អ្នក​ទី​១​បាន ទៅ​អ្នក​ទី​២ សល់​តែ​លី​អូ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​លួច​កាបូប​លុយ​លើក​ទី​១​បាន​សម្រេច ហើយ​បន្ត​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​លើក​ទី​២​ទៀត ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្វាយ​លួង និង​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​វាល​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​នេះ​មាន ១-​ឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង​, ២-​ឈ្មោះ កែវ សុខ​ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ  និង ៣-​ឈ្មោះ ស៊ឹ​ម ញា​វ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ​លួង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​០២​សីហា ប្រជាពលរដ្ឋ​ឈ្មោះ កែវ ស៊ី​គឿ​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថា  មាន​ចោរ​មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​ក្នុងផ្ទះ ។ ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ចោរ​ទាំង​៣​នាក់​បាន​ជាក់ស្ដែង​តែ​ម្ដង ។ នៅ​ពេល​ឆែកឆេរ​ក្នុង​ខ្លួន​ពួក​គេ​ទាំង​៣​នាក់​រក​ឃើញ​កាបូប​លុយ​ចំនួន​២ ប៉ុន្តែ​ម្ចាស់ផ្ទះ​ឈ្មោះ កែវ ស៊ី​គឿ​ម បាន​ប្រាប់​សមត្ថកិច្ច​ថា កាបូប​លុយ​របស់​គាត់​មាន​តែ​១​ទេ​ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​២០​ម៉ឺន​រៀល ចំណែក​កាបូប​លុយ​មួយទៀត​មាន​លុយ​១១​ម៉ឺន​៥​ពាន់​រៀល​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​ទើប​ដឹង​ថា ពួក​គេ​បាន​លួច​នៅ​ភូមិ​ស្វាយ​ចំបក់ ឃុំ​ស្វាយ​លួង នៅផ្ទះ​របស់ ឈ្មោះ ជឹ​ម សុ​ផល្លា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

ក្រោយ​ពេល​កើតហេតុ កាបូប​លុយ​ទាំង​២​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ នឹង​ត្រូវ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕