គិតមើល! ​ចុះ​​បើ​​ធ្វើចឹង​​នៅ​ប្រទេស​គេ​វិញ​បាន​​អត់​?

ខេត្តស្វាយរៀង ​៖​ សព្វ​ថ្ងៃ​​មាន​ជនជាតិ​វៀត​ណាម​ តែងតែ​ដឹក​​​ទំនិញគេ​ចពន្ធ​ឆ្លង​​ដែន​ខុស​ច្បាប់ ដែលទំនិញទាំងនោះ​​មាន​ ​សាច់​គោ សាច់​ជ្រូក ពោះគោ​ ពោះជ្រូក សា​ច់​​មាន់ គ្រឿងក្នុង​ មាន់​ទា និង​ស៊ុតមាន់ ​ស៊ុតទា បន្លែ ។ល។ ចូល​តាម​​ច្រករបៀង ដូច​គេហែរ​កឋិន ​​ចូល​​​ក្នុង​ក្រុង​បា​វិត​​រាល់​ថ្ងៃទាំង​ម៉ូតូ​ និង​ម៉ូតូកង់៣ ដែលគេ​​ពុំ​ឃើញ​​ មាន​សមត្ថកិច្ច​ណា​ម្នាក់ ​មកហ៊ាន​​​រំខាន​​ឡើយ​ ។ ហើយ​នៅ​​​​ថ្ងៃ​ទី​២ ​សីហា​ ២០១៦​ នេះ​ តាម​ច្រករបៀង​កំពង់​ស្ពាន​ ស្ថិត​​នៅ​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត ​ក្រុង​បា​វិត រឹតតែ​ច្រើន​​ ។

បើ​តាម​ឈ្មួញ​វៀតណាម​ម្នាក់​​ឱ្យ​​ដឹង​ថា ខ្លួន​គ្រាន់តែ​ជា​អ្នក​ដឹក​​​ស៊ីឈ្នួល​ឱ្យ​​គេ មាន​គ្នា​២០​ម៉ូតូ ដឹក​​ដាក់​នៅ​ផ្ទះ​ថៅកែម្នាក់ ​នៅ​ជិត​សណ្ឋាគារ​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត យក​ទៅ​ផ្គត់ផ្គង់ឱ្យ​​ខាង​កាស៊ីណូ​ឃី​ង​ក្រោន​​ក្រុង​បា​វិត ។ ​​ឈ្មួញ​មួយ​ចំនួន​ទៀត ​ក៏​ដឹក​សាច់ ​និង​គ្រឿងក្នុង​​សត្វផ្គត់ផ្គង់​តាម​កាស៊ីណូ​ដូច​គ្នា ហើយ​ឈ្មួញ​ផ្សេង​ទៀត​ ដឹក​ផ្គត់ផ្គង់​តាម​ទីផ្សារ ​និង​តាម​ហាង​បាយ សរុប​ក្នុង​ក្រុង​បា​វិត ​រាប់​សិប​តោន​ក្នុង​មួយ​​ថ្ងៃ​ៗ ​។

ទាក់ទិ​ន​ករណី​ឈ្មួញ​វៀតណាម​ ដឹក​ទំនិញ​​គេចពន្ធ​ឆ្លង​ដែន​ខុសច្បាប់​នេះ ​មន្ត្រី​ពេទ្យសត្វ​ក្រុង​បា​វិត​បាន​ឱ្យ​​ដឹង​ថា លោក​បានដឹង​ដែរ ​ហើយ​ធ្លាប់​ហៅ​ឈ្មួញ​ជនជាតិ​វៀតណាម​ទាំងនោះ​ មក​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ឈប់​ឱ្យ​​ដឹក​ទំនិញ​ដើម​កំណើត អំពី​សត្វ (​ស៊ុត​មាន់ ​ស៊ុតទា សាច់​ជ្រូក​សាច់​គោ សាច់​មាន់ គ្រឿងក្នុង​មាន់​ទា ពោះគោ​ពោះជ្រូក​)​ ចូល​មក​តាម​ច្រករបៀង​ទៀត ក៏​ប៉ុន្តែ​ពេទ្យសត្វ​មិន​អាច​គ្រប់គ្រង​ និង​បង្ក្រាប​បាន ដោយ​មន្ត្រី​សមត្ថកិច្ច ​(​នគ​បាល​វរៈ​ការពារ​ព្រំដែន​, ​មាន​ទា​ហាន និង​ភាស៊ី​) ឈ​រជើង​តាម​ច្រក​របៀង​ ជា​អ្នក​អនុញ្ញាត​​ឱ្យ​​នាំ​ចូល​ ហើយ​ដាក់​កុងត្រូលជជុះ​យក​ប្រាក់ ទើប​ពិបាក​បង្ក្រាបបែបនេះ ​។

​ហើយ​ក្រុម​អាជីវករ​វិញ​​និយាយ​ថា មក​ពី​​ឡ​សត្តឃាត​​ក្រុង​បា​វិត មិន​អាច​ផ្គត់ផ្គង់​​ទីផ្សារ​គ្រប់គ្រាន់​ ជា​ពិសេស​​តាម​ហាង​បាយ ​ឬ ហាង​​ផឹកស៊ី​គ្រឿងក្លែម​ ត្រូវការ​គ្រឿងក្នុង​មាន់​ទា កោះ​ថ្លើម ពោះ​តាន់ បេះដូង​ជ្រូក​គោ​ ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច​១០០ ​ទៅ​១៥០​បេះដូង ត្រូវ​តែ​កុ​ម៉​ង់​ពី​វៀតណាម​ ទើប​ផ្គត់ផ្គង់​តាម​ហាង​ និង​នៅ​កាស៊ីណូ​បាន​ ។