តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​ការ​ផ្គត់ផ្គង់​លើ​ពិភពលោក​លើស​តម្រូវការ

ញូ​វ​យ៉​ក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ដែល​ប្រេង​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ថ្លៃ​ក្រោម​៤០​ដុល្លារ​ក្នុង​១​បារ៉ែល​ជា​លើក​ដំបូង​ចាប់តាំងពី​មេ​សា​មក ខណៈ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទិន្នផល​នៃ​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) បាន​ឈាន​ដល់​កម្រិត​ខ្ពស់​កាលពី​ខែ​មុន ។

យោង​តាម​របាយការណ៍​មួយ​របស់​ភ្នាក់ងារ Reuter ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ដឹង​ថា ផលិតកម្ម​របស់ OPEC ក្នុង​ខែកក្កដា ហាក់ដូចជា​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​ក្នុង​កំណត់​ត្រា​ថ្មី​ចុង​ក្រោយ​នេះ ខណៈ​ប្រទេស​អីុ​រ៉ា​ក់បាន​បូម​ប្រេង​ច្រើន​ជាង​មុន និង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក៏​បាន​នាំ​ចេញ​ប្រេង​ឆៅ​បន្ថែម​ទៀត បើ​ទោះជា​ក្នុង​ប្រទេស​រង​ការ​វាយប្រហារ​ពី​ក្រុម​សកម្មប្រយុទ្ធ​លើ​ការ​ដំឡើង​អណ្តូងប្រេង​ក្តី ។

ទន្ទឹម​គ្នា​នេះ​ដែរ ស្ថានីយ​កំពុង​ដំណើរការ​ក្នុង​សហរដ្ឋអាមេរិក​បាន​បន្ថែមចំនួន​៤៤​ទីតាំង​ផ្សេង​ទៀត​ក្នុង​ខែកក្កដា​កន្លង​ទៅ ហើយ​វា​ជា​ខែ​មួយ​ដែល​មានការ​បន្ថែម​ស្ថានីយ​ច្រើន​ជាងគេ ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៤​មក ។ នេះ​បើ​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​សេវាកម្ម Baker Hughes ។

តម្រូវការ​ប្រេង​ឆៅ​ក៏​ត្រូវ​បាន​កំណត់​ការ​ថយ​ចុះ​ផង​ដែរ​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​ក្រោយ​ទៀត​។ រោងចក្រ​ចម្រាញ់​ប្រេង​របស់​សហរដ្ឋអាមេរិក ជា​ធម្មតា​បាន​កាត់​បន្ថយ​អត្រា​ដំណើរការ​របស់​ខ្លួន​ទៅ​តាម​រដូវ​កាល​នីមួយ​ៗ ខណៈ​ឥឡូវនេះ រដូវក្តៅ​កាន់តែ​ជិត​កន្លង​ផុត ។

តម្លៃ​ប្រេង​ឆៅ The West Texas Intermediate សម្រាប់​ចែកចាយ​ក្នុង​ខែកញ្ញា បាន​ធ្លាក់​ចុះ​ចំនួន​១,៥៤​ដុល្លារ មក​ត្រឹមតែ​៤០,០៦​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​បារ៉ែល​នៃ​ផ្សារ​ហ៊ុន​ក្រុង​ញូ​វ​យ៉​ក ខណៈ​ប្រេង​ឆៅ​ប្រភេទ Brent Crude សម្រាប់​ចែកចាយ​ក្នុង​ខែតុលា ក៏​បាន​ធ្លាក់​ចុះ​ចំនួន​១,៣៩​ដុល្លារ​ផង​ដែរ មក​ត្រឹម​៤២,១៤​ដុល្លារ​ក្នុង​១​បារ៉ែល​នៃ​ផ្សារ​ហ៊ុន​ទីក្រុង​ឡុ​ង​ដ៍ ៕