​​ម្យ៉ាងដែរ​កុំឱ្យ​​ប៉េអឹម​ហត់​ ! សុខៗ​​​ចូលអន្ទាក់ដោយ​​ខ្លួន​​ឯង ​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ដោយ​ខ្លួនឯង បន្ទាប់​ចូលខ្លួន​មក​អះអាង​ថា ជា​ម្ចាស់​ម៉ូតូ​ដែល​សមត្ថកិច្ច​បាន​ប្រកាស​ផ្សព្វផ្សាយ​សួរ​រក​ម្ចាស់ តែ​ការ​ពិត​ជន​នោះ​ជា​អ្នក​លួច​ម៉ូតូ​គេ​ទៅ​វិញ បន្ទាប់​ពី​សួរ​រក​ឯកសារ​គ្មាន ហើយ​ត្រូវ​កម្លាំង​បាន​សួរ​តាម​ជំនាញ​ចុះឡើង​ៗ ស្រាប់តែ​ជន​នោះ​ឆ្លើយ​សារភាព​ដោយ​ខ្លួនឯង​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង កាល​ពី​ថ្ងៃ​ទី​០១ សីហា ២០១៦ ស្ថិត​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ត្រង សង្គម ហៅ​ស​ង្គោ​ម អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ម្ចាស់​ម៉ូតូ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ទិ​ត រដ្ឋ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កែ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ជា​អ្នក​រត់​តាក់ស៊ី ​។

ប្រភព​​ពីម្ចាស់​ម៉ូតូ​ថា​ កាលពី​ថ្ងៃ​ទី​២៧ កក្កដា ​ខ្លួន​និង​មិត្តភក្តិ​ម្នាក់​​ឈ្មោះ​ថា ជា​អ្នក​រត់​តាក់ស៊ី​ជាមួយ​គ្នា បាន​មក​សុំ​ផ្ទះ​ខ្លួន​ស្នាក់​១​យប់ ក្នុង​នោះ​ក៏​មាន​ជនសង្ស័យ (ជាម៉ូយ​) ។ ហើយ​នៅ​ថ្ងៃ​ទី​២៨ ឈ្មោះ​ថា ប្រាប់​ជនសង្ស័យ​​ថា ចាំ​នៅផ្ទះ​សិន​ទៅ ពេល​ហៅ​ម៉ូយ​ពេញ​ឡាន​ហើយ​ ចាំ​ចេញ​ទៅ​ទាំងអស់ ។ លុះ​ត្រឡប់​មក​ហៅ​ជនសង្ស័យ​វិញ ក៏​បាត់​ខ្លួន​ រួម​ទាំង​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ ស៊េរី​២០០២ ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​1H-4602របស់ម្ចាស់ផ្ទះ​ ជិះ​គេច​បាត់ ។

ដោយឡែក ជនសង្ស័យ​ក៏​​បាន​ឆ្លើយ​សារភាព​ប្រាប់​អាវុធហត្ថ​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​មែន ហើយ​ក្រោយ​ពី​លួច​បាន​ហើយ ខ្លួន​ជិះ​មក​ប្លុង​ចោល​ នៅ​ចំណុច​ក្បាលស្ពាន​ព្រលិត ក្នុងភូមិ​សាស្ត្រ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ដោយសារ​ម៉ូតូ​អស់​សាំង គ្មាន​លុយ​ចាក់​សាំង​នោះ​ ក៏​ទុក​ចោល​តែ​ម្តង ។ ស្រាប់តែ​ឮ​ថា ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​សួរ​រក​ម្ចាស់ ខ្លួន​​ក៏​មក​អះអាង​ថា ​ជា​ម្ចាស់​ម៉ូតូ​​ត្រូវ​ជាប់​ខ្នោះ​តែ​ម្តង ។