ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ

ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ

 

នៅ​ភ្នំពេញ បើ​គិត​ចាប់ពី​ឆ្នាំ​បោះឆ្នោត ឆ្នាំ១៩៩៣ មកដល់​បច្ចុប្បន្ន ស្ត្រី​ក្នុង​សេវា​កម្សាន្ត បាន​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់។ ផ្លាស់ប្ដូរ​ពី​តាម​ផ្លូវ សួនច្បារ មក​តាម​ផ្ទះ​បន ហាង ភោជនីយដ្ឋាន និង​ខារ៉ាអូខេ។

 

អំឡុង​ឆ្នាំ ១៩៩០ ស្ត្រី​ក្នុង​សេវា​កម្សាន្ត ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ច្រើន​នៅ​តាម​សួនច្បារ​វិមានឯករាជ្យ មុខ​វត្ត​បទុម និង​សួនច្បារ​មាត់ទន្លេ ជាដើម។ ក្រៅពីនោះ ក៏​មាន​តាម​ផ្ទះបន​តែ​ម្តង គឺ​នៅ​ត្រឡោក​បែក ស្ទឹងមានជ័យ នៅ​ក្បាលថ្នល់ ហើយ​ល្បី​ជាងគេ​នៅ​ទួលគោក និង​ស្វាយប៉ាក ( ស្ត្រី​វៀតណាម )។ សេវា​កម្សាន្ត​កាលណោះ គឺ​បើក​ជា​ចំហ ហើយ​ភាគច្រើន​នៅ​ពេលយប់។

 

ស្ត្រី​សេវា​កម្សាន្ត នៅ​តាម​សួនច្បារ ពិសេស​នៅមុខ​វត្ត​បទុម​វ​ត្តី បាន​ប្រែក្លាយ​ជា​អ្នកលក់​ក្រួច​ច្របាច់ បន្ត​ដល់​ពាក់កណ្ដាល​ឆ្នាំ ១៩៩០ ទើប​លុបបំបាត់។ រីឯ​ស្ត្រី​តាម​ផ្ទះ​បន ក៏​ត្រូវ​បាន​លុបបំបាត់​បណ្ដើរៗ នៅ​តំបន់​ត្រឡោក​បែក ស្ទឹងមានជ័យ ទួលគោក ស្វាយប៉ាក ក្នុង​អំឡុង​ដើមឆ្នាំ ២ ០០០។ ពោលគឺ​នៅ​ពេល​បង្កើត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដោយ​បាន​ចាត់​ទុក​មុខ​របរ​រកស៊ី​ផ្លូវភេទ ជា​របរ​ខុសច្បាប់។

 

ក៏ប៉ុន្តែ​មិនមែន មានន័យថា ស្ត្រី​ក្នុង​សេវា​កម្សាន្ត លែង​មាន​នោះទេ ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ។ ស្ត្រី​ទាំងនោះ បាន​ប្រែក្លាយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា កោស​ជប់ លក់​កាហ្វេ និង​លក់​ស្រា​បៀរ​តាម​ភោជនីយដ្ឋាន បៀរហ្គាឌិន។ តែ​បើ​និយាយ​ត្រូវរ៉ូវ​គ្នា គឺ​អាច​រួមភេទ នៅ​កន្លែង​ម៉ាស្សា កោស​ជប់ ហាង​កាហ្វេ​ខ្លះ ឬក៏​ចេញទៅ​ក្រៅ ទៅរក​ផ្ទះសំណាក់។ ក្នុង​នោះ ក៏មាន​ផ្ទះសំណាក់​មួយចំនួន បើក​ជា​បន​ស្រី​ផងដែរ កាលពី​សម័យ​នោះ។

 

ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ

 

 

នៅ​ដើមឆ្នាំ ២០០០ ក្រុម​ស្ត្រី​កម្សាន្ត ឬ​ស្រីពេស្យា ក៏​មាន​នៅ​តាម​ផ្លូវ ពេល​យប់ៗ នៅ​ម្ដុំ​ឈូកទិព្ធ វត្តភ្នំ និង​តាម​សួនច្បារ​មាត់ទន្លេ ផងដែរ។ កន្លែង​ទាំងនោះ ស្ត្រី​រកស៊ី​ផ្លូវ​ភេទ នៅ​ឈរ​ចាំ​ម៉ូយ ហើយ​និយាយ​ត្រូវរ៉ូវ​គ្នា គឺ​ត្រូវ​ទៅ​ដេក​នៅផ្ទះ​សំណាក់ ឬ​សណ្ឋាគារ។

 

នៅ​ពេល​អាជ្ញាធរ​សមត្ថកិច្ច ចាត់វិធានការ​ប្រឆាំង​នឹង​ផ្ទះបន ចាប់​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ តាម​ផ្លូវ​សាធារណៈ ហើយ​តំបន់​ផ្ទះបន នៅ​ក្បាលថ្នល់ ស្ទឹងមានជ័យ ទួលគោក និង​ស្វាយប៉ាក ត្រូវបាន​បិទទ្វារ ដោយ​មិន​បើក​ចំហ​តទៅទៀត គឺ​ក្រុម​ស្ត្រី​ប្រកប​របរ​ផ្លូវភេទ ឬក៏​ហៅថា ជា​ស្ត្រី​បម្រើ​សេវា​កម្សាន្ត បាន​ប្ដូរ មក​ជា​អ្នក​ឡង់សេ​ស្រា​បៀ តាម​ភោជនីយដ្ឋាន ដែល​មាន​មួយ​ភាគ​ធំ ជា​ក្រុម​អ្នក​រកស៊ី​ផ្លូវភេទ ហើយ​មួយចំនួន​ទៀត ធ្វើការ​នៅ​ហាង​ម៉ាស្សា​ទំនើបៗ តែ​ក៏មាន​ប្រកប​របរ​ផ្លូវភេទ និង​មួយចំនួនទៀត ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ។

 

ចំណែក​របរ​ផ្លូវភេទ លក់ខ្លួន បាន​ប្ដូរ​មក​ជ្រក​ក្រោម​ស្លាក​ខារ៉ាអូខេ ភោជនីយដ្ឋាន និង​ម៉ាស្សា។ តែ​ស្ត្រី​ទាំងនោះ មិន​ចេញមុខ​ទេ នៅពេល​ត្រូវរ៉ូវ​គ្នា នឹង​ចេញទៅ​ដេក​ខាងក្រៅ​កន្លែងធ្វើការ តាម​ការ​និយាយ​ត្រូវ​គ្នា។

 

ការផ្លាស់ប្ដូរ​កន្លែង​លក់ខ្លួន​នោះ គឺ​មកដល់​សព្វថ្ងៃ សេវា​ផ្លូវ​ភេទ ថ្លៃ​ជាង​ពីមុន។ ពីមុន​សម័យ​នៅមាន​ផ្ទះបន​នៅ​ស្ទឹងមានជ័យ ទួលគោក និង​ស្វាយប៉ាក គឺ​រួមភេទ​ម្តង ត្រឹមតែ ៥ពាន់​រៀល ប៉ុណ្ណោះ។ តែ​មកដល់​សព្វថ្ងៃ ចាប់ពី ១០ដុល្លារ ដល់ ៥០ ដុល្លារ តាម​ការនិយាយ​គ្នា។

 

ចំណែក​ចំនួន​ស្ត្រី​បម្រើ​សេវា​កម្សាន្ត ក៏​មាន​ចំនួន​ច្រើនជាង​មុន តែ​មិន​មាន​តួលេខ​ច្បាស់លាស់​ឡើយ ដោយសារតែ​អាជ្ញាធរ​សមត្ថកិច្ច មិន​អាច​គ្រប់គ្រង​បាន ព្រោះ​ច្បាប់ បាន​ចាត់ទុក​មុខរបរ​នេះ ជា​មុខរបរ​ខុសច្បាប់ ហើយ​ណាមួយ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ក៏​ធ្វើ​ឲ្យ​ស្ត្រី​ៗ មានការ​អៀនខ្មាស នឹង​មុខរបរ​នេះ​ផងដែរ៕

 

អត្ថបទ៖ CCJ