លោក សម រង្ស៊ី បញ្ជាក់ថា​ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​សប្តាហ៍​នេះ​ថា ប្រទេស​កម្ពុជា​បាន​ដើរ​ចាក​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដែល​បាន​ចុះហត្ថលេខា​កាលពី​២៥​ឆ្នាំមុន​នៅ​ទីក្រុង​ប៉ារីស ហើយ​មានតែ​ការ​ទាញ​គ្រប់ភាគី​ខ្មែរ​ឱ្យ​ងាក​មក​គោរព​តាម​កិច្ចព្រមព្រៀង​នោះទេ ទើប​អាច​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា វា​ជាការ​ចាំបាច់​ដែល​ត្រូវ​រំលឹក​បណ្តា​ប្រទេស​ហត្ថលេខី​ទាំង​១៨​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឱ្យជួយ​ជំរុញ​មេដឹកនាំ​ខ្មែរ​ឱ្យ​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ ខណៈ​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​មិនមាន​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទៀត​ទេ គឺមាន​បក្ស​តែមួយ និង​បុគ្គល​តែមួយ ហើយ​គណបក្សជំទាស់ និង​មន្ត្រី​សង្គម​ស៊ីវិល​មិន​អាចធ្វើ​សកម្មភាព​អ្វី​បានឡើយ ព្រោះ​ត្រូវ​រដ្ឋអំណាច​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​។​

គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដែលជា​ការត្រួសត្រាយ​ផ្លូវ​ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ត្រូវបាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ជា​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា​ដែល​ទទួលបាន​ការគាំទ្រ​ទាំងស្រុង​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ កិច្ចព្រមព្រៀង​នេះ​ធានា​អំពី អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា និង ការធានា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌ ព្រមទាំង​ធានា​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។​

​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចាត់ទុកថា គឺជា​ទិវា​ប្រវត្តិសាស្ដ្រ​សម្រាប់​ខ្មែរ​ទាំងអស់គ្នា ខុសពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ គឺ​សម្រាប់តែ​ក្រុម​មួយ ហើយ​ខុសពី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺ​សម្រាប់តែ​ក្រុម​មួយ ហើយ​ខុសពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ គឺ​សម្រាប់តែ​ក្រុម​មួយ ប៉ុន្ដែ​ដោយឡែក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ គឺ​សម្រាប់​ភាគី​ខ្មែរ​ទាំងអស់​។​

​លោក កឹម សុខា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ជា មរតក​ដ៏​មហាសាល​ដែល​អ្នកស្នេហាជាតិ​កម្ពុជា​គ្រប់ភាគី​បាន​ពលី​បូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ឯករាជ្យភាព និង​ឯកភាព​ជាតិ​កម្ពុជា​ដែលមាន​ការចូលរួម​គាំទ្រ​ពី​អន្តរជាតិ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នៅតែមាន​តម្លៃ​ជានិច្ច តែ​សព្វថ្ងៃនេះ​ការអនុវត្ត​កិច្ចព្រមព្រៀង​ខាងលើ​មិនទាន់មាន​ភាព​ពេញលេញ​នៅឡើយ​ទេ​៕

samrainsy3d conf