ពលរដ្ឋ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​ក្រសួង​ពាក់ព័ន្ធ លុបបំបាត់​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​

ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​មជ្ឈដ្ឋាន​នានា​ដឹងថា ជាទី​តាំង​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ធំ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​រាប់សិប​លើក​នាពេល​កន្លងមក ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​សមត្ថកិច្ច ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត លុបបំបាត់​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ភូមិ​ត្រពាំង​ឈូក​ឲ្យ​បាន​ឆាប់​។ មានន័យថា​សមត្ថកិច្ច គួរ​ចាត់វិធានការ​បង្ក្រាប​មេខ្លោង​ធំៗ​ដែល​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់​នេះ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ជាជាង​បង្ក្រាប​តែ​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​តូចតាច​។

កាលី​ល្ងាច​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន​បុរស​ជនជាតិ​សៀម​ម្នាក់​ភ្លាមៗ​ជាមួយនឹង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ស​ថ្លា ឬ​ហៅថា​ម៉ា​ទឹកកក​ប្រមាណ​ជិត​២០​គីឡូក្រាម​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ជនជាតិ​សៀម​នោះ​មានឈ្មោះ ឆៃ​យ៉ា​ភុង ភិ​សៃ​ផាន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ហើយ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទៅ​សួរនាំ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។ ប្រតិបត្តិ​ការបង្ក្រាប​ជនជាតិ​សៀម​និង​វត្ថុតាង​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ភូមិ​ត្រពាំង​ឈូក ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក រាលដាល​កាន់តែខ្លាំង​ឡើងៗ​ឥតឈប់ឈរ​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា បាន​ឲ្យ​ដឹងថា​ចាប់ពី​ដើមខែ​មករា រហូតដល់​ដើមខែ​សីហា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​រាប់សិប​លើក​មកហើយ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់​និង​វត្ថុតាង​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​ការបង្ក្រាប​កន្លងមក គឺ​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​បង្ក្រាប​បានតែ​អ្នក​ចែកចាយ​ជួញដូរ​គ្រឿងញៀន​តូចតាច និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា​បង្ក្រាប​មេខ្លោង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ធំៗ​នៅ​ភូមិ​ត្រពាំង​ឈូក យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ទើប​បទល្មើស​អាច​ថយចុះ ហើយ​មិន​រាលដាល​តទៅទៀត​៕

P1020221លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន 5ជនជាតិសៀមដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន 7វត្តុតាងគ្រឿងញៀនដែលរឹបអូសពីគ្រឿងញៀន