ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ

នៅភ្នំពេញ បើគិតចាប់ពីឆ្នាំបោះឆ្នោត ឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ស្ត្រីក្នុងសេវាកម្សាន្ត បានផ្លាស់ប្ដូរជាបន្តបន្ទាប់។ ផ្លាស់ប្ដូរពីតាមផ្លូវ សួនច្បារ មកតាមផ្ទះបន ហាង ភោជនីយដ្ឋាន និងខារ៉ាអូខេ។

អំឡុងឆ្នាំ ១៩៩០ ស្ត្រីក្នុងសេវាកម្សាន្ត ក្នុងរាជធានីភ្នំពេញ គេឃើញមានច្រើននៅតាមសួនច្បារវិមានឯករាជ្យ មុខវត្តបទុម និងសួនច្បារមាត់ទន្លេ ជាដើម។ ក្រៅពីនោះ ក៏មានតាមផ្ទះបនតែម្តង គឺនៅត្រឡោកបែក ស្ទឹងមានជ័យ នៅក្បាលថ្នល់ ហើយល្បីជាងគេនៅទួលគោក និងស្វាយប៉ាក ( ស្ត្រីវៀតណាម )។ សេវាកម្សាន្តកាលណោះ គឺបើកជាចំហ ហើយភាគច្រើននៅពេលយប់។

ស្ត្រីសេវាកម្សាន្ត នៅតាមសួនច្បារ ពិសេសនៅមុខវត្តបទុមវត្តី បានប្រែក្លាយជាអ្នកលក់ក្រួចច្របាច់ បន្តដល់ពាក់កណ្ដាលឆ្នាំ ១៩៩០ ទើបលុបបំបាត់។ រីឯស្ត្រីតាមផ្ទះបន ក៏ត្រូវបានលុបបំបាត់បណ្ដើរៗ នៅតំបន់ត្រឡោកបែក ស្ទឹងមានជ័យ ទួលគោក ស្វាយប៉ាក ក្នុងអំឡុងដើមឆ្នាំ ២ ០០០។ ពោលគឺនៅពេលបង្កើតច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានចាត់ទុកមុខរបររកស៊ីផ្លូវភេទ ជារបរខុសច្បាប់។

ក៏ប៉ុន្តែមិនមែន មានន័យថា ស្ត្រីក្នុងសេវាកម្សាន្ត លែងមាននោះទេ ក្នុងប្រទេសកម្ពុជា ពិសេសនៅភ្នំពេញ។ ស្ត្រីទាំងនោះ បានប្រែក្លាយជ្រកក្រោមស្លាកម៉ាស្សា កោសជប់ លក់កាហ្វេ និងលក់ស្រាបៀរតាមភោជនីយដ្ឋាន បៀរហ្គាឌិន។ តែបើនិយាយត្រូវរ៉ូវគ្នា គឺអាចរួមភេទ នៅកន្លែងម៉ាស្សា កោសជប់ ហាងកាហ្វេខ្លះ ឬក៏ចេញទៅក្រៅ ទៅរកផ្ទះសំណាក់។ ក្នុងនោះ ក៏មានផ្ទះសំណាក់មួយចំនួន បើកជាបនស្រីផងដែរ កាលពីសម័យនោះ។

ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ

នៅដើមឆ្នាំ ២០០០ ក្រុមស្ត្រីកម្សាន្ត ឬស្រីពេស្យា ក៏មាននៅតាមផ្លូវ ពេលយប់ៗ នៅម្ដុំឈូកទិព្ធ វត្តភ្នំ និងតាមសួនច្បារមាត់ទន្លេ ផងដែរ។ កន្លែងទាំងនោះ ស្ត្រីរកស៊ីផ្លូវភេទ នៅឈរចាំម៉ូយ ហើយនិយាយត្រូវរ៉ូវគ្នា គឺត្រូវទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ។

នៅពេលអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការប្រឆាំងនឹងផ្ទះបន ចាប់ឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ តាមផ្លូវសាធារណៈ ហើយតំបន់ផ្ទះបន នៅក្បាលថ្នល់ ស្ទឹងមានជ័យ ទួលគោក និងស្វាយប៉ាក ត្រូវបានបិទទ្វារ ដោយមិនបើកចំហតទៅទៀត គឺក្រុមស្ត្រីប្រកបរបរផ្លូវភេទ ឬក៏ហៅថា ជាស្ត្រីបម្រើសេវាកម្សាន្ត បានប្ដូរ មកជាអ្នកឡង់សេស្រាបៀ តាមភោជនីយដ្ឋាន ដែលមានមួយភាគធំ ជាក្រុមអ្នករកស៊ីផ្លូវភេទ ហើយមួយចំនួនទៀត ធ្វើការនៅហាងម៉ាស្សាទំនើបៗ តែក៏មានប្រកបរបរផ្លូវភេទ និងមួយចំនួនទៀត ធ្វើការនៅហាងខារ៉ាអូខេ។

ចំណែករបរផ្លូវភេទ លក់ខ្លួន បានប្ដូរមកជ្រកក្រោមស្លាកខារ៉ាអូខេ ភោជនីយដ្ឋាន និងម៉ាស្សា។ តែស្ត្រីទាំងនោះ មិនចេញមុខទេ នៅពេលត្រូវរ៉ូវគ្នា នឹងចេញទៅដេកខាងក្រៅកន្លែងធ្វើការ តាមការនិយាយត្រូវគ្នា។

ការផ្លាស់ប្ដូរកន្លែងលក់ខ្លួននោះ គឺមកដល់សព្វថ្ងៃ សេវាផ្លូវភេទ ថ្លៃជាងពីមុន។ ពីមុនសម័យនៅមានផ្ទះបននៅស្ទឹងមានជ័យ ទួលគោក និងស្វាយប៉ាក គឺរួមភេទម្តង ត្រឹមតែ ៥ពាន់រៀល ប៉ុណ្ណោះ។ តែមកដល់សព្វថ្ងៃ ចាប់ពី ១០ដុល្លារ ដល់ ៥០ ដុល្លារ តាមការនិយាយគ្នា។

ចំណែកចំនួនស្ត្រីបម្រើសេវាកម្សាន្ត ក៏មានចំនួនច្រើនជាងមុន តែមិនមានតួលេខច្បាស់លាស់ឡើយ ដោយសារតែអាជ្ញាធរសមត្ថកិច្ច មិនអាចគ្រប់គ្រងបាន ព្រោះច្បាប់ បានចាត់ទុកមុខរបរនេះ ជាមុខរបរខុសច្បាប់ ហើយណាមួយ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ធ្វើឲ្យស្ត្រីៗ មានការអៀនខ្មាស នឹងមុខរបរនេះផងដែរ៕

អត្ថបទ៖ CCJ
ប្រភព៖ sabay

  • ការផ្លាស់ប្ដូរ នៃ​ស្ត្រី​ក្នុង​សេវា​កម្សាន្ត នៅ​ភ្នំពេញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/03  Category:ជីវិតនិងសង្គម
Tags: