សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នៅក្នុង​បរិវេណ​គេហដ្ឋាន​របស់​សាច់ញាតិ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់ កំពុងបើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នោះបាន​បើក​បញ្ជល់​ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​មាន​អតិថិ​ន​ជន​ជាច្រើន​បាន​ទៅ​ចូលរួម​លេងល្បែង​បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង ចំណែក​នគរបាល​មូលដ្ឋាន និង​នគរបាល​ស្រុក​ល្វាឯម ធ្វើ​មិន​ដឹងឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ជាបន្ទាន់​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។

តាម​ការអះអាង​របស់​អ្នក​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់មាន់​នៅ​ភូមិ​អរិយ​ក្សត្រ បាន​ឲ្យ​ដឹងថា​អ្នក​ដែលមាន​មាន់​ជល់​ហើយ​ចង់​យកទៅ​បញ្ជល់​ក្នុង​សង្វៀន​ខាងលើ ត្រូវមាន​រថយន្ត​ផ្ទាល់ខ្លួន​ជិះ​ចូល​ទៅដល់​សង្វៀន​តែម្តង​ទើប​ក្រុម​មេការ​អនុញ្ញាត​។ ចំណែក​អ្នក​ចង់​ចូលរួម​លេងល្បែង​បញ្ជល់មាន់ ហើយ​ចង់ទៅ​ចូលរួម​ចាក់​ភ្នាល់​ក៏ត្រូវ​មាន​រថយន្ត​ផ្ទាល់ខ្លួន​ផងដែរ​ទើប​គេ​អនុញ្ញាត​ឲ្យ​ចូល ហើយ​គ្រប់គ្នា​ត្រូវ​ទិញ​សំបុត្រ​ដែលមាន​តម្លៃ​១​សន្លឹក​២​ម៉ឺន​រៀល​។ ម្ចាស់​សង្វៀន​នោះ​ត្រូវ​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ឈ្មោះ សាន ជា​សាច់ញាតិ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ហេតុនេះហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុងស្រុក​ល្វាឯម មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា​អ្នកចូលរួម​លេងល្បែង​បញ្ជល់​មាន់នៅ​សង្វៀន​របស់លោក សាន ភាគច្រើន​ជា​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​ក្នុង​មាន់​មួយគូៗ​មាន​ភ្នាល់​ដាក់​ដើម​ថា​ន់​រាប់ពាន់​ដុល្លារ ចំណែក​អ្នក​មិនសូវមាន​លុយ​គ្រាន់តែ​ទិញ​សំបុត្រ​ទៅ​ឈរ​មើល​និង​ស្រែក​ហ៊ោ​ឲ្យ​ផ្អើល​ពេញ​ភូមិ​រំខាន​ដល់​ការរស់នៅ​របស់​អ្នកជិតខាង​។ បញ្ហា​នេះ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សង្វៀន​បញ្ជល់មាន់​របស់​លោក សាន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា ការបើក​សង្វៀន​បញ្ជល់​មាន់​ដ៏​ធំ​របស់​ឈ្មោះ សាន ដែលមាន​មេការ​ជាច្រើន​នាក់​ផង​នោះ ពួកគាត់​ធ្លាប់​រាយការណ៍​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​រួចមកហើយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ទាំងអស់​៕

8លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល