ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​អាច​ប្រឈម​នឹង​ការលំបាក​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានចេញ​សេចក្ដីប្រកាស​រួចមកហើយ​អំពី​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦ ហើយ​បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល គណបក្សជំទាស់ និង​មជ្ឈដ្ឋាន​មួយចំនួន​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផល​ពិបាក​សម្រាប់​ពលករ​នៅក្រៅ​ប្រទេស​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុម​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ ព្រមទាំង​គ​.​ជ​.​ប ធ្វើយ៉ាងណា​សម្របសម្រួល​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​អាច​ចុះឈ្មោះ​បាន​ដោយ​រលូន ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោតជាតិ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​។

ក្រុម​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើងថា យ៉ាងហោចណាស់​មាន​ពល​ករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់​ជិត​១​លាន​នាក់​កំពុងធ្វើការ​ងារ​លើទឹក​ដី​សៀម​។ ចំណែក​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​ម៉ាឡេស៊ី​ជាដើម ក៏មាន​ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ផងដែរ ដូច្នេះ​ការសម្របសម្រួល​ឲ្យ​ពលករ​នៅក្រៅ​ប្រទេស​មានលទ្ធភាព​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​អាច​ចូលរួម​បោះឆ្នោត គឺជា​កត្តា​សំខាន់បំផុត​ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ មានន័យថា​ការសម្របសម្រួល​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត និង​ចូលរួម​បោះឆ្នោត​គឺជា​រឿង​ដែល​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​នោះទេ​។

សូមបញ្ជាក់ថា ដោយសារតែ​ភាពក្រីក្រ​និង​គ្មាន​ការងារ​ធ្វើ​ដើម្បី​បាន​ប្រាក់ចំណូល​សមរម្យ​ទើប​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ បានចេញ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​សៀម កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី​ជាដើម ហើយ​កន្លងមក​ពលក​រទាំង​នោះ​តែង​ប្រឈម​នឹង​ការលំបាក​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ការចូលរួម​បោះឆ្នោត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានបង្ហាញ​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​សៀម ព្រោះ​ពួកគេ​ពិបាក​ក្នុង​ការបំពេញ​ឯកសារ​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​គ​.​ជ​.​ប ក៏ដូចជា​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន​គួរ​រក​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​មួយ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​អាច​ចូលរួម​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី និង​មាន​សិទ្ធិ​ចូលរួម​ពេញលេញ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨៕

3744ba19-6db7-4250-ae7e-c7506f484f44 847c2d2e-73cc-4581-963b-30ef40a12867