ញតពីក្រុមហ៊ុនសិនមុននឹងអាចធ្វើដំណើរចាកចេញពីទឹកដីអារ៉ាប៊ីសាអ៊ូឌីតបាន។ បើគ្មានការអនុញ្ញាតពីថៅកែ គឺគ្មានទិដ្ឋាការចេញ គ្មានលិខិតឆ្លងដែន ពួកគេត្រូវជាប់កុនក្នុងប្រទេសនោះ ដោយគ្មានការទទួលខុសត្រូវអ្វីសោះ។

បច្ចុប្បន្ននេះ គេរាប់ឃើញមានកម្មករបរទេសដែលមានដល់រាប់លាននាក់ ភាគច្រើនជាកម្មករជាតិអាស៊ីមកពីប្រទេសក្រីក្រខ្លាំង ដូចជាឥណ្ឌា បង់ក្លាដែស នេប៉ាល់ ប៉ាគីស្ថាន ក្នុងនោះ ជិតបីលាននាក់ជាកម្មករឥណ្ឌា មករស់នៅនិងស្វែងរកការងារធ្វើអារ៉ាប៊ីសាអ៊ូឌីត និងដែល ត្រូវរងការគេងយកចំណេញ គាបសង្កត់ និងរំលោភបំពានយ៉ាងខ្លាំង ដូចក្នុងករណីធ្វើការគ្មានប្រាក់ខែឱ្យក៏ដោយ ក៏ពួកគេមិនអាចទាមទារសំណងឬជំងឺចិត្តអ្វីទេ។ បានទទួលលិខិតឆ្លងដែនមកវិញដើម្បីអាចត្រលប់មកស្រុកកំណើតក៏មិនបានផង បើគ្មានអន្តរាគមន៍ពីរដ្ឋាភិបាលទេ។

ប៉ុន្តែទោះបីជាដឹងថាលក្ខខណ្ឌការងារលំបាក និងគ្មានការគោរពសិទ្ធិមនុស្សក្តី ក៏កម្មករនៃប្រទេសក្រីក្រនៅអាស៊ី នាំគ្នាសម្រុកទៅធ្វើការនៅតំបន់ឈូងសមុទ្ទពែក្សនេះដែរ។ ព្រោះប្រាក់ឧបត្ថម្ភដែលកម្មករបញ្ចូនមកឱ្យគ្រួសារនៅស្រុកកំណើត តំណាងឱ្យ២៩%នៃផលិតផលសរុបសម្រាប់ប្រទេសនេប៉ាល់ និងប្រមាណ៦២ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗសម្រាប់ឥណ្ឌា។ តម្លៃប្រេងធ្លាក់ថ្លៃ សកម្មភាពសេដ្ឋកិច្ចប្រទេសប្រេងកាតធ្លាក់ចុះ ក្រុមប្រទេសក្រីក្រនៅអាស៊ីក៏ត្រូវរងគ្រោះខ្លាំង ដោយអត់ការងារធ្វើ និងគ្មានការជ្រើសរើសរកបុគ្គលិក កម្មករ ឬអ្នកបម្រើតាមផ្ទះ ឬអ្នកបើកបរថ្មី៕

ប្រភព៖ RFI


Related Posts