សហព័ន្ធ​ទូក​ក្តោង​កម្ពុជា​​នឹង​​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ត្រៀម​ស៊ីហ្គេម​

សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​២​នាក់​ទៅ​ហ្វឹកហាត់​នៅ​​ប្រទេស​២​ផ្សេង​គ្នា​រយៈ​ពេល​​៦​ខែ​​​នា​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​លើក​ទី​២៩​​​ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី។

 សហព័ន្ធ​ទូក​ក្តោង​កម្ពុជា​​នឹង​​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ត្រៀម​ស៊ីហ្គេម​លោក​ ថោង​ រ័ត្នថាស័ក​ ​

 

លោក​ ថោង​ រ័ត្នថាស័ក​ ​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​ក្ដោង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​នឹង​បញ្ជូន​​ប្រភេទ​កីឡា​ទូក​ក្តោង​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ លោក​ថា ៖«វា​ជា​​លើក​ដំបូង​សម្រាប់​​កម្ពុជា​​ដែល​ត្រូវ​​បញ្ជូន​កីឡា​ទូក​ក្តោង​​ទៅ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម។ ពី​មុន​​យើង​មិន​ដែល​បាន​ចូល​រួម​លើ​វិញ្ញាសា​នេះ​នោះ​ទេ​»។

 

ដើម្បី​​​ធ្វើ​ឲ្យ​បាន​​ល្អ​សម្រាប់​​កីឡា​ទូក​ក្តោង​នេះ​ សហព័ន្ធ​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​បង្កើន​ការ​ហ្វឹកហាត់​ដល់​កីឡាករ​របស់​ខ្លួន។ អនុប្រធាន​សហព័ន្ធ​​រូប​នេះ​​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ​សហព័ន្ធ​​នឹង​បញ្ជូន​កីឡាករ​២រូប​ឲ្យ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​៦​ខែ។ ​កីឡាករ​ម្នាក់​​នឹង​ទៅ​ហ្វឹក​​ហាត់​នៅ​ប្រទេស​សិង្ហបុរី និង​​​កីឡាករ​ម្នាក់​ទៀត​នឹង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន។ ​ចំពោះ​ការ​ចំណាយ​​សម្រាប់​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នេះ​​គឺ​សហព័ន្ធ​ជា​អ្នក​ចំណាយ។

 

សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ទើប​តែ​បង្កើត​នៅ​ឆ្នាំ២០១៦​នេះ។ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ត្រឹម​៧​ខែ​តែ​ប៉ុណ្ណោះ។​ ចំពោះ​កីឡាករ​វិញ​មាន​៤រូប​និង​គ្រូ​បង្គោល​មាន​៦​រូប៕

 

អត្ថបទ៖ នួន ស៊ីណា​​​​