ទាំង​តារា និង​យុវវ័យ​ធម្មតា​ជាង ១០០ នាក់​សម្រុក​ដាក់​ពាក្យ​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

តាម​ការ​ឲ្យ​ដឹង​ពី ជ័យ សម្បត្តិ  ថា​ ក្រោយ​មាន​ការ​ប្រកាស​រើស​តួ​ដែល​មាន​សមត្ថភាព​ចូល​រួម​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍” ” មាន​យុវវ័យ ​ក៏​ដូចជា​តារា​ផ្សេង​ៗ​ទៀត​ អ្នក​ចាប់អារម្មណ៍ និង​បាន​មក​ដាក់​ពាក្យមក​សាក​ល្បង​សមត្ថភាព  (Casting) ភាពយន្ត​ខ្នាត​ធំ​នោះ​ជាង ១០០ នាក់​ហើយ។

 

ទាំង​តារា និង​យុវវ័យ​ធម្មតា​ជាង ១០០ នាក់​សម្រុក​ដាក់​ពាក្យ​សម្ដែង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

 

“បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ ៣ -៤ អាទិត្យ​រួច​មក​ មាន​អ្នក​មក​ដាក់​ពាក្យ​ជិត ១០០ ឬ ១០០ តិច​តួច រាប់​ទាំង​តួ​មួយ​ចំនួន​ដែល​ក្រុម​ការងារ​យើង​ចាប់អារម្មណ៍​លើ​គាត់ ក៏​បាន​ទាក់ទង​ឲ្យ​ពួក​គាត់​មក Casting ដែរ។” សម្បត្តិ  ប្រាប់​ពី​ហេតុផល​ដែល​មាន​អ្នក​ទៅ​ដាក់​ពាក្យ​សាកល្បង​សមត្ថភាព​ច្រើន​ព្រោះ “ស្រទន់​មន្ត​ស្នេហ៍” ជា​រឿង​មាន​ការ​ពេញ​និយម​ស្រាប់​សម្រាប់​យុវវ័យ ដូចនេះ​ក៏​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន។

 

“យើង​បាន​ផ្សព្វផ្សាយ​ពី​ឱកាស​ក្នុង​ការ​ចូលរួម​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” បាន​មួយ​រយៈពេល ហើយ​ក៏​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ ​ទាំង​តារា​អាជីព និង​យុវវ័យ​ធម្មតា។ តែ​ខែ​នេះ​យើង​ត្រូវ​ជួប​ពួក​គាត់​ដើម្បី​ពន្យល់​ពី​សាច់​រឿង និង​តួអង្គ​នីមួយ​ៗ ហើយ​ខែ​ក្រោយ(ខែ​នេះ)​យើង​នឹង​ចាប់ផ្ដើម Casting តែ​ម្ដង ” ។

 

ម្ចាស់​ស្នាដៃ​រឿង “ស្នេហ៍ ៩” បាន​រៀប​រាប់​បន្ត​ថា​ កន្លង​មក​លោក​ក៏​បាន​ចាប់អារម្មណ៍​លើ​តួ​សម្ដែង​ខ្លះ​ៗ​ដែល​អាច​សម្ដែង​ក្នុង​រឿង​បាន​ដូចជា​តួ ស្រទន់ សង្វារ មេត្រី ជា​ដើម។ ប៉ុន្តែទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា អ្វី​ៗ​អាស្រ័យ​លើ​ការ​សម្ដែង​សាកល្បង(Casting) ជាក់​ស្ដែង៕

 

 

អត្ថបទ៖ទ្រី រ៉ាវី