ការដោះលែង​ជនសង្ស័យ​២​នាក់ ដែល​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

ទង្វើ​របស់​មន្ត្រី​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្នុងការ​ដោះលែង​ជនសង្ស័យ​២​នាក់​ដែល​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​សំណុំរឿង​ដីធ្លី​នោះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ហើយ​សង្ស័យថា​មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​។ សូម្បីតែ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ក៏បាន​សម្ដែង​នូវ​ការខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​តុលាការ​យ៉ាងខ្លាំង​ផងដែរ​។ ដោយហេតុថា សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​និង​មានការ​ឯកសារ​ភស្ដុតាង​ចម្លើយសារភាព​ច្បាស់លាស់ ប៉ុន្តែ​ទីបំផុត​បែរជា​ត្រូវ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដោះលែង​យ៉ាង​ស្រួលៗ​។

មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដោះលែង​ជនសង្ស័យ​២​នាក់​ក្នុង​សំណុំរឿង​ឆបោក​និង​លក់ដូរ​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​ច្របូកច្របល់​យ៉ាងខ្លាំង​។ ដោយហេតុថា​ជនសង្ស័យ​ទី​១​ឈ្មោះ កែវ វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ និង​ជនសង្ស័យ​ទី​២​ឈ្មោះ ហៀ​ត សារី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ឥស្លាម ត្រូវបាន​ឃាត់ខ្លួន​ទាក់ទង​សំណុំរឿង​ឆបោក និង​លក់ដូរ​ដីព្រៃ​រដ្ឋ​បង្ក​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​រាប់ពាន់​ហិកតា​នៅក្នុង​ស្រុក​កោះ​ញែក​។ ឯកសារ​ដែល​សមត្ថកិច្ច​នគរបាល​បញ្ជូនទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​នោះ គឺមាន​ភស្ដុតាង មាន​សាក្សី និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ច្បាស់លាស់ ប៉ុន្តែ​ទីបំផុត​ចៅក្រម​ឈ្មោះ សា​អឿន កោសល្យ​មុនី ដោះលែង​យ៉ាង​រលូន​ទៅវិញ​។

ប្រភពពី​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ករណី​សំណុំរឿង​ជនសង្ស័យ​២​នាក់​ដែល​មន្ត្រីនគរបាល​យុត្តិធម៌​បញ្ជូនមក​សាលាដំបូង​ខេត្ត​នោះ គឺ​រូបលោក​ជា​កាន់​ផ្ទាល់ ហើយ​បានធ្វើការ​ចោទប្រកាន់​និង​ដាក់បន្ទុក​ចំនួន​២​បទល្មើស គឺ​បទល្មើស​ឆបោក និង​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ​។ បន្ទាប់ពី​ចោទប្រកាន់​រួច​លោក​ក៏​បញ្ជូន​ខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់​ទៅ​ចៅក្រម​ស៊ើបសួរ​ឈ្មោះ សា​អឿន កោសល្យ​មុនី ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​រូបនោះ​មិន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទេ ហើយ​បែរជា​ដោះលែង​ជនសង្ស័យ​ឲ្យ​នៅក្រៅ​ឃុំ​ទៅវិញ​។ ប្រការ​នេះហើយ​ដែល​មជ្ឈដ្ឋាន​នានា​សង្ស័យថា ចៅក្រម​ស៊ើបអង្កេត​ឈ្មោះ សា​អឿន កោសល្យ​មុនី ប្រហែល​ទទួល​សំណូក​ពី​ក្រុម​ជនសង្ស័យ​ទើប​ដោះលែង​ជនសង្ស័យ​យ៉ាង​ស្រួលៗ​។ បញ្ហា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សូម្បីតែ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ក៏​ហួសចិត្ត​ទៅនឹង​ទង្វើ​របស់លោក សា​អឿន កោសល្យ​មុនី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ដែរ​៕

តូច-យ៉ុន-07-09-15-0051លោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី  Untitled-1 IMG-20160802-WA0017