ពាក្យ​6​ឃ្លា​ពី​លោក Jack Ma ដើម្បី​ទទួល​បាន​ជោគជ័យ​តាម​វ័យ

តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក Jack Ma ជាមួយ​ទូរទស្សន៍ KBS របស់​ប្រទេស​កូរ៉េ ប្រមាណ​ជា​៣​ឆ្នាំ​មុន បាន​បង្រៀន​អំពី​គំនិត​ដើម្បី​ទទួល​បាន​ជោគជ័យ ហើយ​ថ្ងៃនេះ យើង​នឹង​ណែនាំ​នូវ​វិធីសាស្ត្រ​របស់​គាត់ ។

មុន​នឹង​អាន មនុស្ស​ជា​ច្រើន​នៅ​មិន​ទាន់​ជ្រាប​ថា លោក Jack Ma ជា​អ្នក​ណា ? Jack Ma គឺជា​មហាសេដ្ឋី​ចំណាត់ថ្នាក់​ទី​១ របស់​ប្រទេស​ចិន និង​ជា​ម្ចាស់​ក្រុមហ៊ុន Alibaba Group ដែល​ក្រុមហ៊ុន​នេះ​ធ្វើការ​ទាក់ទង​ជាមួយ​វែ​ប​សាយ​លក់ទំនិញ​តាម​អន​ឡាញ​ល្បីឈ្មោះ មិន​ថា​ជា Alibaba ឬ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ Ebay, Taobao, Aliexpress និង​កាន់កាប់ Lazada Group ដែល​មាននៅ​៥​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ត្រៀម​ចូល​ទីផ្សារ​អាស៊ាន​ឆាប់​ៗ​នេះ ។

វី​ដេ​អូ​ឃ្លី​ប​បាន​អធិប្បាយ​ថា នៅ​ចន្លោះ​អាយុ​នីមួយ​ៗ​មាន​វិធី​ជោគជ័យ​ខុស​ៗ​គ្នា ព្រោះ​នៅ​ដំណាក់​កាលនោះ​មានរឿង​ដែល​ត្រូវធ្វើ​ខុស​គ្នា ។ យើង​មក​មើល​ថា តើ​វិធី​សម្រេច​ជោគជ័យ​របស់​មហាសេដ្ឋី​លំដាប់​ទី​១ ប្រទេស​ចិន មាន​អ្វីខ្លះ ។

« មុន​អាយុ​២០-២៥​ឆ្នាំ មិន​ចាំបាច់​ព្រួយបារម្ភ ឬ​កង្វល់​ពី​រឿង​កំហុសឆ្គង​ទេ ។ កំហុសឆ្គង​គ្រាន់តែ​កើតឡើង​មក​ថ្មី កំហុស​ពេញលេញ​ជា​មេរៀន​ដែល​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​រូប ។ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង និង​ប្រាប់​ក្មេង​ៗ​ជា​និច្ច​ថា មុន​នឹង​ដល់​អាយុ​២០​ឆ្នាំ ចូរ​ធ្វើខ្លួន​ជា​សិស្ស​ដ៏​ល្អ ព្រោះ​វា​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ស្រូប​យកចំណេះ​ដឹង និង​សន្សំ​បទ​ពិសោធន៍​ឱ្យ​បាន​ល្អជា​ទីបំផុត » ។

សាកល្បង​គិត​មើល​ថា វ័យ​នេះ​ជា​វ័យ​ដែល​មនុស្ស​ខ្លះ​បាន​រៀន​ចប់ ឬ​ទើបតែ​រៀន​ចប់​ថ្មី​ៗ ហើយ​ចាប់ផ្តើម​ចូល​ធ្វើការ ។ រឿង​ដែល​កើតឡើង​គ្រប់​គ្នា គឺ​កំហុសឆ្គង​កើត​ពី​ការ​មិន​យល់​ដឹង និង​ខ្វះ​បទ​ពិសោធន៍ ប៉ុន្តែ​នៅ​ពេល​មាន​កំហុសឆ្គង​ហើយ អ្នក​នឹង​អាច​រៀនសូត្រ និង​មានបទពិសោធន៍​ច្រើន​ឡើង «​ដួល​ហើយ​ក្រោក​ឡើង​វិញ​» ។ ការ​ធ្វើ​បែប​នេះ​ជា​រឿយ​ៗ គ្រប់ពេល​ដែល​អ្នក​ក្រោក​ឡើងជា​ថ្មី អ្នក​នឹង​ពូកែ​ឡើង​លើស​ដើម​យ៉ាង​ពិតប្រាកដ ។

« មុន​ពេល​អាយុ​មិន​ដល់​៣០​ឆ្នាំ មិន​សំខាន់​ថា អ្នក​នឹង​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​តែ​សំខាន់ គឺ​អ្នកដឹកនាំ​របស់​អ្នកជា​អ្នក​ណា​។ អ្នកដឹកនាំ​ល្អ​នឹង​បង្រៀន​អ្នក​ឱ្យ​ស្គាល់​ការ​រៀនសូត្រ​ដែល​ខុស​គ្នា ។ ចូរ​សង្កេត​មើល​អ្នកដឹកនាំ​ល្អ ចូរ​ធ្វើ​តាម​គាត់ ចូរ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​តូច ព្រោះ​ជា​ធម្មតា ក្រុមហ៊ុន​ធំ​ៗ​នឹង​បង្រៀន​អ្នក​ឱ្យ​ស្គាល់​តែ​ក្បួនខ្នាត ឬ​ដំណើរការ​នៃ​ការ​ធ្វើការ​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​ក្លាយជា​ចំណែក​មួយ​របស់​គ្រឿងចក្រ​ខ្នាត​ធំ ។ តែ​នៅ​ពេល​ដែល​អ្នក​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​តូច​ៗ អ្នក​នឹង​បាន​រៀនសូត្រ​រហូត​ដល់​ចប់​តាម​បំណង និង​សម្រេច​ក្តី​សុបិន​របស់​អ្នក » ។

ឃ្លា​នេះ​ជា​ចំណែក​មួយ​ដែល​មនុស្ស​ភាគច្រើន​យល់​ខុស និង​បាន​បណ្តុះ​គំនិត​មករ​ហូត​ថា យើង​ធ្វើ​ការងារ​លំបាក​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​មក​ជួល​យើង តែ​នោះ​មិនមែន​ជា​អ្វី​ដែល​លោក Jack Ma ណែនាំ​ឡើយ ។

« ក្នុង​ចន្លោះ​អាយុ​៣០-៤០​ឆ្នាំ អ្នក​នឹង​ត្រូវ​ធ្វើការ​ដើម្បី​ខ្លួនឯង ដើម្បី​ភាព​ជោគជ័យ ប្រសិនបើ​អ្នក​ត្រូវការ​ក្លាយជា​សហគ្រិន » ។

បន្ទាប់​ពី​ចូល​ដល់​វ័យ​៣០​ឆ្នាំ អ្នក​នឹង​ចាប់ផ្តើម​មានបទពិសោធន៍​ច្រើន​ឡើង រហូត​ដល់​អាច​ក្លាយជា​អ្នកគ្រប់គ្រង​ដោយ​ខ្លួនឯង​បាន និង​ចាប់ផ្តើម​ធ្វើ​ការងារ​ឱ្យ​ខ្លួនឯង ដើម្បី​ធ្វើ​ឱ្យ​ជំនួញ​របស់​អ្នក​រីក​លូតលាស់​ឡើង ។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា មនុស្ស​ម្នាក់​ៗ​អាច​នឹង​មាន​គោលដៅ​មិន​ដូច​គ្នា អ្នកខ្លះ​អាច​នឹង​មិន​ត្រូវការ​ក្លាយជា​សហគ្រិន​ដោយ​ខ្លួនឯង តែ​នេះ​វា​មិនមែន​ជា​ផ្លូវ​របស់​មហាសេដ្ឋី​លំដាប់​ទី​១​ប្រទេស​ចិន ដូច​លោក Jack Ma ឡើយ ។

« វ័យ​៤០-៥០​ឆ្នាំ អ្នក​នឹង​អាច​ធ្វើការ​ងារ​ដែល​អ្នកមាន​ជំនាញ​បំផុត ចូរ​កុំទៅ​សម្លឹង​រក​ការងារ​ថ្មី​ឡើយ វា​យឺត​ពេល​ទៅ​ហើយ ។ អ្នក​អាច​នឹង​សម្រេច​ជោគជ័យ តែ​ឱកាស​ដែល​អ្នក​នឹង​បរាជ័យ​នោះ វា​ធំធេង​ពេក ។ អ្នក​អាច​ផ្តោត​លើ​អ្វី​ដែល​អ្នកមាន​ជំនាញ​ល្អ​ជាង » ។

នេះ​ជា​ពាក្យ​ដែល​យើង​ធ្លាប់​ឮ​មករ​ហូត ព្រោះ​ជា​ពាក្យ​បង្រៀន​ដែល​ជីតា​របស់​យើង​ចូល​ចិត្ត​និយាយ​ញឹកញាប់ និង​អាច​ប្រើ​បាន​ជាមួយ​មនុស្ស​គ្រប់​រូប ។ យើង​សាកល្បង​គិត​មើល​ថា នៅ​ពេល​មាន​អាយុ​៤០​ឆ្នាំ ខួរក្បាល​របស់​អ្នក​គង់​ប្រជែង​ជាមួយ​ក្មេង​ជំនាន់​ក្រោយ​មិន​បាន​ទេ​។ រឿង​ដែល​អ្នកមាន​គុណសម្បត្តិ​នោះ គឺ​ជំនាញ និង​បទ​ពិសោធន៍​ច្រើន​ក្នុង​ជំនួញ​ដែល​អ្នក​កំពុង​ធ្វើ ។ ដូច្នេះ ចូរ​ផ្តោត និង​ធ្វើ​ការងារ​របស់​អ្នក​ឱ្យ​បាន​ល្អ​បំផុត​បន្ត​ទៀត ។

ឧបមា​ថា ថ្ងៃ​ណាមួយ ការងារ​របស់​អ្នក​អាច​នឹង​មក​ដល់​ចំណុច​ចាប់ផ្តើម ឬ​ធ្លាក់​ចុះ វា​នឹង​លំបាក​បន្តិច​ដូច​ជា នៅ​ពេល​អាជីវកម្ម​ចង្ក្រាន​រីក​លូតលាស់​ខ្លាំង តែ​បន្ទាប់​ពី​មាន​ហ្គា​សម​ក​គ្របដណ្តប់ ធ្វើ​ឱ្យ​អាជីវកម្ម​ចង្ក្រាន​ដួល​រលំ និង​មិន​អាច​រក​ចំណូល​បាន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​បន្ត​ទៀត ។ បើសិនជា​កើតហេតុ​ការណ៍​បែប​នេះ​ចំពោះ​អ្នក​ក្នុង​អាយុ​៤០​ឆ្នាំ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​អាជីវកម្ម តែ​អាជីវកម្ម​ត្រូវ​ឱ្យ​ស្រ​ដៀង​នឹង​អាជីវកម្ម​លើក​មុន​ដែរ ដោយ​អ្នក​នៅ​តែ​អាច​ប្រើ​ចំណេះដឹង និង​បទ​ពិសោធន៍​បាន​ខ្លះ វា​ជា​ផ្លូវ​ចេញ​ដ៏​ល្អ​បំផុត ។

« វ័យ​៥០-៦០​ឆ្នាំ អ្នក​គួរ​ធ្វើ​ការងារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​អ្នក​ជំនាន់​ក្រោយ​នៅ​ក្មេង​វ័យ​នឹង​ធ្វើ​ការងារ​ពូកែ​ជាង​អ្នក ចូរ​ពឹងផ្អែក​លើ​ពួក​គេ ចូរ​បង្កើត​ទុន​ជាមួយ​ពួក​គេ និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​សមត្ថភាព » ។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ គឺជា​ដំណាក់​កាលដែល​អាច​ឱ្យ​មនុស្ស​ធ្វើការ​ជំនួស​អ្នក ។ ការ​ស្គាល់​ពី​ការ​គ្រប់គ្រង​មនុស្ស​មាន​សមត្ថភាព ដែល​អ្នក​គួរ​ប្រើ​ច្រើន​បំផុត​ក្នុង​វ័យ​នេះ ។
« នៅ​ពេល​អាយុ​លើស​ពី​៦០​ឆ្នាំ ចូរ​ប្រើ​ពេលវេលា​សម្រាប់​ខ្លួនឯង​យ៉ាង​ពេញលេញ » ។

ពេលវេលា​នោះ គឺជា​ពេល​ដែល​យើង​គួរតែ​សម្រាក​ឱ្យ​បាន​ច្រើន​បំផុត ដោយ​លះបង់​ការងារ​គ្រប់យ៉ាង ហើយ​ប្រើ​ជីវិត​ពោរពេញ​ដោយ​ក្តី​សុខ​តាម​អ្វី​ដែល​ត្រូវការ ដែល​នេះ​ជា​ជោគជ័យ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត ។

ការ​ទទួល​ជោគជ័យ​គ្រប់​រឿង​ទាំងអស់ គឺជា​រឿង​លំបាក​មួយ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ផ្លូវ​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នោះ គឺ​អាច​សាកល្បង​តាម​គំនិត​របស់​លោក Jack Ma ហើយ​ភាព​ជោគជ័យ​នឹង​នៅ​មិន​ឆ្ងាយ​ខ្លាំង​ពេក ៕