សម្រស់​តារា​ស្រី​តៃវ៉ាន់ Joe Chen

Joe Chen គឺជា​តារាចម្រៀង សម្តែង អ្នកនិពន្ធ ពិធី​ការិនី និង​ម៉ូ​ដែល​តៃវ៉ាន់​វ័យ​៣៧ ឆ្នាំ ។ ឆ្នាំ​២០១៣ តារា​ស្រី​សាច់​សរ​លោង​រូប​នេះ​ឡើង​កូដ​ខ្លាំង​នៅ​ចិន ខណៈ​នាង​ត្រូវ​ផលិតករ​ចាប់អារម្មណ៍​ឱ្យ​សម្តែង​ជា​ច្រើន​រឿង​។

នៅ​ឆ្នាំ​នោះ​ដែរ​នាង​ជាប់​ក្នុង​បញ្ជី​តារា​ស្រី​ចិន​ល្បីឈ្មោះ​១០០​នាក់​របស់​ទស្សនាវដ្តី​ហ្វ​ប ។ ដោយឡែក​នៅ​ឆ្នាំ ២០១៥ នាង Joe Chen បាន​ចូល​ក្នុង​បញ្ជី​តារា​មាន​ឥទ្ធិពល​ជាងគេ​ទី​៦៦ របស់​ហ្វ​ប​នៅ​ទឹកដី​ប្រទេស​ចិន ។

Joe Chen ចាប់ផ្តើម​អាជីព​ជាតា​រា​ម៉ូ​ដែល និង​ជា​អ្នក​ជំនួយការ​នៅ​ឆ្នាំ​២០០១ ។ នៅ​ឆ្នាំ ២០០២​នាង​ចាប់ផ្តើម​អាជីព​សម្តែង​ជា​តួអង្គ​ក្នុង​រឿង Lavender ។ ជាមួយ​គ្នា​នេះ​ដែរ​នាង​បាន​ក្លាយជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ទូរទស្សន៍ SET Show ជាមួយនឹង​ពិធីករ Jacky Wu និង​លោក MONO ។  គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​ដល់​បច្ចុប្បន្ន​នាង Joe Chen ទទួល​បាន​ពានរង្វាន់​ជាតា​រា​ស្រី​ឆ្នើម​ជា​ច្រើន ។ ដោយឡែក​នៅ​ឆ្នាំ​២០១៧ នាង​បាន​ទទួល​ថត​រឿង​ផង​ដែរ ។

តារា​ស្រី​កម្ពស់​១,៦៥​ម៉ែត្រ​និង​មាន​ទម្រង់​មុខ​ពងក្រពើ​នាង Joe Chen មាន​បងប្រុស​ម្នាក់ និង​ប្អូនប្រុស​ម្នាក់ ។ នៅ​ពេលទំនេរ​នាង​ចូល​ចិត្ត​អាន​សៀវភៅ និង​ចំណាយពេល​លេង​ជាមួយ​សត្វ​ចិញ្ចឹម គឺ​ឆ្មា​ពីរ​ក្បាល​គួរ​ឱ្យ​ស្រលាញ់​របស់​នាង ៕