តារា​ថ្មី​វ័យក្មេង នី​តា វរវង្ស មិន​អើពើ​នឹង​ស្នេហា

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី​តា វរវង្ស ជាតា​រា​វ័យក្មេង​កំពុង​ចែងចាំង​ក្នុង​ពិភព​សិល្បៈ​សម្តែង ។ វរវង្ស រំលេច​ខ្លួន​ជា​តួអង្គ​ឆ្នាស​ឆ្នើម​។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៦ តារា​ស្រី​វ័យក្មេង​ម្នាក់​នេះ​ចូលរួម​សម្តែង​ភាពយន្ត​ភាគ​បាន​៦​រឿង​ហើយ ។

កញ្ញា​នី​តា វរវង្ស សក្តិ​សមជា​តួ​ឆ្នាស​ឆ្នើម​ដោយ​មាន​កែវភ្នែក ធំ​ៗ ទឹកមុខ​កាច​។ វរវង្ស​និយម តុបតែង​កាយ​បែប យេ​ៗ​ទាន់សម័យ ។

កញ្ញា​នី​តា វរវង្ស បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​តាំងពី​វ័យក្មេង​មក ប៉ុន្តែ​ព្រោះតែ​ការ​សិក្សា​ទើប​មិន​មាន​ពេល​គ្រប់គ្រាន់ ។ គ្រា​ពេញវ័យ​ក្រមុំ វរវង្ស ចំណាយពេល​ច្រើន​ប្រឡូក​សិល្បៈ ពិសេស​ក្នុង​ឆ្នាំ​២០១៦​នេះ នាង​បាន​សម្តែង​៦​រឿង​ជាប់​គ្នា ។

ក្នុង​ឈុត​សម្លៀក​បំពាក់ យេ​ៗ​បញ្ចេញ​សាច់​សរ​លោង កញ្ញា​នី​តា វរវង្ស ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា នាង​ធ្លាប់​ថតកុន​តាំងពី​នៅ​វ័យ​កុមារ​។ ដោយសារ​តែ​យល់​ពីសារ​សំខាន់​នៃ​ការ​រៀនសូត្រ នាង​យកចិត្តទុកដាក់​រហូត​ចប់​វិទ្យាល័យ ។ វិល​ចូល​ពិភព​សិល្បៈ​វិញ រយៈពេល​៣​ឆ្នាំ​មក​ហើយ ដោយ​វរវង្ស ទទួល​បាន​ផ្លែផ្កា​ជា​បន្តបន្ទាប់ ។ បណ្តា​រឿង​ដែល​វរវង្ស ចូលរួម​សម្តែង​នោះ​មានរឿង «​ហង្ស​បាក់​ស្លាប​» រឿង «​ខ្មោច​ក្រមុំ​ទាំង​៣» រឿង «​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា​» រឿង «​ស្នេហា​ចាំជាតិ​» និង​រឿង «​ផ្កា​៤​ទង​» ជាដើម ដែល​ចេញ​ថត​ដល់​សិង្ហ​បុរី និង​មា​៉​ឡេ​ស៊ី ។ ភាគច្រើន​តួអង្គ​ដែល​វរវង្ស សម្តែង ជា​តួ​កាច ប៉ុន្តែ​រឿង «​ផ្កា​៤​ទង​» ជា​តួ​ស្លូត ។ វរវង្ស ចង់បាន​តំណែង​តួ​កាច ហើយ​អ្នកដឹកនាំ​រឿង​យល់​ថា នាង​សម​តួ​កាច បើ​តួ​ស្លូត​មិន​សម​ប៉ុន្មាន​ទេ ។

វង្ស​ត្រកូល​របស់​កញ្ញា​នី​តា វរវង្ស ជា​អ្នកសិល្បៈ គឺ​ម្តាយ​នាង​ជា​អ្នក​សម្តែង និង​ឪពុក​ជា​អ្នកដឹកនាំ​រឿង ។

«​ប្រឡូក​សិល្បៈ​រយៈពេល​បី​ឆ្នាំ ខ្ញុំ​យល់​ដឹង​ច្រើន ពិសេស​ពាក្យ​លេច​ឮជា​ពាក្យ​អាស្រូវ ប្រសិនបើជា​ការណ៍​ពិត​នាង​ខ្ញុំ​ព្រម​ទទួល បើ​មិនមែន​ជា​ការណ៍​ពិត គឺ​នាង​ខ្ញុំ​នឹង​តបត​បកស្រាយ​វិញ​តែ​ម្តង ។ ជា​ពិសេស​សិល្បៈ​យើង គឺ​ទទួលផល​ពី​ការ​សម្តែង​មិន​ច្រើន​ពេក​ទេ ប៉ុន្តែ​នាង​ខ្ញុំ​មិនមែន​គិត​រឿង​ហ្នឹង​ពេក​ទេ ព្រោះ​ការ​ចំណាយ​សម្ភារ សម្លៀក​បំពាក់​របស់​ប្រើ គឺ​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​នោះ​ក៏​ជា​ការ​លម្អ​សម្រាប់​យើង​ដែរ ប្រសិនបើ​យើង​មិន​សម្អិតសម្អាង​ខ្លួន​ឱ្យ​ល្អ​នោះ ក៏​ពិបាក​ភ្នែក​គេ​មើល​ដែរ​» ។ កញ្ញា​វរវង្ស និយាយ​បែប​នេះ ។

កញ្ញា​នី​តា វរវង្ស នៅ​មិន​ទាន់​បើក​បេះដូង​ទទួលយក​ស្នេហា​ទេ ។ វរវង្ស យល់​ថា នាង​នៅ​ក្មេង ហើយ​គំនិត​ខ្លី ដូច្នេះ​ទុក​ពេលធ្វើការ និង​ឱ្យ​ចាស់ចិត្ត​ចាស់​គំនិត​សិន ។ ពេល​នេះ​ជា​ពេល​សំខាន់​សម្រាប់​ការងារ ដោយ​វរវង្ស នឹង​ខិតខំ​លើក​ស្ទួយ​កម្រិតជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ៕