ស្ដេច​ប្រេង​អារ៉ាប់​ជួប​វិបត្តិ​ កម្មករ​ឥណ្ឌា​ជាង​១ម៉ឹន​នាក់​កំពុង​ដាច់ពោះ​

មាន​ប្រជា​កម្មករ​ជនជាតិ​ឥណ្ឌា​យ៉ាង​ហោច​ណាស់​ជាង១០,០០០នាក់​កំពុង​ប្រឈម​នឹង​ទុរភិក្ស​ (​ស្រេកឃ្លាន​) ​ដែល​អូស​បន្លាយ​មកជា​ច្រើនខែ​ ក្រោយ​ពេល​ដែល​ប្រទេស​មហាអំណាច​ប្រេង​អារ៉ាប់​ជួប​បញ្ហា​នៃការ​ធ្លាក់​ចុះតម្លៃ​ប្រេង​យ៉ាង​គំហុក​នារយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​ម​កនេះ​ ដែល​នាំឱ្យ​កម្មករ​ជាច្រើន​ម៉ឺននាក់​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌី​មិនទទួល​បាន​ប្រាក់ខែ​សម្រាប់​ទិញម្ហូប​អាហារ ​និង​ធ្វើ​ដំណើរ​ទៅកាន់​មាតុ​ប្រទេស​របស់​ពួក​គេវិញ ​នេះ​បើយោង​តាមការ​ឱ្យដឹង​របស់​ស្ថានកុងស៊ុល​ឥណ្ឌា​ប្រចាំ​នៅ​ប្រទេសអារ៉ាប់​ ។​
ឆ្លើយ​តប​ដោយ​ជំនួយ​ជា​អាហារ​ចំនួន​១៦,០០០គីឡូក្រាម​ដើម្បី​សង្គ្រោះ​ទុរ្ភិក្សជន​ឥណ្ឌា​ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជូន​ជំនួយ​ទាំងនោះ​ដោយទម្លាក់​ និង​ចែកជូន​នៅពី​មុខ​ក្លោង​ទ្វារ​កុងស៊ុល​ឥណ្ឌា​ប្រចាំ​ក្នុង​ប្រទេសអារ៉ាប់​​ ។​ បើយោង​តាមសារពត៌មាន​ក្នុងស្រុក​ឥណ្ឌា ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​របស់​អារ៉ាប់​ឈ្មោះ ​Saudi​ O​​g​e​r​ មិនបាន​បើក​ប្រាក់ខែ​ជូនកម្មក​ររបស់ខ្លួន​ជា៧ខែ​មកហើយ​ ដែល​កម្មករ​សរុប​របស់​ក្រុមហ៊ុន​នេះ​​មាន​ចំនួន​ជាង​៥០,០០០នាក់​ ដែល​ក្នុង​នោះ​មានកម្មក​រ​ជនជាតិ​ឥណ្ឌា​ចំនួន៤,០០០នាក់​ ។ ​យ៉ាងណា​ក៏​ដោយ​ រដ្ឋា​ភិបាល​ឥណ្ឌា​ក៏​បាន​គ្រោង​រៀបចំ​បញ្ជូន​កម្មករ​ឥណ្ឌា​ទាំងនោះ​ឱ្យវិល​ត្រឡប់​ទៅកាន់​មាតុប្រទេស​របស់ខ្លួន​វិញ​ ។​ សូម​ជម្រាប​ជូនថា​៖​ ចាប់តាំង​ពីតម្លៃ​ប្រេង​ជា​សកល​បានធ្លាក់​ចុះមក​តាំងពី​ដើមឆ្នាំ២០១៦​ មិនត្រឹម​ធ្វើឱ្យ​អារ៉ាប់​ដែលជា​ប្រទេស​ស្ដេច​ពឹងផ្អែក​លើវិស័យ​ប្រេង​មួយនេះ ​ដុនដាប​​ក្នុង​វិស័យប្រេង​ឥន្ធនៈ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វាបាន​​បង្កក​នូវ​រាល់​វិស័យ​សំណង់​ធំ​​​ៗនៅក្នុង​ប្រទេស​នេះ​ផងដែរ ​រហូត​ធ្វើ​ឱ្យ​ប្រធាន​ក្រុមហ៊ុន​សំណង់​ធំ​​ៗ​ទាំងនោះ​អស់​លទ្ធភាព​ក្នុងការ​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​រ​​បស់ខ្លួន ​ហើយ​ចង់​មិន​ចង់​​ឲ្យ​​រដ្ឋាភិបាល​ប្រទេស​អារ៉ាប់​​ខ្លួន​ឯង​ត្រូវ​ប្រកាស​អាសន្ន​ដោយ​កាត់​បន្ថយ​ដំណើរ​ការវិស័យ​សំណង់​មួយ​ចំនួន​ធំ​ ៕​​

ស្ដេច​ប្រេង​អារ៉ាប់​ជួប​វិបត្តិ​ កម្មករ​ឥណ្ឌា​ជាង​១ម៉ឹន​នាក់​កំពុង​ដាច់ពោះ​ស្ដេច​ប្រេង​អារ៉ាប់​ជួប​វិបត្តិ​ កម្មករ​ឥណ្ឌា​ជាង​១ម៉ឹន​នាក់​កំពុង​ដាច់ពោះ​

ដោយ៖ ឈូក ស
ប្រភព៖ RT