ការបង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​ខេត្តស្ទឹងត្រែង បានត្រឹមតែ​ល្អមើល​

លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏ដូចជា​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​លោក ឈាង តុលា គឺជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ទើប​បទល្មើស​ពុំមាន​ការថយចុះ​ទាល់តែសោះ​។ លើស​នេះ​ទៅទៀត​ការដែល​សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​បន្តបន្ទាប់​កន្លងមក គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​នៅតែ​អាច​គេច​ផុតពី​ការប្រឈមមុខ​នៅក្នុង​តុលាការ​។

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-6759 ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​ស្រុក​សៀម​ប៉ាង ទៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​នោះ នៅ​ចំណុច​ភូមិ​ហាង​ឃូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ហើយ​ក្រោយមក​បានប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​។ លោក ផាត សុផាន់​ណា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តស្ទឹងត្រែង ត្រូវគេ​រិះគន់ថា​ជា​មេខ្លោង​កាង​ឈ្មួញ​ជួញដូរ​ឈើ​ប្រណីត ហើយ​ការបង្ក្រាប​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ទំនង​មកពី​ឈ្មួញ​មិនបាន​សម្របសម្រួល​បង់​លុយ​ជាមុន​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក មុំ សារឿន ជា​អភិបាលខេត្ត និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយហេតុថា បច្ចុប្បន្ន​ឈើ​ប្រណីត​នៅក្នុង​ព្រៃ​ស្រុក​សៀម​ប៉ាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ចំណែក​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏ដូចជា​លោក ផាត សុផាន់​ណា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។ ប្រសិនបើ​ឈ្មួញ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទើប​ពួកគេ​បង្ក្រាប​យក​ស្នាដៃ ចំណែក​ឈ្មួញ​ដែល​ចេះ​បែងចែក​ផលប្រយោជន៍​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ តាម​អំពើ​ចិត្ត​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង 22