បែកធ្លាយ​វី​ដេ​អូ​ដេញចាប់​ឃាតករ ជួប​សម្លាប់ ស្នងការ​ប៉ូលិស​បង្ហាញ​ពី​ប្រតិបត្តិការ​របស់​នគរបាល

បែកធ្លាយ​វី​ដេ​អូ​ដេញចាប់​ឃាតករ ជួប​សម្លាប់ ស្នងការ​ប៉ូលិស​បង្ហាញ​ពី​ប្រតិបត្តិការ​របស់​នគរបាល



រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ វី​ដេ​អូ​ឃ្លី​ប​ថ្មី​មួយ​ស្តី​ពី​ការ​ចាប់ខ្លួន​ឃាតករ «​ជួប សម្លាប់​» ដែល​ជា​ទិដ្ឋភាព​ក្រោយ​ការ​បាញ់ប្រហារ​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយ​ប្រេង​កាល់​តិច​បូកគោ កាលពី​ថ្ងៃ
ទី​១០ ខែកក្កដា បាន​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​ទៅ​តាម​ការ​មើលឃើញ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ ។ ជា​ពិសេស គឺ​ជន​ពាក់មួក​សុវត្ថិភាព ពាក់អាវ​ស និង​ការ​កាក់​ចាប់​ឃាតករ បង្ក​ឱ្យ​មានការ​មន្ទិល ។

នាយ​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា បាន​ធ្វើការ​បកស្រាយ​ពី​ប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល នៅ​ពេល​ដេញ​តាម​ចាប់​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី តាំងពី​កន្លែង​កើតហេតុ​រហូត​ដល់​ការ​ចាប់ខ្លួន​។

ការ​បកស្រាយ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាំងឡាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ផ្សាយ​តាម​វិទ្យុ​អា​ស៊ី​សេរី ដែល​លើក​ឡើង​ថា ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា គឺ​ហាក់បីដូចជា​ការ​រៀបចំ​ផែនការ​មួយ​ពី​សំណាក់​កងកម្លាំង​នគរបាល ។

ការ​ដាក់​ការ​សង្ស័យ​និង​ការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ ក៏​ព្រោះតែ​វី​ដេ​អូ​ឃ្លី​ប បាន​បង្ហាញ​ពី​សកម្មភាព​របស់​នគរបាល​ដេញចាប់​ឃាតករ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ថត​បាន និង​បង្ហោះ​ចែកចាយ គឺ​ត្រង់​សកម្មភាព​មាន​មន្ត្រី​នគរបាល​ម្នាក់​ជិះ​ម៉ូតូ​ធំ ពាក់​ស្លាក​លេខ​នគរបាល ពាក់អាវ​ស ពាក់មួក​សុវត្ថិភាព ចង់​ដឹក​ជម្លៀស​ឃាតករ​ពេល​ដេញ​ជិត​ដល់ តែ​ដោយសារ​មាន​ប្រជាពលរដ្ឋ​ឃើញ​មក​ច្រើន​ឡើង​ៗ ក៏​អនុញ្ញាត​ឲ្យ​រត់​ទៅ​មុខ​ទៀត ។

ចំពោះ​សកម្មភាព​នេះ​លោកនាយ​ឧត្តមសេនីយ៍​ស្នងការ​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ភ្លាម កម្លាំង​នគរបាល​បាន​ចេញ​ប្រតិបត្តិការ ដោយ​បោះដៃ​តាម​វិទ្យុទាក់ទង​ទៅ​កងកម្លាំង​ប៉ុស្តិ៍ និង​កងកម្លាំង​ដែល​នៅ​ជិត​គោលដៅ​ត្រូវ​ចេញ​ស្ទាក់​។ ក្រោយ​ពេល​ប្រកាស និង​បោះដៃ​ភ្លាម​ៗ​នោះ គឺ​នាយ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ដែល​ពាក់អាវ​ពណ៌​ស ពាក់មួក​សុវត្ថិភាព បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ឃាតករ​ដែល​រត់ ហើយ​ស្រែក​ឲ្យ​ឈប់​។ ពេល​ស្រែក​នោះ ឃាតករ​បាន​ប្រះ​ខ្លួន​មក​លើ​នាយ​នគរបាល​ប៉ុស្តិ៍​បន្តិច រួច​ក៏​រត់​ទៅ​មុខ​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា ពេល​ឃាតករ​រត់​បាន​បន្តិច មន្ត្រី​នគរបាល​ម្នាក់​ដែល​កាន់​កាំភ្លើង​អាកា បាន​ភ្ជង់​ឃាតករ​រហូត​ទម្លាក់​កាំភ្លើងខ្លី​ចោល ហើយ​មន្ត្រី​នគរបាល​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ បាន​ធាក់​ឲ្យ​ដួល មុន​ពេល​កម្លាំង​នគរបាល​ផ្សេង​ទៀត​បើក​ម៉ូតូ​ទៅ​កាក់​ពីមុខ រហូត​ចាប់ខ្លួន​បាន ។

លោកនាយ​ឧត្តមសេនីយ៍​ស្នងការ បាន​អំពាវនាវ​ដល់​សាធារណជន និង​អ្នកនយោបាយ​មួយ​ចំនួន សូម​បញ្ឈប់​ការ​បំពុល​ករណី​នេះ​តទៅ​ទៀត ដែល​អាច​នាំ​ឲ្យ​សង្គម​ជួប​បញ្ហា និង​វឹកវរ​កាន់តែ​ខ្លាំង ក៏​ព្រោះតែ​ការ​កេង​ចំណេញ​នយោបាយ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ក្នុង​ករណី​នេះ ។

ជាមួយ​គ្នា​នេះ សម្រាប់​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ថត​ជាប់​ទាំងស្រុង​ពី​កាមេរ៉ា​នោះ ត្រូវ​បាន​លោកស្នងការ​អះអាង​ថា នឹង​បង្ហាញ​ជា​សាធារណៈ នៅ​ពេល​បើក​សវនាការ​នា​ពេល​ខាង​មុខ ពីព្រោះ​នៅ​ដំណាក់កាល​នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​បង្ហាញ​ជូន​បាន ព្រោះ​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​នៅឡើយ ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​២​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ពេល​លោក​កំពុង​ហូប​កាហ្វេ នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ៕